ប្រទេសវៀតណាម៖ កាលពីថ្ងៃអង្គារ ប្រទេសវៀតណាម បានបណ្តេញចេញពីតួនាទីនិងចាប់ខ្លួន រដ្ឋមន្ត្រីសុខាភិបាល លោក ឡុង (Nguyen Thanh Long) និងប្រធានទីក្រុងហាណូយ លោក Chu Ngoc Anh ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឡុង ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់របស់បក្សកុម្មុយនិស្ត ហើយត្រូវបានចោទប្រកាន់ថា បានធ្វើឱ្យខាតបង់ថវិការដ្ឋ។
ការបណ្តេញរដ្ឋមន្ត្រីនេះ កើតឡើងចំពេលមានការជំរុញប្រឆាំងអំពើពុករលួយកាន់តែខ្លាំងក្នុងប្រទេសវៀតណាមដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១៦។
មន្ត្រីសុខាភិបាលជាន់ខ្ពស់រាប់សិបនាក់ត្រូវបានចាប់ខ្លួនផងដែរ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយចោទប្រកាន់ពីបទប្រព្រឹត្តខុសក្នុងលទ្ធកម្មឧបករណ៍វេជ្ជសាស្ត្រ រួមទាំងឧបករណ៍ធ្វើតេស្ត COVID-19 ផងដែរ។ មន្ត្រីហិរញ្ញវត្ថុ និងមន្ត្រីការទូតជាន់ខ្ពស់ក៏ត្រូវបានគេកំណត់គោលដៅដែរ ហើយមនុស្សជាច្រើនបានប្រឈមមុខនឹងការកាត់ក្តី និងត្រូវជាប់គុក។
រដ្ឋសភា ដែលជាស្ថាប័នតំណាងរាស្រ្តរបស់ប្រទេសនេះ បានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីដកលោក ឡុង អាយុ 55 ឆ្នាំចេញពីមុខតំណែងជារដ្ឋមន្ត្រីសុខាភិបាល ដែលគាត់បានចូលកាន់តំណែងក្នុងឆ្នាំ 2020 នេះបើយោងតាមវិទ្យុសម្លេងវៀតណាម។
រដ្ឋាភិបាលបាននិយាយថា លោក ឡុង បាន«បន្ទាបបន្ថោកមនោគមវិជ្ជានយោបាយ បំពានបទប្បញ្ញត្តិរបស់គណបក្ស និងបណ្ដាលឲ្យខាតបង់ថវិការដ្ឋ»។
នៅថ្ងៃដដែល ប្រធានទីក្រុងហាណូយ លោក អាញ់ (Chu Ngoc Anh) ត្រូវបានចាប់ខ្លួនពីបទគ្រប់គ្រងមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងការក្លែងបន្លំឧបករណ៍ធ្វើតេស្ត Covid-19 ប៉ុន្មានម៉ោងបន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីតំណែង៕