រាជធានីភ្នំពេញ៖ ក្នុងស្ថានភាពនៃវិបត្តិជាសកល ជាពិសេសការរីករាលដាលនៃជំងឺកូវីដក្នុងប្រទេសកម្ពុជា បានក្លាយជាឧបសគ្គមួយសម្រាប់ការដឹកជញ្ជូន។ ដោយឡែកការប្រមូលចំណូល ចំណូលពីពន្ធគយ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ សម្រេចបាន៦១៤.៨ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។
ទិន្នន័យបូកសរុបការងារ ប្រចាំត្រីមាសឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងខែមីនា ឆ្នាំ២០២១ អគរ ប្រមូលចំណូលបាន ៨៥៥.៩ ប៊ីលានរៀល (ស្មើនឹង ២១១.៣ លានដុល្លារអាមេរិក) ថយចុះប្រមាណ ៤.៧% បើធៀបនឹងខែមីនា ឆ្នាំ២០២០ ។
ដោយឡែក ចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ។ លទ្ធផលប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន២៦% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
ចំណូលប្រចាំត្រីមាសទី១ ឆ្នាំ២០២១ នេះ បើគិតតាមប្រភេទពន្ធនិងអាករនោះ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៩៣០.៧ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៤%នៃចំណូលសរុប), អាករពិសេសមាន ៩៥៨ ប៊ីលានរៀល (ត្រូវជា ៣៨.៥%នៃចំណូលសរុប), ពន្ធគយមាន ៤៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៧.៨%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ១០៦.៧ ប៊ីលានរៀល (ត្រូវជា ៤.៣%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៥១ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។
បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,០៨៣.៣ ប៊ីលានរៀល គ្របដណ្តប់ ៤៣.៥% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ៦៨២.៣ ប៊ីលានរៀល ត្រូវជា ២៧.៤%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ៥៦៨.៣ ប៊ីលានរៀល ស្មើនឹង ២២.៨% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ១៥៥.៩ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប ។