ភ្នំពេញ ៖ ការចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយ មនុស្សតែងរំពឹងទៅលើបៀវត្សរ៍ប្រចាំខែ តបទៅនឹងការខិតខំបញ្ចេញកម្លាំងពលកម្ម និងសមត្ថភាពក្នុងកិច្ចបំពេញការងារពេញមួយខែ។ ប៉ុន្តែសម្រាប់ការបម្រើការងារផ្នែកវិស័យអចលនទ្រព្យក្នុងនាមជាភ្នាក់ងារលក់វិញ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា ការដេកទន្ទឹងរង់ចាំទទួលតែប្រាក់ខែគឺមិនមានភាពរីកចម្រើននោះទេ គឺត្រូវតែពង្រឹងសមត្ថភាពក្នុងការលក់ ទើបអាចទទួលបានកម្រៃជើងសារច្រើន។ 

លោក គាម សៀកឡុង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Dream Property បានមានប្រសាសន៍ថា ជាផ្នត់គំនិតទូទៅ ចំពោះការចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយ គឺគេតែងគិតទៅលើប្រាក់ខែ ប៉ុន្តែចំពោះការងារនៅក្នុងវិស័យអចលនទ្រព្យគឺមានភាពខុសគ្នាពីការងារទូទៅ ដោយសារតែនៅក្នុងការបំពេញភារកិច្ចជាភ្នាក់ងារ គឺអាចទទួលបានកម្រៃជើងសារតបទៅនឹងលទ្ធផលរបស់ពួកគេ។ 

លោកបន្តថា ៖ «ការបំពេញតួនាទីជាភ្នាក់ងារលក់អចលនវត្ថុ គឺប្រៀបបានទៅនឹងការធ្វើជំនួញផ្ទាល់ខ្លួនយ៉ាងដូច្នោះ ហើយអ្វីដែលជាភាពល្អប្រសើរចំពោះពួកគាត់ គឺពួកគាត់មានក្រុមហ៊ុនស្រាប់រួចទៅហើយ គ្រាន់តែគាត់ខំប្រឹងលើតួនាទីរបស់គាត់ដើម្បីទទួលបានចំណូលជាការស្រេច។ គាត់ខំប្រឹងកាន់តែខ្លាំង ចំណូលដែលទទួលបានកាន់តែច្រើន»។

លោក គាម សៀកឡុង ដែលមានបទពិសោធន៍នៅក្នុងវិស័យអចលនទ្រព្យជាង១០ឆ្នាំបានបញ្ជាក់ថា តាមពិតការទន្ទឹងរង់ចាំទទួលចំណូលពីប្រាក់ខែ វាប្រៀបបានទៅនឹងការដាក់សម្ពាធ និងបិទឱកាសរបស់ខ្លួនឯង។ ភាពជាក់ស្ដែងនៅក្នុងវិស័យអចលនទ្រព្យ ការងារជាភ្នាក់ងារលក់គឺអាចមានលទ្ធភាពទទួលបានប្រយោជន៍ និងចំណូលច្រើនជាងប្រាក់ខែដោយឥតកំណត់។ 

ឧទាហរណ៍ ប្រសិនបើគាត់ខំប្រឹងលក់អចលនវត្ថុមួយគម្រោង ដែលមានតម្លៃរហូតដល់១លានដុល្លារ ហើយកម្រៃជើងសាររបស់គាត់ទទួលបាន៣ភាគរយ មានន័យថា គាត់នឹងទទួលបានចំណូលពីការលក់រហូតដល់៣ម៉ឺនដុល្លារឯណោះ ដូច្នេះ បើប្រៀបទៅនឹងប្រាក់ខែវិញ តើគាត់ត្រូវធ្វើការរយៈពេលប៉ុន្មានខែទើបអាចទទួលបានចំណូលខាងលើនេះ។ 

លោកបញ្ជាក់ថា នៅតាមបណ្តាប្រទេសជឿនលឿន ដូចជា សិង្ហបុរី ហុងកុង តៃវ៉ាន់ ក៏ដូចជាប្រទេសជប៉ុនជាដើម ចំពោះបុគ្គលិកជាភ្នាក់ងារអចលនទ្រព្យគឺ មិនទទួលយកប្រាក់ខែនោះទេ ប៉ុន្តែពួកគេព្យាយាមបង្កើតទំនាក់ទំនងចងភ្ជាប់បណ្តាញឱ្យបានច្រើន ពង្រឹងសមត្ថភាពក្នុងការលក់ ដើម្បីអាចទទួលបានចំណូលពីកម្រៃជើងសាររបស់ពួកគេរហូតក្លាយជាអ្នកមាន៕