បង្កើតក្ដីស្រម័យ ដោយចាប់ផ្ដើមពីថ្ងៃនេះ ជាមួយនឹងការបង្កើតក្ដីប្រាថ្នាសម្រេចបាន សម្រាប់រយៈពេលខ្លី និងជួយធ្វើឱ្យចិត្តអ្នកចង់បង្កើតក្ដីស្រមៃ សម្រាប់អនាគតដែលត្រូវការប្រើពេលយូរ ប៉ុន្តែអ្នកមិនហត់នឹងការរងចាំ ឱ្យក្ដីសម្រមៃនោះក្លាយជាការពិត។ ទាំងនេះជាទិចនិចសាមញ្ញខ្លះៗ សម្រាប់បង្កើតក្ដីស្រមៃ៖

១.អានសៀវភៅ

ការអានសៀវភៅរៀងរាល់ថ្ងៃ ដោយមួយថ្ងៃអានចំណាយពេលអានត្រឹមតែ១៥-២០នាទី ជួយបណ្ដុះគំនិតផ្នែកស្មារតី និងការតាំងចិត្តបន្តិចម្ដងៗ រហូតដល់អ្នកមានគំនិតចង់មានក្ដីស្រមៃមួយ ដើម្បីទុកធ្វើឱ្យបានសម្រេចនៅក្នុងពេលអនាគត។ ម្យ៉ាងទៀតត្រូវអានសៀវភៅណាដែលជម្រុញទឹកចិត្ត លើកទឹកចិត្ត ជាពិសេសសៀវភៅបង្កើតក្ដីស្រមៃ និងសៀវភៅរបស់បុគ្គលជោគជ័យ។ ភាគច្រើន អ្នកសរសេនឹងរៀបរាប់ពីជីវិតអតីតកាលរបស់គាត់មុនពេលជោគជ័យដូចបច្ចុប្បន្ន ដូច្នេះហើយអ្នកអានជារៀងរាល់ថ្ងៃ និងបង្កើតផ្នត់គំនិតមួយធ្វើឱ្យអ្នកចេះមានក្ដីស្រម័យដែរ។

២.កំណត់ត្រា

សៀវភៅកំណត់ត្រាជាប្រចាំថ្ងៃមួយរបស់អ្នក អាចធ្វើឱ្យអ្នកចេះចង់កត់ត្រា ចង់ចំណាំ និងសរសេពីកិច្ចការដែលអ្នកបានធ្វើល្អ ឬមិនល្អក្នុងថ្ងៃនេះ ព្រមទាំងចេះចង់បង្កើតគោលដៅសម្រាប់ធ្វើឱ្យសម្រេចក្នុងថ្ងៃនេះ ថ្ងៃស្អែក សប្ដាហ៍បន្ទាប់ ខែក្រោយ ឬឆ្នាំក្រោយជាដើម។ សរសេកំណត់ត្រាបែបនេះមិនយូរមិនឆាប់ អ្នកប្រាកដជាអាចនឹងឃើញ គោលដៅមួយសម្រាប់កំណត់ថាត្រូវធ្វើឱ្យបានសម្រាប់អនាគត អាច៥ឆ្នាំ ឬក៏ច្រើនជាងនេះ តាមទំហំក្ដីស្រម័យ និងការខិតខំរបស់ខ្លួនផ្ទាល់។

៣.ជួបមនុស្សឱ្យបានច្រើន

មនុស្សជាប្រភពនៃចំណេះដឹង អ្នកអាចរៀនបានពីអ្នកដែលនៅជុំវិញខ្លួន។ ជួបមនុស្សកាន់តែច្រើន កាន់តែធ្វើឱ្យអ្នកទទួលបានបទពីសោធន៍ថ្មី ពីមនុស្សទាំងនោះ ដោយមនុស្សដប់មានបទពិសោធន៍ដប់សម្រាប់ឱ្យអ្នកបានយល់ដឹងបន្ថែម។ ការជួបគ្នានិយាយពីបទពិសោធន៍ជីវិត និងការមានក្ដីស្រមៃរបស់អ្នកគ្រប់គ្នា ជាថាមពលចិត្តមួយ ធ្វើឱ្យអ្នកចង់បង្កើតក្ដីស្រមៃជាក់លាក់មួយសម្រាប់ខ្លួនឯង។

៤.ស្ដាប់ការណែនាំ

ក្នុងជីវិតអ្នកប្រាកដជាធ្លាប់បានស្ដាប់ការណែនាំជាច្រើនដែលធ្វើឱ្យមានអារម្មណ៍ធុញទ្រាន់ ដូចជាការណែនាំពីលោកគ្រូ អ្នកគ្រូបង្រៀន ការណែនាំពីមនុស្សចាស់ជាដើម។ ប៉ុន្តែនៅពេលអ្នកចាស់ចិត្តចាស់គំនិតបន្ដិចអ្នកប្រាកដជាចង់ស្ដាប់ការណែនាំ ហើយនឹងមានសំណួរជាច្រើនដែលអ្នកមិនធ្លាប់ឆ្ងល់ពីមុនមក សួរត្រឡប់ទៅកាន់គាត់វិញជាក់ជាមិនខាន។ 

ការស្ដាប់ធ្វើឱ្យមានអារម្មណ៍ម្យ៉ាង គឺការដឹង និងទទួលបាន ដូច្នេះហើយស្ដាប់កាន់តែច្រើន អ្នកនឹងបានដឹងកាន់តែច្រើន ជាពិសេសស្ដាប់អ្នកដែលមានបទពិសោធន៍ជាង ឬអ្នកដែលមានអាយុច្រើនជាង ធ្វើឱ្យអ្នកដឹងរឿងដែលយើងអាចនឹងត្រូវឆ្លងកាត់ពេលខាងមុខ។

៥.ចែករំលែកចំណេះដឹង

ចំណេះដឹងមិនដូចលុយទេ លុយចាយកាន់តែច្រើនកាន់តែអស់ ប៉ុន្តែចំណេះដឹងចាយកាន់តែច្រើន កាន់តែកើនឡើង។ ដូច្នេះហើយអ្នកត្រូវតែចែករំលែកចំណេះដឹង ទៅកាន់អ្នកដែលត្រូវការ ដើម្បីជួយឱ្យអ្នកបានបទពិសោធន៍ផ្សេងៗត្រឡប់មកវិញ ធ្វើឱ្យអ្នកកាន់តែ ទទួលបានគំនិតល្អៗ និងថ្មីៗពីមនុស្សជុំវិញខ្លួន។

ទិចនិចទាំងប្រាំខាងលើនេះ អ្នកអាចសាកល្បងបានដើម្បីមានក្ដីស្រមៃមួយសម្រាប់ជួយឱ្យអ្នកព្យាយាមធ្វើឱ្យបានសម្រេចតាមការដាក់គោលដៅរបស់អ្នកទៅពេលអនាគត។ ម្យ៉ាងទៀតគោលដៅ ក៏ជាហេតុផលដែលមនុស្សតែងខិតខំប្រឹងប្រែង ដើម្បីដើរដល់ចំណុចមួយដែលអ្នកចង់បាន៕