(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ លើគម្រោង «ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ទេសចរណ៍ក្នុងបរិបទវិបត្តិកូវីដ-១៩» ដើម្បីជួយឱ្យប្រជាសហគមន៍នៅតាមសហគមន៍ទេសចរណ៍នីមួយៗចេះបង្កើតអាជីវកម្មថ្មីៗដោយខ្លួនឯង និងពង្រីកអាជីវកម្មរបស់ខ្លួន ក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងរវាងឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ជាមួយលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ក្រោមអធិបតីភាពជាសាក្សីរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន ឯកឧត្ដម ថោង រដ្ឋសក្តិ បានលើកឡើងថា កិច្ចចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការងារដ៏មានសារសំខាន់ណាស់ ក្នុងការសហការគ្នាជំរុញឱ្យមានចលនាទេសចរណ៍ផ្ទៃក្នុង មុនការបើកទទួលភ្ញៀវទេសចរអន្តរជាតិពីក្រៅប្រទេស នាពេលខាងមុខ ខណៈយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏កំពុងប្រព្រឹត្តទៅយ៉ាងរលូនផងដែរ ពិសេសគឺការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។
ឯកឧត្ដមអគ្គនាយកបានបញ្ជាក់ថា នៅជំហានដំបូងនេះ ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរបានឯកភាពគ្នាជ្រើសរើសសហគមន៍ទេសចរណ៍ចំនួន ៥ សហគមន៍ ដើម្បីជួយអភិវឌ្ឍ ជួយបណ្ដុះបណ្ដាលទៅតាមស្ដង់ដា និងធនធានហិរញ្ញវត្ថុ ដោយសហគមន៍ទាំងប្រាំនោះស្ថិតនៅខេត្តចំនួន ៤ ក្នុងនោះរួមមាន៖
* ខេត្តសៀមរាប៖ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ក្នុងស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចង្រ្កានរយ ក្នុងស្រុកវ៉ារិន។
* ខេត្តបាត់ដំបង៖ សហគមន៍ទេសចរណ៍ទឹកធ្លាក់អូរជាំ ក្នុងស្រុកសំឡូត។
* ខេត្តពោធិ៍សាត់៖ សហគមន៍ទេសចរណ៍រាំងខ្វាវ ក្នុងស្រុកក្រវាញ។
* ខេត្តកំពង់ឆ្នាំង៖ សហគមន៍ទេសចរណ៍ស្រែអំពិល ក្នុងស្រុកទឹកផុស។
ឯកឧត្ដម ថោង រដ្ឋសក្តិ បានបញ្ជាក់អំពីមូលហេតុដែលក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរសម្រេចជ្រើសរើសសហគមន៍៍ទេសចរណ៍ទាំង ៥ ដើម្បីជួយអភិវឌ្ឍនេះ គឺដោយសារសហគមន៍ទាំងនោះមានសក្ដានុពលលើវិស័យទេសចរណ៍ពិសេសៗប្លែកៗពីគ្នា ខណៈប្រជាសហគមន៍មានការខិតខំយ៉ាងខ្លាំងក្នុងការរៀបចំសហគមន៍របស់ខ្លួន ក៏ប៉ុន្តែកន្លងមកសហគមន៍ទាំងនោះមិនទាន់មានការជួយជ្រោមជ្រែងឱ្យបានខ្លាំងក្លាពីក្រសួង-ស្ថាប័នផ្សេងនៅឡើយ។ ម្យ៉ាងវិញទៀត សហគមន៍ទេសចរណ៍ទាំងប្រាំនេះ ក៏ស័ក្តិសមបំផុតសម្រាប់ការទទួលភ្ញៀវទេសចរក្នុងបរិបទវិបត្តិកូវីដ១៩ផងដែរ។