រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ”តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)” ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ជាគណៈអធិបតី បានប្រព្រឹត្តិទៅនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២  

តាមរយៈអនុស្សរណៈនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងសហការគ្នាដើម្បីពិនិត្យលទ្ធភាពប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដែលជាថ្នាលចែករំលែកទិន្នន័យអត្តសញ្ញាណសាធារណជន សម្រាប់យកមកផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនជាឌីជីថល និងមានការចែករំលែកបទពិសោធន៍ទៅវិញទៅមកក្នុងទិដ្ឋភាពបច្ចេកទេសនិងធុរកិច្ច៕