អំឡុង​ពេល​​រៀន​នៅ​​ថ្នាក់​​ឧត្តម​សិក្សា​ ប្រាកដ​​ណាស់​​ការ​ចំណាយ​នឹង​​កើន​​ឡើង​ខ្លាំង​​​ ​ពិសេស​សម្រាប់​យុវវ័យ​យុវនិស្សិត​​ដែល​ដល់​​វ័យ​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លះ​ៗ នូវ​ផ្នែក​ហិរញ្ញវត្ថុ​ សម្រាប់​ការ​​ចំណាយ​ប្រចាំ​ថ្ងៃ។ យ៉ាង​ណា​មិញ ក្រៅ​​តែ​ពី​ការ​ពឹង​ផ្អែក​នូវ​ថវិកា​​ខ្លះ ​ពី​អ្នក​ផ្ទះ​នោះ​ការ​ស្វែង​រក​ខ្ទង់​ចំណូល​បន្ថែម​ពី​ការងារ ​នៅ​​អំឡុង​ពេល​សិក្សា ​គឺ​​ជា​ជម្រើស​​​មួយ​ដែល​ពេញ​និយម​​របស់​ពួក​គេហើយ​ក្នុង​នោះ​ ពួក​គេ​ក៏​អាច​ន្ថែម​នូវ​​គំនិត​មួយ​ចំនួន​ដូច​ខាង​ក្រោមដែល​​អាច​ជា​ទុន​​ក្នុង​ពេល​រក​​ថវិកា​ចំណូល​បន្ថែម​ ដែល​មាន​ដូច​ជា​៖

១. ធ្វើ​ការ​មិន​ប្រកាន់​ខ្លួន​

ការ​ស្វែង​រក​ចំណូល​បន្ថែម​ក្នុង​ទី​ផ្សារ​ការងារ ប្រាកដ​ណាស់ការ​ងារ​​មួយ​ចំនួន​គឺ​ត្រូវ​នឹង​មុខ​វិជ្ជា​សិក្សា ​ដែល​កំពុង​រៀនតែ​​ការងារ​ខ្លះ​ទៀត​ ក៏​មិន​ត្រូវ​នឹង​ជំនាញ​​ដែល​​កំពុង​រៀ​​ន​នៅ​សាលា ដូច​ជា​​ការងារ​បម្រើ​ការ​នៅ​សាកលវិទ្យាល័យ​កំពុង​រៀន​​ផ្ទាល់បម្រើ​ការ​ជា​​បុគ្គលិក​ក្រុមហ៊ុន បម្រើ​​សេវា​កម្ម​ភោជនីយដ្ឋាន​ឬ​ការ​បង្រៀន​ក្មេង​ៗ​ជា​ដើម​​-ល-។ តែ​យ៉ាង​ណា ការ​ងារ​ដែល​មិន​ត្រូវ​នឹង​ជំនាញ​ គឺ​ជា​ជម្រើស​ទី​២​ ដែល​នឹង​នៅ​តែ​ផ្តល់​នូវ​ចំណេះ​ដឹង បទ​ពិសោធ ថវិកានិង​​បណ្តុះ​ជា​ជំនាញ​មួយ​ថ្មី​ផង​ដែរ​សម្រាប់​​សិស្ស​ និស្សិត​។

២. ការ​​​ដាក់​លក់​​របស់​ប្រើ​ប្រាស់​​លើ​អន​ឡាញ​

បណ្តាញ​សង្គម​​ប្រើ​ប្រាស់​សព្វ​ថ្ងៃ ក៏​​ត្រូវ​បាន​​គេ​​ប្រើ​សម្រាប់​កន្លែង​រក​ចំណូល​មួយ​ផ្នែក​សម្រាប់​​​ជីវភាព​បាន​ផង​ដែរ​។ ជា​ឧទាហរណ៍​ ដូច​ជា​ការ​បង្កើត​ទំព័រ​​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ដាក់​លក់​ផលិត​ផល​ឬ​របស់​របរ​ប្រើ​ប្រាស់ ដែល​អាច​រក​បាន​ សម្រាប់​​​រក​ជា​​ប្រាក់​ចំណេញក៏​ជា​គំនិត​មួយ​​ ដែល​សិស្ស​ និស្សិត​អាច​អនុវត្ត​បាន​។

៣. ច្នៃ​ទេពកោសល្យ​​ផ្ទាល់​ខ្លួន​ទៅ​ជា​ចំណូល

ជំនាញ​គូរ​គំនូរ និពន្ធ​សៀវភៅ​ ចម្អិន​ម្ហូប​ឬ​ផាត់​មុខ​...ចំណេះ​ជំនាញ​ទាំង​នេះ សិស្ស​ និស្សិតក៏​អាច​ច្នៃ​វា​ជា​ចំណែក​នៃ​ការ​រក​ចំណូល​បន្ថែម​បាន​ផង​ដែរ ហើយ​ពិសេស​គេ​ក៏​បង្កើត​​វា​ ជា​អាជីវកម្ម​ដោយ​ខ្លួ​ន​ឯង ឬ​​ច្នៃ​ជា​សេវា​លក់​ដល់​ក្រុមហ៊ុន​ដែល​មាន​តម្រូវ​ការ​ក៏​បាន។

៤. ការ​បង្កើត​ប្លុក (Blog) ឬ​ វីដេអូ​ Vlog សម្រាប់​រក​​តម្រូវ​ការ​ផ្សព្វផ្សាយ​

ការ​​ចេះ​បង្កើត​វីដេអូ​​ផ្សព្វផ្សាយ​ ជា​ចំណេះ​ដឹង ការ​កម្សាន្ត​ឬ​សរសេរ​ជា​ប្លុក​ (Blog) ចែក​រំលែក​​ជា​គន្លឹះ​​ប្លែក​ៗ​មាន​ប្រយោជន៍​ដល់​សាធារណជន​​​ក៏​អាច​​ជា​គំនិត​មួយ​ផង​ដែរ​សម្រាប់​​និស្សិត​ ដែល​មាន​តម្រូវ​ការ​ប្រាក់​ចំណូល​បន្ថែម​ពី​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​​​។ បើ​ទោះ​ជា​ការងារ​នេះ ទាម​ទារ​ពេល​វេលា​ច្រើន​ ​មិន​អាច​ផ្តល់​​ផល​​ចំណេញ​ជា​ថវិកា​ភ្លាម​ៗ​​ក៏​ពិត​មែន តែ​សិស្ស​និស្សិត​ក៏​នៅ​អាច​ពិចារណា​​ សម្រាប់​ជា​ប្រភព​រក​ចំណូល​បន្ថែម​បាន​។

៥. ទុក​ឱ្យ​​លុយ​សម្រាក​ខ្លះ

ពិត​ណាស់​ សម្រាប់​សិស្ស​-និស្សិត​ដែល​​ត្រូវ​រ៉ាប់​រង​ចំណាយ​ផ្ទាល់​ខ្លួន​ច្រើន ក៏​អាច​ពិចារណា​​ការ​ទុក​លុយ​សម្រាក​ខ្លះ ពោល​គឺ​ការ​ចាយ​វាយ​រិះ​ថាំ ​​ឬ​ដាក់​វិន័យ​លើ​ការ​​ចាយ​វាយ ជា​​ការ​កាត់​បន្ថយ​ការ​ចំណាយ។ លើស​ពី​នេះគេ​ក៏​អាច​អនុវត្ត​ការ​ចាយ​វាយ​បែប​វៃ​ឆ្លាត​ផង​ដែរ ​ពោល​គឺ​​ចំណាយ​តែ​លើ​របស់​របរ​ដែល​ចំបាច់​ ឬ​ចំ​ពេល​ដែល​​ទំនិញ​ចុះ​តម្លៃ​ក៏​ជា​​ចំណែក​មួយ​ជួយ​​សន្សំ​ដល់​ថវិកា​ក្នុង​អំឡុង​ពេល​រៀន​សូត្រ​ផង​ដែរ៕