ភ្នំពេញ៖ នាព្រលឹមថ្ងៃទី ៩ កក្កដា ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារសម្លេងណែនាំ ឲ្យមានការកាន់មរណទុក្ខមួយថ្ងៃចំពោះ ការស្លាប់របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ។

ការកាន់ទុក្ខនឹងធ្វើនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ដើម្បីបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ ដែលបានបាត់បង់ជីវិតដោយការធ្វើឃាត និងជាមិត្តភក្តិដ៏ល្អចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ 

បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តមអាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។

ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់ឯកឧត្តម អាបេ ស៊ិនហ្សូ សម្តេចតេជោ បានសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។ 

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕