ខេត្តព្រះសីហនុ៖  រដ្ឋបាលខេត្តព្រះសីហនុ បាន និងកំពុងពន្លឿនការរៀបចំ និងកែលម្អបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសស្ថិតនៅតំបន់ឆ្នេរ និងកណ្តាលក្រុងឱ្យមានរបៀបរៀបរយ ដើម្បីស្វាគមន៍កម្មវិធីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ ក៏ដូចជាត្រៀមរៀបចំកម្មវិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវផ្លូវទាំង៣៧ខ្សែ ក្រោមវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅដើមខែមេសាខាងមុខនេះ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រសាសន៍ប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ថាគម្រោងផ្លូវទាំង៣៤ ខ្សែជាគម្រោងរបស់គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរកម្ពុជាដឹកនាំការសាងសង់  ដោយឡែកក្រសួងសាធារណការដឹកនាំសាងសង់បន្ថែមទៀតមាន ១១ខ្សែង ហើយក្នុងនោះ មាន៣ខ្សែ អាចនឹងរួចរាល់មុនចូលឆ្នាំខ្មែរ ដូច្នេះជារួមនៅថ្ងៃសម្ពោធដាក់ឱ្យដំណើរការនៅដើមខែមេសា គឺមានរហូតដល់៣៧ខ្សែ។ 

លោកថ្លែងថា “ពិធីបើកសម្ពោធជាផ្លូវការនូវផ្លូវទាំង ៣៧ខ្សែ និងសមិទ្ធផលថ្មីៗជាច្រើនទៀតនៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងប្រារព្ធធ្វើនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ”។

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលកាន់តែធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុង ការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ 

ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ត្រូវបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ គម្រោងនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុង៕