ភ្នំពេញ៖ ក្នុងរយ:ពេល៥ទៅ១០ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យនឹងកើនឡើងរាប់សិបគម្រោងនៅលើដីរាប់ពាន់ហិចតា ជាពិសេសគម្រោងលំនៅឋាននៅតាមផ្លូវក្រវ៉ាត់ក្រុងទី ៣ ស្របតាមកំណើនប្រជាប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះ ផ្លូវក្រវ៉ាត់ក្រុងទី ៣ បាននឹងកំពុងស្ថាបនា និងឈានទៅបញ្ចប់តាមផែនការ។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់ថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួន នៅជាយរាជធានីភ្នំពេញ ជាពិសេសតាមផ្លូវក្រវ៉ាត់ក្រុង ទី៣ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ៣០ទៅ៤០ គីឡូម៉ែត្រ ចូលក្រុង។
លោកស្រីបន្តថា ការពង្រីកនេះ ដោយសារកំណើនរបស់ប្រជាពលរដ្ឋខ្មែរពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឱ្យមានលំនៅឋានកាន់តែច្រើននៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ និង ទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យគម្រោងបុរី និងលំនៅឋានទៅវិនិយោគនៅទីនោះ។
លោកស្រីបន្ថែមថា តាមផែនការរបស់រដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យរោងចក្រ សហគ្រាស និងសិប្បកម្មផ្សេងៗ ឱ្យទៅបោះទីតាំងនៅជាយក្រុងជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និង កាត់បន្ថយការកកស្ទះនូវចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា ទីក្រងភ្នំពេញមានការរីកចំរើនដែលអ្នកសេដ្ឋកិច្ចវិទូមិនស្មានដល់ ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅ និងចរាចរណ៍នៅក្នុងទីក្រុងកើនជាង ៣លាននាក់ និងពង្រីកក្រុងពី ៣០០ ទៅ ៧០០ ម៉ែត្រក្រឡា។
លោកបន្តថា ជាមួយនឹងការរីកចំរើននេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញមានការរីកចំរើនជាពិសេសតំបន់ភាគខាងលិច ដែលកាលពីមុខជាតំបន់វាលស្រែ បានក្លាយជាតំបន់លំនៅឋាន រោងចក្រសហគ្រាស និង សិប្បកម្មផ្សេងៗជាច្រើនផងដែរ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានឱ្យដឹងដែរថា ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាគម្រោងដ៏ធំបាននឹងកំពុងទាក់ទាញអ្នកវិនិយោគឱ្យចូលមកវិនិយោគលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យរួមមាន ការអភិវឌ្ឍលើវិស័យលំនៅឋាន រោងចក្រ និងសហគ្រាសនានា។
លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ បាននឹងកំពុងលើកមុខលើកមាត់ និងជាសោភ័ណភាពរបស់ខេត្តកណ្តាល ព្រមទាំងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ទៅលើលើគម្រោងវិស័យអចលនទ្រព្យ លំនៅឋាន និង រោងចក្រសហគ្រាសជាច្រើនផងដែរ”។
លោកបន្ថែមថា “គម្រោងផ្លូវនេះ អាចនិយាយបានថា វាប្រទាក់ក្រឡាគ្នារវាងខេត្ត ស្រុក និងស្រុកនៅក្នុងមូលដ្ឋានខេត្តកណ្តាល រួមជាមួយនឹងស្រុក និងខេត្តផ្សេងៗទៀត ។ ជាមួយគ្នានេះ អាជ្ញាធរបាននឹងកំពុងពន្លឿងនៃការដោះស្រាយលើផលប៉ះពាល់ផ្សេងៗរបស់ពលរដ្ឋដើម្បីឱ្យគម្រោងនេះ បញ្ចប់ទៅតាមផែនការ”៕