ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំងមន្ត្រីអធិការកិច្ចសំណង់ ចំនួន ៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់ឱ្យបានកាន់តែល្អប្រសើរ និងប្រកបដោយគុណភាពនៅទូទាំងប្រទេស។

តាមរយៈសេចក្ដីប្រកាសលេខ១៤១ដនស/ប្រក/នីក ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការតែងតាំងមន្ត្រីអធិការកិច្ចសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា ដែលបញ្ជាក់ពីសមាសភាពមន្ត្រីទាំងជំនាញទាំង ៣៦២ រូប មកពីមន្ត្រីថា្នក់ជាតិរបស់ក្រសួងទាំងអគ្គនាយក និងនាយកដ្ឋាន ព្រមទាំងមន្ត្រីនៅតាមមន្ទីររាជធានីខេត្តទូទាំងប្រទេសកម្ពុជា។ 

នៅក្នុងសេចក្ដីប្រកាសស្ដីពីការតែងតាំងខាងលើនេះបានបញ្ជាក់ថា មន្ត្រីអធិការកិច្ចសំណង់ ត្រូវបំពេញភារកិច្ចដូចមានកំណត់នៅក្នុងច្បាប់ស្តីពីសំណង់ និងប្រកាសអន្តរក្រសួង ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ ស្តីពីនិតិវិធី និងបែបទនៃការធ្វើអធិការកិច្ចសំណង់។

ប្រកាសអន្តរក្រសួងលេខ ១១៨ប្រក/ដនស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ស្តីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចលើសំណង់៖

ក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍអចលនទ្រព្យអោយមានប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅ តាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើសនឹងបទប្បញ្ញាត្តិស្តីពីនគរូបនីយកម្ម និងសំណង់។ 

កាលពីពេលកន្លងទៅ ក្នុងគោលបំណងយកចិត្តទុកដាក់លើគុណភាពសំណង់ និងត្រឹមត្រូវតាមច្បាប់កំណត់ ឯឧត្តម ជា សុផារ៉ា បានជំរុញឱ្យមន្ត្រីជំនាញថ្នាក់ជាតិ និងក្រោមជាតិនៅតាមបណ្តាខេត្តក្រុងនានា ត្រូវយកចិត្តទុកដាក់ និងបន្តការចុះត្រួតពិនិត្យទៅលើរាល់គម្រោងសាងសង់សំណង់នានា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានធ្វើការព្រមានប្ដឹងទៅព្រះរាជអជ្ញារចាត់ការទៅលើម្ចាស់គម្រោង និងក្រុមហ៊ុនម៉ៅការសាងសង់សំណង់ដែលអត់ច្បាប់ផងដែរ៕