គម្រោងនៃការសាងសង់ ផ្ទះវីឡានិងខុនដូនៅក្នុងរាជធានីភ្នំពេញមានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកការចាប់ផ្ដើមទិញផ្ទះ ក្នុងដំណាក់កាលនៃគម្រោង អាចនឹងមានការពិបាកនិងមានភាពមិនច្បាស់លាស់ ដែលមានករណីខ្លះ ចាំបាច់ត្រូវតែទិញផ្ទះតពីគេ ដែលអាចថាជាជម្រើសមួយក្នុងការវិនិយោគ ឬសម្រាប់ការរស់នៅជាអចិន្រ្តៃយ៍។ ដូច្នេះតើមានចំណុចណាខ្លះ ដែលអ្នកត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ មុនពេលសម្រេចចិត្តទិញផ្ទះត. ពីនរណាម្នាក់ ដើម្បីឆាប់បានចំណេញនោះ៖

១.ទីតាំងផ្ទះ

ទីតាំងផ្ទះ គឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ។ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅទីតាំងដែលសមប្រកប ដោយមានមនុស្សរស់នៅច្រើន និងអាចប្រកបមុខរបរបាន នោះផ្ទះមួយខ្នង គឺពិតជាសាកសមតម្លៃខ្ពស់ជាងផ្ទះដែលមិនសូវមានមនុស្សរស់នៅច្រើនជុំវិញ។

២.មើលពីសក្តានុពលតំបន់អភិវឌ្ឍ

មុននឹងសម្រេចចិត្តទិញផ្ទះត.ពីគេ អ្នកគួរតែសិក្សាស្វែងយល់ពីតំបន់នោះ តាមរយៈសារព័ត៌មាននានា ដែលមាននៅលើបណ្តេញសង្គម និងការសាកសួរព័ត៌មានពីអ្នករស់នៅក្បែរនោះ ដើម្បីដឹងពីសន្ទុះវិវឌ្ឍក្នុងតំបន់នោះ។ប្រសិនបើអ្នកចង់ចំណេញក្នុងការវិនិយោគទិញផ្ទះ អ្នកគួរតែតាមដានផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍក្រុង ឬក៏តាមដានសន្ទុះនៃការ វិនិយោគរបស់ក្រុមហ៊ុនឯកជននានាទៅលើតំបន់។

៣.ការរចនាផ្ទះ

ការរចនាផ្ទះឬម៉ូដផ្ទះ គឺប្រៀបដូចជាការស្លៀកពាក់ ការតុបតែងកាយ និងមុខយ៉ាងដូច្នេះដែរ។ វាគឺជាសម្រស់សម្រាប់ទាក់ទាញមិនថាតែអ្នកផ្ទាល់នោះទេ គឺរួមបញ្ចូលអ្នកទិញត.ពីអ្នកផងដែរ។ ប្រសិនបើអ្នកមានបទពិសោធន៍ទិញផ្ទះនោះអ្នកប្រាកដជាដឹងច្បាស់ថា តើផ្ទះប្រភេទណាដែលមានសន្ទុះឡើងខ្ពស់ជាង ហើយប្រភេទណាពិបាកលក់ចេញ។ ក្នុងនោះផងដែរប្រសិនបើការរចនាម៉ូដផ្ទះមិនស្អាតមិនសុីវិល័យ និងមិនមានពណ៌ទាក់ទាញនោះទេ តម្លៃរបស់វាក៏នឹងឡើងផងដែរ។ 

ក្រៅពីសម្រស់រូបរាងផ្ទះខាងក្រៅ ផ្នែកខាងក្នុងក៏ជាកត្តាដ៏សំខាន់ដែលមិនអាចមើលរំលងបានដែរ។ មុននឹងទិញផ្ទះអ្នកគួរសួរខ្លួនឯងថា ពេលចូលទៅក្នុងផ្ទះ អ្នកចង់ស្នាក់នៅ ឬទេ? វាមានពន្លឺគ្រប់គ្រាន់ឬទេ? វាមានទំហំធំទូលាយដែរ ឬទេ? អ្នកមានអារម្មណ៍ស្រស់ស្រាយនោះទេ នៅក្នុងផ្ទះនោះ?  ទាំងនេះសុទ្ធតែជាកត្តាដែលជះឥទ្ធិពលដល់តម្លៃផ្ទះនៅថ្ងៃខាងមុខ។

៤.តម្លៃ

ចំពោះតម្លៃផ្ទះនីមួយៗ ដែលអ្នកចង់ទិញត.ពីគេអ្នកគប្បីសិក្សាស្វែងយល់ពីតម្លៃរបស់វា ដោយពឹងផ្នែកទៅលើការរចនាម៉ូដកម្រិតភាពថ្មីនៃផ្ទះ ភាពខូចខាតនៃផ្ទះ ទីតាំង និងតំបន់សក្តានុពលរបស់ផ្ទះ។ ដោយហេតុថាមានកត្តារួមផ្សំជាច្រើនដែលអាចធ្វើឲ្យតម្លៃផ្ទះដែលអ្នកត្រូវទិញយកមករស់នៅ ឬប្រកបមុខរបរក្នុងតម្លៃទាបឬខ្ពស់ ពោលគឺមិនមែនគ្រប់ផ្ទះទាំងអស់សុទ្ធតែមានតម្លៃទាបនោះឡើយ បើទោះបីជាវាធ្លាប់មានគេរស់នៅហើយក្តី។

៥.ភាពខូចខាតនៃផ្ទះ

ប្រាកដណាស់ថា ការដែលសម្រេចចិត្តទិញផ្ទះត.ពីគេ គឺមិនមែនជាផ្ទះថ្មីនោះឡើយ ដូច្នេះវាអាចនឹងមាន កម្រិតនៃការខូតខាតឬមិនសូវមានភាពស្រស់ស្រាយដូចផ្ទះថ្មីឡើយ ដូចស្នាមជ្រាបទឹកឬប្រេះជាដើម?។ ហេតុនេះអ្នកត្រូវប្រយ័ត្នប្រយែង និងមើលរាល់ចំណុចនីមួយៗនៃផ្ទះឲ្យបានល្អ មុនពេលដែលអ្នកសម្រេចចិត្តទិញផ្ទះត.ពីគេ។

ក្រៅពីនេះ លោកអ្នកក៏អាចពិនិត្យនូវឯកសារ ដើម្បីធានានូវភាពច្បាស់លាស់ និងស្របច្បាប់នៃទីតាំងនេះ ដោយអាចប្រើនូវភ្នាក់ងារដែលអ្នកទុកចិត្ត៕