ភ្នំពេញ៖ នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការទិញ-លក់ក្នុងវិស័យអលនទ្រព្យ ខ្លាំងជាងព្រឹត្តិការណ៍មុនៗ ព្រោះមនុស្សភាគច្រើនបានផ្អាកសកម្មភាពចេញដើរហើរទៅក្រៅ ដោយព្រួយបារម្ភពីការឆ្លងបន្តនៃជំងឺនេះ ។
ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោក សំ សុខនឿន បានថ្លែងថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលបាននឹងកំពុងកើតឡើងនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏លំបាកមួយរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងខ្លាំងជាងព្រឹត្តិការណ៍មុនៗដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្ទើតែគ្រប់ប្រភេទទាំងអស់ រួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ។
លោក សំ សុខនឿន បញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពបែបនេះ បានធ្វើឱ្យមនុស្សមិនហ៊ានដើរចេញក្រៅក្នុងការប្រកបមុខរបរ ឬការចចាក្នុងការទិញលក់ផ្សេងៗ ជាពិសេសលើវិស័យអចលនទ្រព្យ ដែលនៅក្នុងព្រឹត្តិការណ៍នេះ ការទិញលក់មានការធ្លាក់ចុះខ្លាំង បើធៀបជាមួយនឹងព្រឹត្តិការណ៍មុនៗ។
លោក សំ សុខនឿន បានបញ្ជាក់ថា «នៅក្នុងខែនេះ ការទិញលក់មានការធ្លាក់ចុះខ្លាំង ដោយសារ គាត់មិនអាចជួបជុំ ឬពិភាក្សាគ្នាបាន ។ អានេះ គឺខ្ញុំអាចនិយាយបានថា វាប៉ះពាល់ខ្លាំងមែនទែន។ ដូច្នេះ វិស័យអចលនទ្រព្យរបស់កម្ពុជាទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងការទិញ-លក់ផ្សេងៗផងដែរ ហើយយើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះ គឺស្ងាត់តែម្តង សូម្បីនៅតាមផ្សារទំនើប មានតែអ្នកលក់ ស្ទើរតែគ្មានអ្នកទិញ ព្រោះគេខ្លាចឆ្លងជំងឺកូវីដ គេមិនចេញក្រៅទេ»។
ទោះជាយ៉ាងណា សម្រាប់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានជួបបញ្ហាប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ ១៩ ប៉ុន្តែភាពប្រឈមនេះមិនអាចរាំងខ្ទប់មិនឱ្យវិស័យនេះ មានការរីកចំរើននោះទេ។
លោក ច្រឹក សុខ នីម បញ្ជាក់ថា បញ្ហាប្រឈមនេះ ត្រូវបានពិភពលោក ដោះស្រាយ បញ្ហាសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអនឡាញ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យក៏ដូចគ្នា ការទិញលក់មួយចំនួនក៏ត្រូវបានធ្វើឡើងដោយពឹងពាក់បច្ចេកវិទ្យានេះ មិនថាការទិញលក់ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅតំបន់អាស៊ាន។
លោកបានទទួលស្គាល់ថា សកម្មភាពទិញលក់មួយរយៈចុងក្រោយនេះពិត ជាមានការធ្លាក់ចុះ ប៉ុន្តែការលក់នៅតែបន្តធ្វើអនឡាញជារៀងរាល់ថ្ងៃ បើទោះបីពួកគេមិនអាចជួបមុខគ្នាបានក៏ដោយ។
លោក ច្រឹក សុខនីម បញ្ជាក់ទៀតថា "ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានការគ្រប់គ្រងបានល្អចំពោះជំងឺកូវីដ ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ២ ដងរួចមកហើយ ដូច្នេះ នៅក្នុងព្រឹត្តិការណ៍លើកនេះ អាចនឹងគ្រប់គ្រងបានទៀត បើសិនមានការចូលរួមពីពលរដ្ឋគ្រប់រូប»។
យ៉ាងណាក៏ដោយ លោក ច្រឹក សុខនីម បញ្ជាក់ថា នៅក្នុងវិបត្តិនេះ ក៏នៅតែមានឱកាសសម្រាប់ធ្វើការវិនិយោគលើវិស័យអចលទ្រព្យផងដែរ បើទោះបីមិនមានវិនិយោគមកពីក្រៅប្រទេស ប៉ុន្តែ សម្រាប់វិនិយោគិននៅក្នុងស្រុកនៅតែបន្តចាប់យកឱកាសនេះដើម្បីធ្វើការវិនិយោគបន្ត ហើយវិស័យនេះ នៅតែបន្តឆ្ពោះទៅមុខ៕