ការតែងនិពន្ធ ជាផ្នែកយ៉ាងសំខាន់មួយក្នុងការជំរុញឱ្យវប្បធម៌ អក្សរសាស្រ្ត និងផ្នត់គំនិតប្រជាជនឱ្យអភិវឌ្ឍបានប្រកបដោយភាពវិជ្ជមាន តែកន្លងមកយើងឃើញថាប្រជាជនខ្មែរយើងមួយចំនួនតូច ចូលចិត្តលួចចម្លង កែច្នៃស្នាដៃពីបរទេស ឬចូលចិត្តទាញយកស្នាដៃនិពន្ធរបស់គេទាំងអស់នោះ មកផ្សព្វផ្សាយក្រោមហេតុផលថា យើងមិនទាន់អាចបង្កើតស្នាដៃថ្មីបាននោះទេ។
ពាក់ព័ន្ធនឹងចំណុចនេះដែរ សហអ្នកនិពន្ធសៀវភៅ “វិថីសុភមង្គល” លោក ហេង សុវណ្ណ បានលើកឡើង ថាការនិពន្ធឯកសារថ្មី មិនមែនជារឿងលំបាក ដូចការគិតរបស់អ្នករាល់គ្នាឡើយ។ តាមពិតខ្មែរយើង មានវិធីច្រើនណាស់សម្រាប់បង្កើតស្នាដៃដោយមិនបាច់លួចចម្លង ឬប្រព្រឹត្តិអំពើអសីលធម៌ដោយលុប ឈ្មោះគេដាក់ឈ្មោះខ្លួនឯង ដើម្បីតែបានបង្ហាញស្នាដៃជាសាធារណៈ។ មានមនុស្សមួយចំនួន បានបំផុស គំនិតថា ការអប់រំរបស់កម្ពុជានៅក្មេងខ្ចីណាស់ ហើយមិនអាចបង្កើតស្នាដៃណាមួយដោយងាយនោះទេ។ ពួកគេគិតថា ស្នាដៃនិពន្ធរបស់ប្រជាជនខ្មែរមិនគួរឱ្យទុកចិត្តនោះទេ ហើយជំរុញឱ្យលួចគេឱ្យបានច្រើន រហូតបាត់បង់ទំនុកចិត្ត ក្នុងការបង្កើតស្នាដៃថ្មីដែលមានភាពស៊ីសង្វាក់ជាមួយប្រជាជនខ្មែរ។
តាមពិតទៅ ខ្មែរពិតជាអាចមានសមត្ថភាពផលិតឯកសារដោយខ្លួនឯង ហើយមានតម្លៃសម្រាប់ប្រើប្រាស់ ក្នុងសង្គម ព្រោះគ្មានអ្នកណាស្គាល់សង្គមយើងច្រើនជាងពួកយើង ដែលកំពុងរស់នៅក្នុងសង្គមនេះទេ។ ស្នាដៃនិពន្ធមួយៗភាគច្រើនកើតចេញពីបញ្ហារបស់មនុស្ស ហេតុនេះការតាមដានព្រឹត្តិការណ៍ ឬសន្សំ ព្រឹត្តិការណ៍ទុក ជាវិធីល្អបំផុតសម្រាប់កំណត់បញ្ហាដើម្បីដឹងឱ្យច្បាស់ថារឿងរ៉ាវមួយណា ជាមេរោគដែល ពិបាកព្យាបាល។ បន្ទាប់ពីរកឃើញបញ្ហារបស់មនុស្សនៅក្នុងសង្គមហើយ យើងអាចបែងចែកបញ្ហាដែល បានជួបប្រទះទាំងអស់នោះជាផ្នែកៗដើម្បីងាយស្វែងរកប្រភព និងសិក្សាពីលំនាំនៃបញ្ហានីមួយៗ ឱ្យបានច្បាស់លាស់។
ក្រោយពេលស្គាល់បញ្ហាហើយ អ្នករាល់គ្នានឹងដឹងខ្លួនឯងហើយថាត្រូវធ្វើដូចម្តេច។ អ្នកអាចប្រើគ្រប់ លទ្ធភាពដើម្បីបញ្ចេញបសកកម្មស្រាវជ្រាវពីប្រវត្តិសាស្រ្ត ធ្វើការសិក្សាករណីនីមួយៗ (case Studies) និងប្រភពមួយចំនួនដែលពាក់ព័ន្ធ។ បន្ទាប់ពីទទួលបានភស្តុតាង និងគំរូនៃដំណោះស្រាយ ហើយយើង អាចសាកល្បងកែច្នៃវិធីសាស្រ្តដែលអាចដោះស្រាយបញ្ហាបានទាំងអស់នោះឱ្យស្របទៅនឹងសង្គម បច្ចុប្បន្ន ហើយប្រសិនបើចង់ធានាថា ឯកសារនោះមានលក្ខណៈសុក្រិត្យមួយកម្រិតថែមទៀត យើងអាច សាកល្បងជួបអ្នកជំនាញ ដើម្បីទទួលបានការប្រឹក្សាពីធាតុសំខាន់ៗនៃដំណោះស្រាយ។
នៅពេលដែលយើងប្រមូលបានទិន្នន័យ ហេតុផល និងឯកសារគ្រប់គ្រាន់អស់ហើយ យើងអាចសាកល្បង ប្រើការគិតរបស់យើងផ្ទាល់ដើម្បីបង្កើតដំណោះស្រាយ ហើយសាកល្បងធ្វើតេសលើករណីណាមួយក្នុង រយៈពេលសមល្មមដែលអាចធ្វើទៅបាន។ វាហាក់ជាចំណុចដែលតិចតួចស្តួចស្តើងសម្រាប់បង្កើតដំណោះស្រាយ តែជាធម្មតាការភ្លក្សម្ហូបមិនចាំបាច់ត្រូវភ្លក្សមួយឆ្នាំនោះទេ យើងអាចសាកល្បងក្នុងកម្រិត ណាមួយក៏យើងអាចដឹងរសជាតិដែរ។
ចុងក្រោយ យើងអាចប្រឹក្សាជាមួយអ្នកជំនាញដែលយើងធ្លាប់សម្ភាសន៍ម្តងទៀត ឬស្វែងរកមនុស្សដែល មានកម្រិតខុសគ្នាឱ្យបញ្ចេញមតិសម្រាប់ការកែតម្រូវ យើងនឹងអាចចាប់ផ្តើមចងក្រង ឯកសារថ្មីមួយដោយខ្លួនឯងបានហើយ។ សូមរួមគ្នានិពន្ធ និងបង្កើតស្នាដៃថ្មីៗ កុំដេកចាំតែចម្លងគេមួយ ជាតិនោះ»!