សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ជីវិត​ជា​ប្តីប្រពន្ធ ប្រៀប​ដូច​អ្នក​រួម​ដំណើរ​ជីវិត​រួម​គ្នាដែល​ទោះ​បី​ពេល​ខ្លះ​នឹង​ជួប​រឿង​សប្បាយ រឿង​​​ទុក្ខ​ ភាព​នឿយ​ណាយ​ខ្លះ​ក្នុង​ជីវិត​ចៀស​មិន​​រួចរឿង​បញ្ហា​ត្រូវ​ប្រឈម​ តែ​ក៏​នៅ​ចេះ​យក​ចិត្ត​ទុក​ដាក់ និង​​ចេះ​ស្វែង​រក​វិធី​​រស់​នៅ​ជា​មួយ​គ្នា​ប្រកប​ដោយ​សុភមង្គល​។ យ៉ាង​ណា​មិញវា​ក៏​ត្រូវ​ការ​​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ដោយ​អ្នក​ទាំង​ពីរ ពោល​គឺ​ប្តីនិង​ប្រពន្ធ​ ដែល​ជា​អ្នក​បង្កើត​ភាព​រីក​រាយ​សាមគ្គី​ លើក​ទឹក​ចិត្ត​គ្នានិង​ចំណាយ​ពេល​វេលា​ជា​មួយ​គ្នាដែល​​ចំណុច​ទាំង​នោះ​ត្រូវ​បាន​គូ​​​​ស្វាមី​ភរិយា ជា​អ្នក​មាន​បទ​ពិសោធន៍​មុន​ៗ​​​បង្ហាញ​​ថា​ជា​កូន​សោ​រក្សា​​ចំណង​ជីវិត​អាពាហ៍​ពិពាហ៍​​ឱ្យ​ស្រស់​ថ្លា​រហូតដែល​​ចំណុច​​ទាំង​នោះ​មាន​ដូច​​ជា​៖

  • ចេះ​គោរព​ ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​សរសើរ​ លើក​ស្ទួយ និង​ផ្តល់​កិត្តិ​យស​ឱ្យ​គ្នា ឧទាហរណ៍​​​ប្តី ឬ​ប្រពន្ធ​សម្រេច​​កិច្ច​ការ​អ្វី​មួយ ត្រូវ​ចេះ​អបអរ​ និង​លើក​ទឹក​ចិត្ត​គ្នា​ ដែល​នេះ​ជា​ហេតុ​ដឹក​នាំ​ឱ្យ​គ្រួសារ​ទាំង​មូល​រីក​ចម្រើន​ទៅ​មុខ​ ក៏​ដោយ​សារ​ការ​ចេះ​យល់​ចិត្ត​ ជ្រោម​ជ្រែង​កិច្ច​ការ​ជា​រួម​នេះ​។​

  • ចេះ​ផ្តល់​ភាព​កក់​ក្តៅ និង​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​គ្នា មាន​​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​យ៉ាង​ជ្រាល​ជ្រៅ មិន​ថា​​សកម្មភាព​តូច​ៗ ឬ​​​កិច្ច​ការងារ​ធំ​​នោះ​ទេ សកម្មភាព​ទាំង​នោះ​រាប់​ទាំង​ការ​ដឹង​ថា​ដៃ​គូ មាន​ចំណូល​ចិត្ត​អ្វី ចង់​បាន​អ្វី ឬ​មាន​ចំណុច​ខ្វះ​ខាត​ណា​ខ្លះ​ដែល​​គួរ​ជួយ​រំលឹក​ប្រាប់​​ និង​ផ្តល់​នូវ​អំណោយ​​តាម​លទ្ធភាព​​ជា​ការ​ប្រសើរ​ផង​ដែរ​ដែល​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​​។ ​

  • ផ្តល់​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត មិន​ប្រើ​ហិង្សា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ត្រូវ​ចេះ​បង្កើត​បរិយាកាស​រីក​រាយ​នៅ​ក្នុង​គ្រួសារ​​វិញ​។​

  • ចេះ​អធ្យា​ស្រ័យ​ឱ្យ​គ្នា​ (ពេល​មាន​កំហុស) មើល​រំលង​រឿង​ខុស​ត្រូវ ងាក​មក​អភ័យ​ទោស។​

  • មាន​ភាព​ស្មោះ​ត្រង់​ មិន​ផិត​ក្បត់​គ្នា មិន​មែន​យក​គ្នា​ជា​ស្វាមី​ ឬ​ភរិយា ហើយ​ទៅ​សម្លឹង​មើល​អ្នក​ទី​បី ឬ​លួច​លាក់​​មាន​អ្នក​ថ្មី ដែល​ជា​គំរូ​មិន​ល្អ ហើយ​ងាយ​នឹង​បែក​បាក់​គ្រួសារ រក​សុខ​មិន​ឃើញ​។ ​

  • មាន​ផែន​ការ​គ្រួសារ​ច្បាស់​លាស់​ (ចេះ​ចិញ្ចឹម​បី​បាច់ និង​គ្រប់​គ្រង​កូន​ចៅ) ចេះ​គ្រប់​គ្រង​សេដ្ឋ​កិច្ច​​​គ្រួសារ និង​មាន​ការ​ចំណាយ​ដោយ​សន្សំ​សំចៃ គាំទ្រ​លើក​ទឹក​ចិត្ត​គ្នា។​

  • ចេះ​ជួយ​ដោះ​ស្រាយ​ពេល​មាន​បញ្ហា​កើត​ឡើង​រួម​គ្នា ទទួល​ខុស​ត្រូវ​រួម​គ្នា​ ធ្វើ​ការ​ពិចារណារ​ និង​ពិភាក្សា​​គ្រប់​ជ្រុង​ជ្រោយ​ មុន​សម្រេច​ចិត្ត​ និង​​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​រួម​គ្នា​។ មាន​ពេល​ខ្លះ​​មាន​ការ​គិត​ខុស​គ្នា តែ​គោរព​ការ​សម្រេច​ចិត្ត និង​កាន់​ដៃ​គ្នា​​(ចេះ​ជួយ​​កម្លាំង​​ចិត្ត​គ្នា)។                                                                                                                           Image

  • និយាយ​ណែ​នាំ​​ប្រាប់​កំហុស​ ដោយ​មេត្តា និង​ជួយ​កែ​លម្អ ហើយ​មិន​គួរ​​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដាក់​គ្នា ដែល​មិន​មែន​ជា​លក្ខណៈ​​អ្នក​ដឹក​នាំ​គ្រួសារ ហើយ​​ដែល​បង្ក​ជា​ការ​អាក់​អន់​ចិត្ត​គ្នា​ទៅ​វិញ​។ គួរ​រិះ​រក​វិធី​កែ​លម្អ​គ្នា ឱ្យ​ប្រសើរ​ឡើង​វិញ។​

  • ចេះ​ផ្តល់​ក្តី​ស្រឡាញ់​​ គោរព​សមាជិក​ក្រុម​គ្រួសារ​ទាំង​សង​ខាង ដែល​មាន​ន័យ​ថា​​មិន​លម្អៀង​ទៅ​រក​​ញាតិ​តែ​ម្ខាង ត្រូវ​ចេះ​ផ្តល់​តម្លៃ​​ញាតិ​ទាំង​ប្តី ប្រពន្ធ​​​​​​​​ស្មើ​គ្នា គោរ​ព​និង​ឱ្យ​តម្លៃ​ពួក​គេ​សម​ស្រប​ទៅ​តាម​គុណ​ធម៌​ដែល​ត្រូវ​មាន​។

  • មាន​ពេល​វេលា​ខ្លះ​ជា​មួយ​គ្នា ដើរ​​កម្សាន្ត​ខ្លះ ដែល​មាន​ន័យ​ថា ទោះ​បី​ការងារ​​មាន​ត្រូវ​ធ្វើ ត្រូវ​រក​ស៊ី​ដើម្បី​ជីវភាព​គ្រួសារ តែ​ក៏​មិន​គួរ​ភ្លេច​សមាជិក ដែល​ជា​គូ​ជីវិត​នេះ​ដែរ។ មាន​ពេល​ខ្លះ​សម្រាប់​គ្នា ទៅ​ដើរ​លេង​កម្សាន្ត​ជា​មួយ​គ្នា ចំណាយ​ពេល​វេលា​ជា​មួយ​គ្នា ដែល​រឹត​តែ​បង្កើន​ចំណង​សុភមង្គល​ និង​ភាព​រីក​រាយ​ជាប់​ជា​និច្ច និង​បង្កើន​បរិយាកាស​ថ្មី​ៗ ដែល​មិន​បង្ក​ភាព​ធុញ​ទ្រាន់​។ ​

  • បង្ហាញ​ក្តី​ស្រលាញ់​ដោយ​សកម្មភាព​ ហើយ​ពេល​ខ្លះ​និយាយ​ពាក្យ​ថា​ស្រឡាញ់​​យូរ​ៗ​ម្តង​ក៏​បាន។​

  • ពេល​ខ្លះ​ជួយ​អ្វី​មិន​បាន តែ​យ៉ាង​ហោច​ណាស់​​ត្រូវ​នៅ​ក្បែរ​គ្នា​ជា​និច្ច។​​

  • ទោះ​ពេល​ខ្លះ នៅ​ជា​មួយ​គ្នា​រាល់​ថ្ងៃ តែ​គួរ​​សុខ​ទុក្ខ​​គ្នា​ខ្លះ ថ្ងៃ​នេះ​យ៉ាង​​ណា​​ដែរ?

  • ចិត្ត​ល្អ​ដាក់​គ្នា​គ្រប់​កាលៈ​ទេសៈ។

​ទាំង​នេះគឺ​ជា​ឧទាហរណ៍​​ខ្លះ​ៗ​ដែល​គូ​ស្រករ​មុន​ៗ បាន​ចែក​រំលែក​ដើម្បី​ជា​ទ្រព្យ​សុភមង្គល​សម្រាប់​គ្រួសារ​​រវាង​ប្តី​និង​ប្រពន្ធ ហើយ​ចំណុច​ទាំង​នេះក៏​ត្រូវ​ការ​ការ​ចូល​រួម​ចំណែក​រវាង​​អ្នក​ទាំង​សង​ខាង​បង្កើត​ឡើង​ដើម្បី​ឱ្យ​ជីវិត​គ្រួសារ​នោះ​​​នៅ​តែ​ស្រស់​បំព្រង​​ត​ទៅ​មុខ​មិន​ចេះ​នឿ​យ​ណាយ៕