ភ្នំពេញ៖ តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីចំណុចតំបន់ចោមចៅទៅដល់ ចំណុចផ្លូវបំបែកទៅកាន់ផ្សារកន្ទួត នៃមូលដ្ឋានខេត្តកណ្តាលនៅដើមឆ្នាំ២០២១ នាពេលបច្ចុប្បន្ននេះ ត្រូវបានគេដាក់លក់នៅក្នុងតម្លៃចន្លោះពី ១០០ ទៅ២០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ មានការកើនឡើងប្រមាណ១០ ទៅ ១៥ ភាគរយបើធៀបនឹងកាលពីដើមឆ្នាំ២០២០កន្លងទៅនេះ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានឱ្យដឹងថា ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចេញពីទីក្រុងភ្នំពេញ បាននឹងកំពុងមានសក្តានុពលខ្ពស់លើការវិនិយោគក្នុងគម្រោងជាច្រើន ដូចជាគម្រោងបុរី គម្រោងអភិវឌ្ឍន៍បណ្តុំឃ្លាំង និងគម្រោងបង្កើតសួនឧស្សាហកម្មជាដើម ដែលធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងជាលំដាប់ និងស្របពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងស្ថាបនាពង្រីកផ្លូវផងដែរ។

លោក ច្រឹក សុខនីម បន្តថា ដីធ្លីនៅតាមបណ្តោយផ្លូវនេះ មានគេចាប់ផ្តើមវិនិយោគលើគម្រោងបុរីជាណ្តើរៗ ប៉ុន្តែវាមិនទាន់់លឿនោះទេ ហើយតម្លៃដីធ្លីវិញមានតម្លៃចន្លោះពី ១០០ ដុល្លារ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាប្រភេទដីនៅជិតផ្លូវជាតិ និងដីក្នុងទំហំធំ ប៉ុន្តែ សម្រាប់ដីដែលមានទំហំតូចអាចមានតម្លៃចាប់ពី ២០០ ទៅ ៣០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីធ្លីនៅឆ្ងាយពីផ្លូវជាតិអាចចូលទៅក្នុងជ្រៅបន្តិចមានតម្លៃចន្លោះពី ៤០ ឬ ៥០ ដុល្លារអាមេរិកក្នងមួយម៉ែត្រការ៉េ ហើយតម្លៃទាំងនេះនឹងនៅបន្តឡើងបន្ថែមទៀត នៅពេលដែលសកម្មភាពអភិវឌ្ឍដែលវិនិយោគដោយក្រុមហ៊ុនធំៗចាប់ផ្តើមអនុវត្តក្រោមបញ្ចប់បញ្ហាកូវីដ។ 

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានទទួលស្គាល់ដែរថា តំបន់ផ្លូវជាតិលេខ៣ចាប់ពីតំបន់រង្វង់មូលចោមចៅ ទៅដល់់ចំណុចស្ពាន ៧ មករា ឬ ផ្លូវបំបែកទៅផ្សារកន្ទួតមានការរីកចំរើនលឿនគួរឱ្យកត់សម្គាល់ តាមរយៈគម្រោងវិនិយោគនានាដូចជាគម្រោងលំនៅឋាន ឃ្លាំង និងសហគ្រាសផ្សេងៗដែលធ្វើឱ្យទីផ្សារដីធ្លីមានការកើនឡើង។ 

លោកបន្តថា “បច្ចុប្បន្ននេះមានគម្រោងវិនិយោគលើលំនៅឋានជាច្រើននៅតាមតំបន់ផ្លូវជាតិលេខ ៣ នេះ ដែលធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយតម្លៃលំនៅឋានតម្លៃចាប់ពីជាង ៥ ម៉ឺនដុល្លារអាមេរិកឡើងទៅ ប៉ុន្តែបើងាកចេញពីផ្លូវជាតិលេខ៣ រៀងឆ្ងាយបន្តិច ក៏មានគម្រោងលំនៅឋានដែរ ប៉ុន្តែតម្លៃធូថ្លៃអាចខ្ទង់ជាង៣ម៉ឺនដុល្លារឡើងទៅ”។ 

លោកបន្ថែមទៀតថា គម្រោងលំនៅឋាននៅតំបន់នេះនឹងនៅបន្តរីកបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងរំហូចូលមករស់នៅរបស់ប្រជាពលរដ្ឋដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។ 

លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា សក្តានុពលនៅតាមបណ្តោយផ្លូវជាតិលេខ៣ បានបង្ហាញពីសន្ទុះរីកចម្រើនក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារតែគម្រោងវិនិយោគធំៗមួយចំនួនកំពុងឈរជើងនៅលើទីតាំងនោះស្រាប់ ដែលធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងជាលំដាប់។ 

លោកស្រីថាតម្លៃដីធ្លីនៅទីតាំងនេះមិនមែនទើបតែមានការកើនឡើងក្នុងរយៈចុងក្រោយនេះទេគឺកើនឡើងជាយូរមកហើយដោយទីតាំងនោះជាតំបន់ដែលមានរោងចក្រច្រើន និងលំនៅឋាន ទាស់ត្រង់ថាការកើនឡើងនូវតម្លៃដីធ្លីមានកម្រិតបន្តិចម្ដងៗ មិនឡើងគំហុកដូចជាតំបន់មួយចំនួនស្ថិតនៅក្នុងជាយក្រុងភាគខាងត្បូងនោះទេ៕