ភ្នំពេញ ៖ វិស័យសំណង់ និងគម្រោងសាងសង់អគារពាណិជ្ជកម្មធំៗ ដែលកំពុងទទួលរងនូវផលប៉ះពាល់ដោយសារតែវិបត្តិជាសាកលនាពេលបច្ចុប្បន្ន អាចត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញបាន គឺអាស្រ័យទៅលើកត្តាសេដ្ឋកិច្ចនៅកម្ពុជាទាំងស្រុង ថាតើអាចស្រោចស្រង់សេដ្ឋកិច្ច ឱ្យមានភាពល្អប្រសើរឡើងវិញបាននៅពេលណា។ 

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance បានមានប្រសាសន៍ប្រាប់ភ្នាក់ងារព័ត៌មាន Krama Post ថា នៅក្នុងវិស័យអចលនទ្រព្យត្រូវបានគេបែងចែកប្រភេទ និងផ្នែកផ្សេងៗពីគ្នា ហើយផ្នែកនីមួយៗក៏ទទួលរងនូវផលប៉ះពាល់មិនដូចគ្នានោះដែរ។ 

លោក ឡុង គឹមសួគ៌ បានបញ្ជាក់យ៉ាងដូច្នេះថា “វាមានផ្នែកផ្សេងៗពីគ្នា ហើយការទទួលរងនូវផលប៉ះពាល់ក៏មានកម្រិតខុសគ្នាដែរ មានផ្នែកខ្លះប៉ះពាល់ខ្លាំង ដែលត្រូវចំណាយពេលយូរទម្រាំអាចមានភាពល្អប្រសើរឡើងវិញបាន ហើយផ្នែកដទៃទៀតប៉ះពាល់តិចតួច និងអាចមានលទ្ធផលវិលទៅរកភាពល្អប្រសើរឡើងវិញក្នុងរយៈពេលខ្លី”។ 

លោកបន្តថា “ទីផ្សារដីធ្លីក្នុងទ្រង់ទ្រាយតូច ឬសម្រាប់សាងសង់លំនៅដ្ឋាន និងសម្រាប់ការអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយ វាស្រដៀងគ្នាទៅនឹងទីផ្សារលំនៅដ្ឋានផ្ទាល់ដីដែលមានតម្លៃសមរម្យដែរ ដែលមិនសូវប៉ះពាល់ធ្ងន់ធ្ងរនោះទេ ព្រោះវាមានតម្រូវការជាក់ស្ដែងច្រើនពីអ្នកក្នុងស្រុក ដូច្នេះទោះជាគ្មានអ្នកវិនិយោគដែលជាជនជាតិបរទេសចូលមកកម្ពុជា ក៏ទីផ្សារទាំង២ផ្នែកនេះអាចបន្តដំណើរការបានរលូន សំខាន់ឱ្យតែសភាពការណ៍នៃការរាលដាលក្នុងប្រទេសកម្ពុជាត្រូវបានទប់ស្កាត់ជោគជ័យ មនុស្សចេញដើរវិញ នោះទីផ្សារទិញលក់ក៏ដើរវិញដែរ”។ 

ដោយឡែកពាក់ព័ន្ធការវិនិយោគ និងអភិវឌ្ឍន៍ទៅលើគម្រោងធំៗដែលមានទុនរាប់លានដុល្លារអាចដំណើរការល្អ្រសើរឡើងវិញបាននៅពេលណានោះ ត្រូវបានអ្នកជំនាញរូបនេះបញ្ជាក់ថា នៅមិនទាន់អាចសន្មត់ច្បាស់បាននោះទេថា វានឹងល្អប្រសើរនៅពេលណាឱ្យប្រាកដ បើទោះជារាជរដ្ឋាភិបាលបានត្រៀមខ្លួនក្នុងនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាជនកម្ពុជាឥតគិតថ្លៃ ខណៈដែលបណ្តាប្រទេសធំៗចាប់ផ្តើមអនុវត្តជាបណ្តើរទៅហើយក៏ដោយ។ 

លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “ទោះជានៅក្នុងប្រទេសយើងអាចបញ្ចប់ការឆ្លងរាលដាល ហើយនៅតាមបណ្តាប្រទេសនានាចាប់ផ្ដើមប្រើប្រាស់វ៉ាក់សាំងនៅឆ្នាំ២០២១ក៏ដោយ ក៏មិនអាចជំរុញឱ្យអ្នកវិនិយោគអន្តរជាតិនៅតាមប្រទេសទាំងនោះចូលមកវិនិយោគនៅកម្ពុជានោះដែរ។ ពួកគេក៏ត្រូវការពេលវេលាមួយសម្រាប់ស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេឡើងវិញបន្ទាប់ពីជួបវិបត្តិអស់រយៈពេល១ឆ្នាំ។ 

លោកបន្តថា៖ ឥឡូវយើងមើលត្រឹមតែនៅក្នុងប្រទេសកម្ពុជា មានអ្នករកស៊ី និងអ្នកវិនិយោគច្រើនណាស់ដែលជួបបញ្ហាផ្នែកហិរញ្ញវត្ថុដោយសារតែការយាយីពីវិបត្តិជាសាកលនេះ ដូច្នេះអ្នកវិនិយោគទាំងនោះក៏ដូចគ្នា ធំខាតបង់ធំ តូចខាតបង់តិច ចឹងពួកគេក៏ត្រូវការពេលវេលាដែរ ដែលខ្ញុំគិតថា គម្រោងវិនិយោគលើសំណង់អគារធំៗដែលមានតម្លៃរាបលានដុល្លារនៅកម្ពុជាអាចមានសន្ទុះឡើងវិញយ៉ាងហោចណាស់២-៣ឆ្នាំទៀត ទម្រាំស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេមានលំនឹង ហើយសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានកំណើនប្រសើរឡើងវិញ ” ៕