រាជធានីភ្នំពេញ៖ ខុសប្លែកពីផ្នែកដទៃនៃវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិទីផ្សារ ជាពិសេសការអភិវឌ្ឍនិងលក់លំនៅដ្ឋានក្នុងអគារសហកម្មសិទ្ធិ ឬហៅថា​ខុនដូនោះ សម្រាប់តែទីផ្សារលំនៅដ្ឋានផ្ទាល់ដីនៅតែរក្សាបានភាពល្អប្រសើរ ជាមួយនឹងការទទួលបានកំណើនទាំងចំនួនគម្រោងអភិវឌ្ឍន៍និងការលក់ចេញ​នៅ​លើទីផ្សាររួម។

ផ្អែកតាមរបាយការណ៍ដែលបានសិក្សានិងចេញដោយក្រុមហ៊ុនជំនាញស្រាវជ្រាវទីផ្សារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបញ្ជាក់ថា នៅ​ក្នុង​ត្រីមាសទី៣នៃឆ្នាំ២០២១កន្លងទៅនេះ ស្ថានភាពទីផ្សារលំនៅដ្ឋានជាន់ផ្ទាល់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋាន និងគម្រោង​អភិវឌ្ឍ​ជាបុរី​នៅតែមានមានសកម្មភាពយ៉ាងសកម្ម ទាំងការសាងសង់ ទាំងការទិញ-លក់ ជាពិសេសប្រភេទលំនៅដ្ឋានបែបប្រណីតខណៈដែលចំនួនលំនៅ​ដ្ឋាន​ថ្មីដែល​ត្រូវបាន​ចាក់បញ្ចូលក្នុងទីផ្សាររួមមានចំនួនជិត៩៣,០០០ខ្នង។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញយ៉ាងលម្អិតផងដែរថា នៅត្រីមាសទី៣កន្លងទៅនេះ ការផ្គត់ផ្គង់លំនៅដ្ឋានជាប់ដីសរុបមានចំនួន ៩២,៩៦២ ខ្នង កើន​ឡើង​ប្រមាណ០,៥ ភាគរយ ខណៈដែលចំនួនបុរីថ្មីដែលកំពុងដំណើរការសាងសង់មានចំនួន២២គម្រោង ហើយរហូតដល់ចុងឆ្នាំ២០២១ខាងមុខនេះ​ត្រូវ​បាន​គេរំពឹងថាអាចនឹងកើនឡើងដល់៩៨,២៦១ខ្នង។

យ៉ាងណាក៏ដោយផ្អែកតាមការសិក្សា និងស្រាវជ្រាវជាក់កាលពីពេលកន្លងទៅនេះបានឲ្យដឹងថា បើទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈម​នឹងវិបត្តិជំងឺ​ឆ្លង​កូវីដ-១៩ ដែលបានវាយប្រហារលើគ្រប់វិស័យយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់ទីផ្សារលំនៅដ្ឋានជាន់ផ្ទាល់ដី ហាក់មិនទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងនោះទេ ខណៈដែលតម្រូវការពិតប្រាកដក្នុងស្រុកនៅតែមានអត្រាខ្ពស់ ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃក៏មានការកើនឡើងផងដែរបើធៀបទៅនឹងកាលពីឆ្នាំ២០២០។

ជាក់ស្ដែង សម្រាប់លំនៅដ្ឋានកម្រិតក្រោមមធ្យមអាចមានតម្លៃចាប់ពីជាង៤-៧ម៉ឺនដុល្លារក្នុងមួយខ្នង(ស្ថិតនៅជាយរាជធានីភ្នំពេញ), ប្រភេទលំនៅដ្ឋាន​កម្រិត​មធ្យមអាចមានតម្លៃចាប់ពីជាង ១០-២៥ម៉ឺនដុល្លារក្នុងមួយខ្នង,ដោយឡែកសម្រាប់ប្រភេទកម្រិតខ្ពស់មានតម្លៃចាប់ពី ៥០ម៉ឺនដុល្លារឡើងទៅក្នុងមួយ​ខ្នងអាស្រ័យទៅតាមទីតាំងគម្រោងអភិវឌ្ឍន៍ និងស្ថានភាពជាក់ស្ដែងនៃប្រភេទលំនៅដ្ឋាន ឬវីឡា៕