សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅ​ក្នុង​អាពាហ៍​ពិពាហ៍​​ដ៏​ស្មោះ​ត្រង់​បុរសនិង​ស្ត្រី​រមែង​គិត​គូរ​​អំពី​ភាព​ជា​ដៃ​គូ​ច្រើន​​ជាង​ពួក​គេ​គិត​គូរ​អំពី​ខ្លួន​​ពួក​គេ​ផ្ទាល់​។​​ ហើយ​អាពាហ៍​ពិពាហ៍​គឺ​​ប្រៀប​ដូច​ជា​កង់​ដែល​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ពីរ​នាក់​ជិះ​បន្ត​ដំណើរ​រួម​គ្នា​ទៅ​មុខ​។ហើយ​​ទន្ទឹម​នឹង​នោះ ដំណើរ​ជីវិត​គូ​តែង​​ជួបភាព​ក្តៅ​ ត្រជាក់​ខ្លះចៀស​មិន​ផុត។ ដូច​នេះការ​ចេះ​ស្វែង​យល់​ពី​ការ​ថែ​រក្សា​ដំណើរ​​ជីវិត​គូឱ្យ​​​ឆ្លង​ឧបសគ្គ​ទាំង​នោះជា​រឿង​​មួយ​គួរ​តែ​ត្រៀម​ផង​ដែរពិសេស​​គូ​ស្រករ​រៀប​ការ​ថ្មី​ៗ ដែល​អាច​សង្កេត​​រៀន​សូត្រ​ពី​បទ​ពិសោធ​អ្នក​មុន​ៗ ហើយ​ចំណុច​ដែល​រក្សា​​ចំណង​ជីវិត​ពាហ៍​ពិពាហ៍​​បាន​ជោគ​ជ័យ​នោះ​គឺ​បាន​បង្ហាញ​ជា​បទ​ពិសោធ​ដូច​ខាង​ក្រោម​៖

ជីវិត​អាពាហ៍​ពិពាហ៍​៖ អារម្មណ៍​សុខ​សាន្ត និង​ត្រេក​ត្រអាល​ចេញ​មក​ពី​សេចក្តី​ខិត​ខំ​ទៅ​វិញ​ទៅ​មក​។ សេចក្តី​មិន​អត់​ធ្មត់និង​សេចក្តី​មិន​យោគ​យល់​គ្នាបង្ក​ឱ្យ​មាន​​បញ្ហា​ក្នុង​សង្គម​គ្រួសារ​ភាគ​ច្រើន​។ប្រពន្ធ​មិន​មែន​ជា​ទាសី​សម្រាប់​ប្តី​របស់​នាង​ទេ។ នាង​សក្តិ​សម​នឹង​ទទួល​បាន​សេចក្តី​គោរព​ស្មើ​ភាព​គ្នាថ្វី​បើ​ប្តី​មាន​ភារកិច្ច​ជា​អ្នក​រក​ប្រាក់​កាស​ចិញ្ចឹម​គ្រួសារ​ក៏​ដោយ។ ការ​ជួយ​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​នៅ​ផ្ទះ​មិន​មែន​មាន​ន័យ​​ថា​កាត់​បន្ថយ​ភាព​ជា​បុរស​របស់​ប្តី​ទេ។​

ម្យ៉ាង​វិញ​ទៀតប្រពន្ធ​ឆ្នាស់​​ មិន​គួរ​រិះ​គន់​ ឬ​រអ៊ូរ​រទាំ​ដាក់​ប្តីនៅ​ពេល​ប្តី​មាន​ចំណុច​ខ្វះ​ខាត​នៅ​ឯ​ផ្ទះហើយ​ក៏​មិន​​គួរ​មាន​សេចក្តី​សង្ស័យ​មិន​ជឿ​ទុក​ចិត្ត​​ប្តី​របស់​នាង​ជួយ​ឱ្យ​អាពាហ៍​ពិពាហ៍​​មាន​សុភមង្គល​​នោះ​ដែរ។ ប្រសិន​បើ​ប្តី​របស់​នាង​មាន​ចំណុច​ខ្វះ​ខាត​នាង​គួរ​តែ​កែ​តម្រូវ​​គាត់ដោយ​ពាក្យ​សម្តី​ផ្អែម​ល្ហែម​​ប៉ុណ្ណោះនឹង​ជួយ​ធ្វើ​ឱ្យ​ប្តី​មើល​ឃើញ​ពន្លឺ​ត្រូវ​ឡើង​វិញ​។ ប្រពន្ធ​ត្រូវ​ចេះ​អត់​ឱន​​ឱ្យ​ប្តីចំណែក​ប្តី​ក៏​ត្រូវ​ប្រព្រឹត្ត​ល្អ​ដាក់​ប្រពន្ធ​​វិញ​ផង​ដែរ។​

Image

អាពាហ៍​ពិពាហ៍​​គឺ​ជា​មង្គល​មួយ​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បង្វែរ​ ឬ​ប្រែ​ក្លាយ​​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គេ​ទៅ​ជា​ភាព​អពមង្គល​ទៅ​វិញ។ ភាព​ក្រ​ខ្សត់មិន​មែន​ជា​មូល​ហេតុ​នៃ​ជីវិត​អាពាហ៍​ពិពាហ៍​​​អពមង្គល​​ទេ។ ប្តីនិង​​ប្រពន្ធ​ទាំង​ពីរ​នាក់​ត្រូវ​ចេះ​ចែក​រំលែក​​សេចក្តី​សប្បាយនិង​ទុក្ខ​ព្រួយ​កើត​​មក​ពី​​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​​ជីវិត​​រាល់​​ថ្ងៃ​របស់​ខ្លួន​។ សេចក្តី​យោគ​យល់​​គ្នា​ទៅ​វិញ​ទៅ​មកជា​កូន​សោ​នៃ​ជីវភាព​គ្រួសារ​មាន​សុភមង្គល​។

ប្រភព​៖ព្រះ​តេជ​គុណ​បណ្ឌិត ក.ស្រី​ធម្មានន្ទ