ភ្នំពេញ៖ រាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ឬរុះរើ ត្រូវមានការចុះហត្ថលេខាទទួលខុសត្រូវដោយ អ្នកសិក្សាគម្រោងប្លង់ មានអាជ្ញាបណ្ណ ឬការអនុញ្ញាតផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាចាំបាច់។

យោងតាម មាត្រា៣៣ នៃច្បាប់សំណង់ចែងថា៖ រាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើត្រូវអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស សំណង់និងបទប្បញ្ញត្តិរៀបចំដែនដីនិងនគរូបនីយកម្ម។ តម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើសំណង់គ្រប់ប្រភេទ លើកលែងតែសំណង់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ និងសេវាសម្រាប់ជនមានពិការភាព ជាអាទិ៍ ផ្លូវនិងជម្រាលសម្រាប់ផ្លាស់ទី ឧបករណ៍ថ្នាក់ដៃ ជណ្តើរយន្ត បន្ទប់អនាម័យ ចំណតយានយន្ត ពិសេសសម្រាប់ជនពិការ និងផ្លាកសញ្ញានានា។ 

អនុលោមភាពនៃគម្រោងប្លង់តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិរៀបចំដែនដី និងនគរូបនីយកម្ម ត្រូវបញ្ជាក់ដោយអ្នកត្រួតពិនិត្យ និងបញ្ជាក់ដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាតផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 

គម្រោងប្លង់សាងសង់ ឬរុះរើសំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតត្រូវមានការបញ្ជាក់ពីអនុលោមភាព តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ដោយអ្នកត្រូតពិនិត្យនិងបញ្ជាក់ដែលមានអាជ្ញាបណ្ណឬការអនុញ្ញាតផ្តល់ ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 

មាត្រា៣៤ ចែងថាម្ចាស់សំណង់ត្រូវធានាថាការងារសាងសង់ផ្ទុះរុះរើដែលតម្រូវឱ្យមានលិខិតអនុញ្ញាតត្រូវបានអនុវត្ត ត្រឹមត្រូវតាមគម្រោងប្លង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចតាមរយៈលិខិតអនុញ្ញាត។ មុនការអនុវត្តការងារសាងសង់ផ្ទុះ អាជ្ញាធរមានសមត្ថកិច្ចអាចអនុញ្ញាតឱ្យកែសម្រួលគម្រោងប្លង់ ដែលបានទទួលការយល់ព្រមរួចហើយ។ ការអនុញ្ញាតកែសម្រួលគម្រោងប្លង់ត្រូវធ្វើឡើងតាមរយៈលិខិតអនុញ្ញាតកែសម្រួលគម្រោងប្លង់។ លក្ខខណ្ឌ និងនីតិវិធីនៃការអនុញ្ញាតកែសម្រួលគម្រោងប្លង់ត្រូវកំណត់ដោយអនុក្រឹត្យ។

រាល់ស្នាដៃរបស់អ្នកសិក្សាគម្រោងប្លង់ ដែលមានលក្ខណៈដើមទាំងមូលឬដោយផ្នែក ដែលបានទទួលការយល់ព្រមពីអាជ្ញារមានសមត្ថកិច្ចតាមរយៈលិខិតអនុញ្ញាតសាងសង់ ត្រូវបានការពារពីការលួចចម្លង ស្របតាមបទប្បញ្ញត្តីជាធរមាន។  គម្រោងប្លង់មួយមិនអាចយកទៅអនុវត្តនៅទីតាំងផ្សេងទៀតដោយគ្មានការអនុញ្ញាតពីអ្នកសិក្សាដែល បានចុះហត្ថលេខាលើគម្រោងប្លង់នោះ និងម្ចាស់សំណង់បានឡើយ។ 

រាល់ការអនុវត្តគម្រោងប្លង់ដែលមានតម្លៃពិសេសផ្នែកស្ថាបត្យកម្មនៅទីតាំងផ្សេងទៀតត្រូវបានហាមឃាត់។ គម្រោងប្លង់ដែលមានតម្លៃពិសេសផ្នែកស្ថាបត្យកម្មត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕