ភ្នំពេញ៖ នៅដំណាច់ឆ្នាំ ២០២០ កន្លងមកនេះ លទ្ធផលនៃដំណើរការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបានប្រមាណ ៣៩.៩៨ ភាគរយ ខណៈដែលក្រុមហ៊ុនសាងសង់បាននឹងកំពុងមមាញឹកក្នុងការសាងសង់។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមគម្រោងនៅខែមីនាឆ្នាំ២០១៩ និងដំណើរការសាងសង់នៅខែមិថុនា គម្រោងនេះបានដំណើរការសាងសង់យ៉ាងរលូនដោយមានការគាំទ្រយ៉ាងពេញលេញពីថ្នាក់ដឹកនាំប្រទេសចិននិងប្រទេសកម្ពុជា។ នៅចុងឆ្នាំ២០២០ គម្រោងនេះបានសាងសង់រួច៣៩.៩៨%នៃគម្រោងទាំងមូល ដែលនេះ គឺជាជោគជ័យល្អបំផុត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុនឹងចប់រួចរាល់ជាស្ថាពរតាមផែនការដែលបានកំណត់ ពោលគឺនៅត្រឹមខែកញ្ញា ឆ្នាំ២០២២ ។
លោកបានបញ្ជាក់ថា បញ្ហានៃការរាតត្បាតជំងឺកូវីដ១៩មិនបានធ្វើឱ្យប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះទេ ដោយក្រុមជំនាញបាននិងកំពុងយកចិត្តទុកដាក់អំពីកិច្ចការសាងសង់ឱ្យចប់តាមផែនការ ខណៈរាជរដ្ឋាភិបាលបាន និងកំពុងចរចាជាមួយក្រុមហ៊ុនវិនិយោគមួយទៀត សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ជាប់ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។
គម្រោងសាងសង់ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បោះទុនវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)មកពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩ គីឡូម៉ែត្រ។
តាមគម្រោងផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការវិនិយោគផ្លូវនេះ តាមរូបភាពសាងសង់-អាជីវកម្ម និងផ្ទេរ (BOT) ជំនួសវិញ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ដោយចំណាយពេលវេលាតិច និងឆាប់រហ័ស៕