ភ្នំពេញ ៖ ជាបទពិសោធន៍របស់អ្នកជំនួញដីធ្លីដែលមានលក្ខណៈជាឯកជន និងមានមិនមែនក្រុមហ៊ុនភ្នាក់ងារបានណែនាំឱ្យអ្នកដែលចង់វិនិយោគលើផ្នែកដីធ្លីដែលងាយស្រួលលក់ចេញ និងទទួលបានចំណេញច្រើនត្រូតែសំឡឹងមើលឱកាវិនិយោគ នៅតាមតំបន់ណាដែលមានគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលជាក់លាក់ ប៉ុន្តែកុំទិញតាមការអូសទាញ។

អ្នកស្រី ឈួន ស៊ីដេត ជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យម្នាក់ ដែលមានលក្ខណៈជាឯកជន ដោយមិនមានក្រុមហ៊ុននោះឡើយ ប៉ុន្តែជាផ្លែផ្កាអ្នកស្រីតែងទទួលបានភាគលាភ ឬប្រាក់ចំណេញពីការវិនិយោគក្នុងទីផ្សារដីធ្លីជាហូរហែ មិនថាជាការវិនិយោគនៅតំបន់ជាយរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តនោះទេ។ 

អ្នកស្រី បានលើកឡើងថា ការវិនិយោគទៅលើទីផ្សារដីធ្លីមិនថាចំពោះប្រភេទដីធំសម្រាប់អភិវឌ្ឍន៍របស់វិស័យឯកជនដូចជាលំនៅដ្ឋាន ឬបម្រើដល់វិស័យឧស្សាហកម្ម កសិកម្ម ដែលមានតម្លៃថ្លៃរាប់លានដុល្លារនោះទេ សូម្បីតែការវិនិយោគប្រភេទដីឡូតិ៍ដែលមានទំហំតូច និងមានតម្លៃត្រឹម៣០០០-៤០០០ដុល្លារ ក៏អាចមានឱកាសចំណេញបានដែរ ទាស់ត្រង់ថាគេមានលុយច្រើនទិញដីទទួលបានចំណេញច្រើន យើងមានលុយតិចទិញដីតូចៗទទួលបានចំណេញតិចតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់គឺការសម្រេចចិត្តទិញដីនៅកន្លែងដែលមានគម្រោងអភិវឌ្ឍន៍ពិតប្រាកដ និងមិនទិញតាមការអូសទាញរបស់គេ។ 

អ្នកស្រីបន្តថា “ជាបទពិសោធន៍របស់ខ្ញុំមិនសូវចាប់អារម្មណ៍ទិញដីនៅតំបន់ទីប្រជុំជន ឬតំបន់ជាយក្រុងនោះទេ ព្រោះដីនៅក្នុងតំបន់ទាំងនេះបានឡើងថ្លៃរួចទៅហើយ ដោយឱកាសចំណេញពីការលក់ក៏បានតិច ហើយអាចចំណាយពេលយូរជាងគេទិញដីស្រែពុះឡូតិ៍លក់ទៅទៀត។ ដូច្នេះ ភាគច្រើនខ្ញុំទិញដីដែលទំនេរ នៅឆ្ងាយពីទីប្រជុំបន្តិច ព្រោះមានតម្លៃទាប ប៉ុន្តែត្រូវតែប្រាកដថាទីតាំងដែលយើងបានទិញគឺនឹងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋចូលទៅដល់ ឬគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជនទ្រង់ទ្រាយចូលទៅដល់។ វាមិនពិបាកស្វែងរកព័ត៌មាន ឬដំណឹងពីគម្រោងអភិវឌ្ឍន៍នោះទេ ប្រសិនបើយើងជាអ្នករកស៊ីក្នុងវិស័យដីធ្លីពិតប្រាកដ”។

លោកស្រីថ្លែងថា “ខ្ញុំតែងទិញដីដែលមានតម្លៃធូថ្លៃ និងនៅតាមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល  ហើយនៅពេលរដ្ឋចាប់ផ្តើមសាងសង់ ដីរបស់ខ្ញុំក៏នឹងឡើងថ្លៃដែរ ប៉ុន្តែមុននឹងសម្រេចចិត្តវិនិយោគក៏គួរគិតគូរ និងសិក្សាឱ្យបានស៊ីជម្រៅជុំវិញតំបន់ ថា មានគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋដែរទេ ឬមានការអភិវឌ្ឍន៍អ្វីខ្លះ? ហើយនៅពេលដែលយើងវិនិយោគទៅរយៈពេល ២ ឬ ៣ ឆ្នាំ អចលនទ្រព្យអាចនឹងមានតម្លៃគុណ ៥ ទៅ ១០ ដងក៏មានដែរ”។

ដោយឡែកពាក់ព័ន្ធទៅនឹងអ្នកដែលមានធនធានតិចតួច ដែលអាចមានលទ្ធភាពទិញបានត្រឹមដីឡូតិ៍ ត្រូវបានអ្នកស្រី ឈួន ស៊ីដេត លើកឡើងថា បើចង់ទទួលបានផលចំណេញពីការវិនិយោគដី គួរតែចាប់ផ្តើមវិនិយោគទៅលើដីធ្លីណាដែលមានតម្លៃសមរម្យ ជាពិសេសប្រភេទដីឡូតិ៍ នៅក្បែរគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ឧទាហរណ៍ដូចជានៅតាមផ្លូវ៤១ ផ្លូវ៤៤ ផ្លូវ៣១ និងនៅតាមតំបន់ផ្សេងៗទៀត ព្រោះពេលនេះនៅមានតម្លៃធូថ្លៃនៅឡើយ ហើយនៅពេលគេចាប់ផ្តើមអនុវត្តគម្រោង ដីធ្លីនឹងឡើងថ្លៃទៅតាមនោះដែរ។

លោកស្រី ស៊ីដេត បានថ្លែងបន្តថា “បងសូមជម្រាបអូនថា យើងគួរតែចាប់ផ្តើមវិនិយោគចាប់ពីពេលនេះ។ យើងមានធនធានតិច យើងវិយោគអចលនទ្រព្យណាធូៗថ្លៃ យើងមិនអាចទិញឱ្យអស់លុយពីខ្លួននោះទេ។ នៅពេលដែលយើងវិនិយោគអចលនទ្រព្យក្នុងតម្លៃធូរថ្លៃ សូមកុំរំពឹងថា វានឹងអាចលក់ចេញវិញក្នុងរយៈពេល ១ខែ ឬ ២ខែ យើងទុកឱ្យយូរបន្តិច យើងនឹងទទួលបានផលចំណេញច្រើនជាមិនខាន”៕