ខេត្តព្រះសីហនុ៖ បន្ទាប់ពីអនុញ្ញាត និងសម្រេចប្រគល់សិទ្ធិឱ្យធ្វើការវិនិយោគ ដើម្បីបម្រើដល់ផលប្រយោជន៍នៅក្នុងវិស័យទេសចរណ៍កម្ពុជានៅតាមតំបន់ឆ្នេរ រាជរដ្ឋាភិបាល តាមរយៈអន្តរក្រសួង បាន និងកំពុងតាមដានសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនទាំងនោះជាប់ជាប្រចាំ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកនេះ ក្រុមមន្ត្រីរបស់អន្តរក្រសួង ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ បានចុះមកពិនិត្យមើលដោយផ្ទាល់ នូវសកម្មភាពអភិវឌ្ឍន៍នៅតាមបណ្តាកោះមួយចំនួននៅក្នុងខេត្តព្រះសីហនុ។

លោកបន្តថា “ការចុះមកពិនិត្យមើលនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ ពីវឌ្ឍនភាពនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជន នៅតាមបណ្តាកោះមួយចំនួននៅក្នុងមូលដ្ឋានខេត្តព្រះសីហនុកាលពីកន្លងមកនេះ

កោះដែលក្រុមមន្ត្រីអន្តរក្រសួងបានចុះត្រួតពិនិត្យរួមមាន កោះថ្មី កោះឬស្សី កោះតាគាវ កោះក្របី កោះប្រឹស និងកោះរ៉ុងជាដើម ក្នុងន័យតាមដានរាល់ការអនុវត្តគម្រោងវិនិយោគ ដែលទទួលបានពីរាជរដ្ឋាភិបាលហ្នឹង អ្នកវិនិយោគិនបានធ្វើបានអ្វីខ្លះ? ហើយបានធ្វើទៅតាមផែនការ ឬកម្មវិធីវិនិយោគរបស់ខ្លួនដែរឬទេ?” ។

លោកបញ្ជាក់ថា  គម្រោងវិនិយោគនៅតាមបណ្តាកោះ និងឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ មានចំនួន២០គម្រោង ដែលមានទុនប្រមាណជាង ៣ពាន់លានដុល្លារអាំមេរិក។ តាមរយៈការពិនិត្យគម្រោងទាំងនេះ ប្រធានគណៈប្រតិភូបានសំណូមពរមករដ្ឋបាលខេត្តបន្តកិច្ចសហការ និងសម្របសម្រួលគម្រោងទាំងនេះ អោយអនុវត្តបានល្អប្រសើតាមផែនការវិនិយោគ និងខិតខំបង្កលក្ខណៈងាយស្រួល ជំរុញការវិនិយោគនៅក្នុងខេត្ត ឲ្យបានល្អប្រសើរ។ 

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រៅពីខេត្តព្រះសីហនុ គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានចុះមកពិនិត្យគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនមួយចំនួនផ្សេងទៀត នៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមណីយដ្ឋាននានាជាមួយរដ្ឋាភិបាលផងដែរក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់អភិបាលខេត្ត លោកស្រី មិថុនា ភូថង និងមន្ទីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕