ភ្នំពេញ៖ តំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ ដែលមនុស្សភាគច្រើនហៅថាផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ បច្ចុប្បន្ននេះ កំពុងតែបង្ហាញពីសក្ដានុពលលើការវិនិយោគវិស័យលំនៅដ្ឋានកម្រិតមធ្យម និងលើមធ្យម ខណៈដែលតម្លៃដីបានកើនឡើងជិតដល់ពិដានរួចទៅហើយនោះ។
នៅបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវរោងចក្រស្រាបៀរថៃហ្គ័រនៅពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មានសំណង់លំនៅដ្ឋានកម្រិតខ្ពស់ និងកម្រិតមធ្យមជាច្រើនគម្រោងកំពុងបន្តដំណើរការសាងសង់ជាហូរហែ ដែលក្នុងនោះរាប់ចាប់ពីចំណុចគល់ស្ពានព្រែកសំរោង ឆ្ពោះមកកាន់តំបន់ផ្លូវជាតិលេខ១។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់ថា សព្វថ្ងៃនេះមិនថាចំពោះតំបន់មួយណានោះទេ ឱ្យតែនៅជាប់ជាយក្រុងគឺសុទ្ធតែមានសក្ដានុពល និងមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ដីទាំងអស់។ ដីដែលស្ថិតនៅជាប់កំណាត់ផ្លូវលេខ១១៤ ឬផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ ដែលបំបែកចេញពីផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯងរហូតដល់រង្វង់មូលគល់ស្ពានគល់ស្ពានទន្លេបាសាក់(ស្ពានព្រែកសំរោង) គឺកំពុងមានសក្ដានុពល និងភាពទាក់ទាញខ្លាំង។
លោកបន្តថា “ចាប់ពីចំណុចផ្លូវបំបែកចេញពីផ្លូវជាតិលេខ១ រហូតដល់ចំណុចរោងចក្រផលិតស្រាបៀរថៃហ្គ័រ ភាគច្រើនត្រូវបានក្លាយជាតំបន់លំនៅដ្ឋានកម្រិតខ្ពស់ ឬផ្ទះលំហែរកាយរបស់អភិជនរួចទៅហើយ។ ដោយឡែកចាប់ពីចំណុចរោងចក្រផលិតស្រាបៀរថៃហ្គ័រ រហូតដល់ចំណុចរង្វង់មូលស្ពានទន្លេបាសាក់ គឺនៅមានដីទំនេរច្រើន ប៉ុន្តែមិនមានទំហំធំៗដែលអាចធ្វើជាបុរីនោះទេ ហើយក៏មានតម្លៃថ្លៃផងដែរ។ ដីដែលនៅជាប់នឹងផ្លូវធំនេះ មានសក្ដានុពល និងអាចអភិវឌ្ឍជាបណ្តុំលំនៅដ្ឋាន ជាក់ស្ដែងដូចជានៅក្បែររង្វង់មូលគល់ស្ពាន បច្ចុប្បន្នបានអភិវឌ្ឍជាបណ្តុំលំនៅដ្ឋាន ភោជនីយដ្ឋាន និងឃ្លាំងកម្រិតតូចនិងមធ្យម រួចទៅហើយ ក្រៅពីនេះ ក៏មានដីដែលកំពុងពុះលក់រាយជាប្រភេទដីឡូតិ៍”។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋានផងដែរនោះ ក៏បានមានប្រសាសន៍ប្រាប់ឱ្យដឹងដែរថា ដីដែលនៅជាប់ផ្លូវធំគឺស័ក្ដិសមទៅនឹងបណ្តុំផ្ទះល្វែងជាងការធ្វើឃ្លាំង ដោយឡែកដីនៅតំបន់នេះភាគច្រើនជាប្រភេទដីដែលមានទំហំតូច និងមានតម្លៃថ្លៃរួចទៅហើយ ដូច្នេះវាមិនស័ក្ដិសមទៅនឹងឃ្លាំងនោះទេ។
នៅតំបន់នេះមានគម្រោងអភិវឌ្ឍផ្លូវមួយខ្សែឆ្ពោះទៅទីលានវាយកូនហ្គោលដ៏ធំមួយ ហើយក្រៅពីនេះក៏មានការអភិវឌ្ឍជាលំនៅដ្ឋានរបស់អ្នកវិនិយោគទៅតាមលទ្ធភាពរបស់ពួកគេ។
លោកឧកញ៉ាបន្តទៀតថា “តំបន់នេះបច្ចុប្បន្នហាក់មានភាពលំបាក ក្នុងការអភិវឌ្ឍជាសំណង់បុរី ដោយសារតែតម្លៃដីបានឡើងខ្ពស់រួចទៅហើយ ដែលយ៉ាងហោចណាស់ដីដែលនៅជាប់ផ្លូវ១១៤ ឬផ្លូវក្រវ៉ាត់ក្រុងទី២នេះ មានតម្លៃក្នុងរង្វង់ ៣០០-៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ ដែលវាក៏អាស្រ័យទៅតាមទ្រង់ទ្រាយ និងទំហំដី។ ដោយឡែកចំពោះដីដែលស្ថិតនៅឆ្ងាយពីផ្លូវធំមួយខ្សែនេះ ដែលស្ថិតនៅតំបន់បោះអង្គាញ់ មានតម្លៃចាប់ពី ១៥០ -២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅថ្ងៃខាងមុខ តម្លៃនឹងបន្តឡើងថ្លៃជាងនេះ”។
លោកឧកញ៉ា នួន រិទ្ឋី បានបន្តថា មិនថាចំពោះដីដែលស្ថិតជាប់ផ្លូវ ឬឆ្ងាយពីផ្លូវធំនោះទេដែលមានតម្លៃថ្លៃ សូម្បីតែដីលិចទឹកដែលស្ថិតនៅជុំវិញតំបន់នេះ ក៏មានតម្លៃថ្លៃគួរសមដែរ ពោលគឺក្នុងមួយម៉ែត្រការ៉េអាចតម្លៃប្រមាណ២០ដុល្លាររួចទៅហើយ ប៉ុន្តែបើគិតពីការវិនិយោគ ដើម្បីទទួលបានចំណេញពីវិស័យដីធ្លីនៅតំបន់នេះ គិតចាប់ពីបច្ចុប្បន្នទៅរយៈពេល ៥ឆ្នាំខាងមុខអាចនៅមានឱកាសនៅឡើយ៕