ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យអចលនវត្ថុកម្ពុជា បានអំពាវនាវឱ្យម្ចាស់ទាំងអស់ដែលមានបំណងចង់លក់អលនទ្រព្យរបស់ខ្លួនចេញលឿនបានឆាប់ គួរតែមានការផ្លាប្តូរឥរិយាបទ តាមរយៈមិនត្រូវលក់ក្នុងតំលៃ ដូចទៅនឹងស្ថានភាពដែលមិនមានវិបត្តិ ឬតម្លើងថ្លៃបន្ថែម នៅពេលដែលដឹងថាមានតម្រូវការពីភ្ញៀវនោះទេ។
លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment បានលើកឡើងថា គ្មានអចលនវត្ថុណាមួយណាដែលលក់មិនចេញនោះទេ បើទោះស្ថានភាពសេដ្ឋកិច្ចជួបនៅបញ្ហាអ្វីក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់គឺពាក់ព័ន្ធទៅនឹងតម្លៃរបស់អចលនវត្ថុ ដែលដាក់លក់នៅលើទីផ្សារតែប៉ុណ្ណោះ។
លោកបានបន្តឱ្យដឹងថា តាមរយៈការវិនយោគលើវិស័យអលនទ្រព្យនេះ ទាំងអ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យគួរផ្លាស់ប្តូរឥរិយាបថមកវិនិយោគ ក្នុងរយៈពេលខ្លី ហើយចំណេញតិច ប្រសើរជាងទុកចោលក្នុងរយៈពេលវែង ហើយគ្មានអ្នកទិញនៅក្នុងវិបត្តិនេះ។
លោក វ៉ា វីរៈ បានពន្យល់ថា អ្នកដែលលក់អចលនទ្រព្យមិនចេញ គឺមានភាពរឹងរុះក្នុងដាក់តម្លៃលក់អចលនវត្ថុរបស់ខ្លួន ដែលមានន័យថាកាលពីមុនពេលមិនទាន់មានវិបត្តិគាត់លក់ក្នុងតម្លៃ ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយក្នុងវិបត្តិនេះ គឺគាត់នៅតែលក់ក្នុងតម្លៃ ១០០ ដុល្លារដដែល។
នៅក្នុងកាលៈទេសៈនេះ អចលនវត្ថុភាគច្រើននៅតែអាចលក់ចេញ បើសិនជាម្ចាស់អចលនវត្ថុបញ្ចុះតម្លៃ ឬ ភ្នាក់ងារលក់មានលទ្ធភាពក្នុងការបញ្ចុះបញ្ចូលក្នុងហេតុផលសមរម្យណាមួយក្នុងវិបត្តិនេះ នោះអចលនវត្ថុទាំងនោះអាចនឹងលក់ចេញភ្លាម។ ជាពិសេស បើម្ចាស់ អចលនវត្ថុមានច្រើនទីតាំង ហើយជាប់ជំពាក់នៅធនាគារ គាត់នឹងលក់ចេញវិញ ដើម្បីដោះស្រាយបំណុល៕