ភ្នំពេញ៖ ឆ្លើយតបទៅនឹងចម្ងល់របស់ពលរដ្ឋ ដែលបានទិញដីឡូតិ៍ ឬលំនៅឋានទុកចោល ដោយមិនបានរស់នៅ ឬមិនមានការអភិវឌ្ឍន៍ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជាអះអាងថា  បើជាប្រភេទដី ឬលំនៅឋានដែលជាប់ពន្ធ ត្រូវតែប្រកាសបង់ពន្ធ តែបើមិនជាប់ពន្ធ  គឺមិនត្រូវបង់នោះទេ។

ប្រធានការិយាល័យពន្ធអចលនទ្រព្យកម្ពុជានៃអគ្គនាយកដ្ឋាន លោក រស់ សារ៉ាក់  នៅក្នុងកម្មវិធីឆ្លើយសំនួរស្តីពីពន្ធដារកម្ពុជា កាលពីកន្លងមកនេះពន្យល់ថា ចំពោះការទិញដីឡូត៍ ឬលំនៅឋានទុកចោលនេះ អាចនឹងជាប់ពន្ធក្នុងកម្មវត្ថុទៅលើដីមិនប្រើប្រាស់  ដែលម្ចាស់ទិញហើយមិនមានការអភិវឌ្ឍន៍ ឬការបង្កើតកម្លាំងសេដ្ឋកិច្ចដែលជំរុញឱ្យមានពលកម្ម ។ 

លោកពន្យល់ថា “ចំពោះរដ្ឋដែលប្រមូលពន្ធលើដីមិនបានប្រើប្រាស់នេះ គឺដើម្បីជំរុញឱ្យម្ចាស់ដីទាំងអស់ធ្វើការអភិវឌ្ឍន៍ដើម្បីបង្កើនសេដ្ឋកិច្ច និងពលកម្មដល់ពលរដ្ឋកម្ពុជា។ ជាពិសេសការទិញដីឬ លំនៅឋាននេះក៏ជាកម្មវត្ថុនៃការជាប់ពន្ធផងដែរ ដោយសារបើសិនជាតម្លៃអលនទ្រព្យទាំងនោះលើស ១០០ លានរៀល”។

យោតាមច្បាប់ពន្ធដារកម្ពុជាបង្ហាញថា ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។

មូលដ្ឋានកំណត់ពន្ធគឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។ ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។

កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ចត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗ ជូនទៅផ្នែកពន្ធនៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស ០១ច្បាប់៕