ភ្នំពេញ៖ ជាមួយនឹងដំណើរការនៃវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសំណង់គ្រប់ប្រភេទនៅក្នុងតំបន់ក្រុងក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសនៃកម្ពុជា បានជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ដីបន្តរីកទៅកាន់តំបន់បន្ទាប់ដែលស្ថិតនៅជាយក្រុងរហូតដល់ប្រមាណ៦០គីឡូម៉ែត្រ។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកវិនិយោគនិងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ លំនៅដ្ឋានបានមានប្រសាសន៍ប្រាប់ថា ពីមួយឆ្នាំទៅមួយឆ្នាំកំណើនប្រជាសាស្ត្រ កំណើនគម្រោងវិនិយោគនិងអភិវឌ្ឍន៍ថ្មីចូលមកកាន់រាជធានីភ្នំពេញ មានជាបន្តបន្ទាប់ដែលចាំបាច់ត្រូវតែមានការពង្រីកដែនក្រុងឲ្យកាន់តែមានវិសាលភាពធំទូលាយ។
លោកឧកញ៉ាបានបន្តថា៖ “យើងឃើញហើយថា បច្ចុប្បន្នបើទោះជាមានបញ្ហានៃជំងឺកូវដកំពុងអូសបន្លាយប៉ុន្តែសកម្មភាពសាងសង់សំណង់ផ្សេងៗ ជាពិសេសផ្នែកលំនៅដ្ឋាននៅតែបន្តមិនមានការផ្អាកឬធ្លាក់ដល់ចំណុចសូន្យនោះទេ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ បានទម្លាក់ថវិកាយ៉ាងសន្ធឹកសន្ធាប់សម្រាប់ទប់ស្កាត់បញ្ហាជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ជាពិសេសជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសដែលក្នុងនោះបណ្តាខេត្តគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចជាអាទិភាព”។
លោកឧកញ៉ាបន្តថា“កាលពី៣ឆ្នាំមុន តំបន់ដែលទាក់ទាញការវិនិយោគនិងអភិវឌ្ឍន៍នៅជុំវិញក្រុងមានប្រជាប្រិយភាពក្នុងរយៈចម្ងាយប្រមាន ២៥ ទៅ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប៉ុន្តែចាប់ពីចុងឆ្នាំ២០២១ ជាពិសេសដើមឆ្នាំ២០២២ក្រោយបញ្ហានៃវិបត្តិកូវីដត្រូវបានថមថយដោយការស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជានោះតម្រូវការដីសម្រាប់គម្រោងអភិវឌ្ឍន៍នានា នឹងបន្តរីកបន្ថែមទៀតរហូតដល់ប្រមាណ ៥០ ទៅ៦០គីឡូម៉ែត្រ ខណៈដែលគម្រោងវិនិយោគ និងអភិវឌ្ឍន៍ថ្មីចាប់ផ្តើមបង្ហាញខ្លួន”។
ជាមួយនឹងការលើកឡើងខាងលើនេះលោកឧកញ៉ា នួន រិទ្ធី ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញនិងមានភាពជោគជ័យនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានបញ្ជាក់ថា នៅឆ្នាំបន្ទាប់នេះតំបន់ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញនឹងមានលេចចេញនូវរូបភាពគម្រោងអភិវឌ្ឍន៍ដូចផ្សិតនិងស្ថិតនៅតាមទិសគោលដៅផ្សេងគ្នា ដូចជានៅទិសខាងជើង និងខាងកើតជាគម្រោងអភិវឌ្ឍលំនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម, តំបន់ប៉ែកខាងលិចនិងខាងត្បូងជាគម្រោងអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម និងលំនៅដ្ឋានកម្រិតមធ្យមហើយតំបន់ប៉ែកខាងកើតជាគម្រោងអភិវឌ្ឍលនៅដ្ឋានកម្រិតខ្ពស់ និងមធ្យមរួមជាមួយនឹងគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់បែបទំនើបផងដែរ៕