ភ្នំពេញ ៖ នៅក្នុងចក្ខុវិស័យដែលជាផែនការមេរបស់រាជរដ្ឋាភិបាល បានកំណត់ដាក់បញ្ចូលគោលដៅអនុវត្តន៍ថ្មីនៃការផលិតអគ្គិសនីដើរដោយថាមពលកកើតឡើងវិញ ប្រមាណ២៥ភាគរយ នៅក្នុងល្បាយថាមពលនៅត្រឹមឆ្នាំ២០៣០ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ជាក់ស្ដែង និងរួមចំណែកក្នុងការដោះស្រាយនូវបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់របស់ពិភពលោកនាពេលបច្ចុប្បន្ន។ 

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែករបស់ជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ កម្ពុជាបានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩លានតោន សមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ, វិស័យ សំណល់ និងកសិកម្ម ឬ ស្មើនឹង ១៨ភាគរយ ធៀបនឹងសេណារីយ៉ូតាមទម្លាប់ធម្មតា (Business As Usual) នៅត្រឹមឆ្នាំ២០៣០។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានធ្វើបច្ចុប្បន្នភាព ផែនការថាមពលរបស់ខ្លួន ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ បន្ថែមពីលើគម្រោងវិនិយោគលើវិស័យថាមពល ពីវិស័យឯកជន រដ្ឋាភិបាលក៏បានគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនី ក្នុងចំណែកមួយដ៏ធំ ដែលមានអនុភាពសរុប៣៦០០ មេហ្គាវ៉ាត ដោយអាចនឹងផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣០។

ស្ថិតនៅក្នុងគោលដៅខាងលើនេះ បច្ចុប្បន្នសម្រាប់វិស័យថាមពល កម្ពុជាបានគាំទ្រ និងអនុម័តលើគម្រោងស្នើសុំវិនិយោគបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាច្រើនគម្រោងជាបន្តបន្ទាប់ ស្ថិតនៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជាខេត្តព្រះសីហនុ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល បន្ទាយមានជ័យ និងខេត្តឧត្តមានជ័យជាដើម។ 

ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យស្ថិតក្នុងអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា៕