រាជធានីភ្នំពេញ៖ ខណៈពេលដែលបណ្តាគម្រោងអភិវឌ្ឍន៍សំណង់អគារធំៗ ខ្ពស់ៗរួមមានទាំងអគារអាផតមិន ខុនដូ និងអគារពាណិជ្ជកម្មចម្រុះមួយ​ចំនួន​កំពុង​ជាប់គាំង និងពន្យាពេលនោះ សម្រាប់តែគម្រោងអគារពាណិជ្ជកម្មដ៏ស្គឹមស្គៃ​ដែលមានតម្លៃសរុបដំបូងប្រមាណ៥៨០ លានដុល្លារ កម្ពស់ ៥៥ ជាន់ The Peak ត្រូវបាន​បញ្ចប់​ការសាងសង់គម្រោងរួចរាល់ហើយ។ 

ស្ថិតនៅស្របនឹងមាត់ទន្លេក្បែរទីក្រុងកោះពេជ្រអគារពាណិជ្ជកម្មចម្រុះភ្លោះ ភ្ជាប់ជាមួយសណ្ឋាគារលំដាប់ពិភពលោក អគារការិយាល័យផ្សារទំនើប​នៅ​ជា​មួយផងនោះ ត្រូវបានស្រោប​ជុំវិញដោយពណ៌មានឆ្អិនឆ្អៅឆើតឆាយនៅក្នុងតំបន់ ក្នុងនាមជាសំណង់អគារពាណិជ្ជកម្មស្តង់ដាកម្រិតខ្ពស់​លំដាប់​ពិភពលោក បន្ទាប់ពីបានចាប់ដំណើរការបុកគ្រឹះសាងសង់ជាផ្លូវការណ៍កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

អ្នកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land បានថ្លែងកាលពីពេលកន្លងទៅនេះថា The Peak Project ជាម្រោងអភិវឌ្ឍន៍​អចលនវត្ថុ​មួយស្ថិតនៅក្រោមការគ្រប់គ្រង់ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Oxley-Gem (Cambodia) Co.,Ltd តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន Oxley International Holding Land Limited នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនមានសក្ដានុពលខាងធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងបទពិសោធន៍លើ​វិស័យ​សំណង់អគារធំៗខ្ពស់ៗ ហើយប្រណិត ហើយថែមទាំងទទួលបានកិត្ដិស័ព្ទដ៏ល្បីល្បាញខាងវិស័យអភិវឌ្ឍសំណង់អចលនវត្ថុ នៅសិង្ហបុរីជាច្រើន​ឆ្នាំ​មកហើយរួមជាមួយ World bridge Land សព្វថ្ងៃនេះផងដែរ។

អ្នកឧកញ៉ាបានបន្ថែមថា៖ «ក្នុងគម្រោងសាងសង់នេះមានអគារភ្លោះកម្ពស់ ៥៥ជាន់ ដ៏ប្រណីត និងសណ្ឋាគារ The Shangri-La Hotel  ដែលប្រកប​ដោយកិត្យានុភាពក្នុងពិភពលោកជាយូរណាស់មកហើយ ឥឡូវបានចាប់ផ្ដើមបង្ហាញខ្លួនក្នុងទឹកកម្ពុជា ដែលគម្រោងនេះ មានចំណុះសរុបជាង ១,០០០ យូនីត»។

អ្នកឧកញ៉ាបន្តថា៖ «តាមរយៈវត្តមានអគារពាណិជ្ជកម្មដ៏ទំនើបនិងប្រណីតមួយនេះ នឹងចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាមួយផ្នែក រួមទាំងជួយ​លើក​ស្ទួយដល់កិត្យានុភាពជាតិ លើវិស័យសំណង់និងស្ថាបត្យកម្មក្នុងរាជធានីភំ្នពេញ ដែលជាក្រុងនៃរបបនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចវប្បធម៌ និង​ទេសចរណ៍ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របតាមកាលានុវត្ដភាពនៃកិច្ចអភិវឌ្ឍន៍សង្គមឲ្យឆ្ពោះទៅកាន់វឌ្ឍនភាពជាតិរុងរឿងមួយផងដែរ»។

គួរបញ្ជាក់ផងដែរថាដោយសារបញ្ហានៃវិបត្តិសាកលដែលបណ្តាលមកពីការរាតត្បាតឆ្លងជំងឺកូវីដ-១៩ទីផ្សារអចលនទ្រព្យនៅកម្ពុជាមួយផ្នែកត្រូវបាន​ទទួល​រងនូវផលប៉ះពាល់ដែលក្នុងនោះរាប់ទាំងសេវាបម្រើការស្នាក់នៅរយៈពេលខ្លី(សណ្ឋាគារ) ផ្សារទំនើបអគារការិយាល័យ ជាពិសេស ទីផ្សារខុនដូខណៈដែលអ្នកជំនាញភាគច្រើនសុទ្ធតែបានបង្ហាញពីក្ដីរំពឹងថា​វិស័យមួយនេះអាចមានភាពល្អប្រសើរឡើងវិញជាបណ្ដើរចាប់ពីដើមឆ្នាំ២០២២ខាង​មុខ​នេះបន្ទាប់ពីយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងត្រូវបានអនុវត្ត១០០ភាគរយស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា៕