សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឱ្យ​ស្បែក​មនុស្ស​យើង​​ឆាប់​ប្រែ​ជា​ជ្រីវជ្រួញចាស់​ជាង​វ័យ ដូច​ជា​អារម្មណ៍​ស្រ្តេសកម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំងការ​ជក់​បារី ​និង​ការ​ផឹក​ស្រា​ជា​ដើម។ ប៉ុន្តែ​អ្វី​ដែល​គ្រប់​គ្នា​មិន​សូវ​បាន​ចាប់​អារម្មណ៍​នោះ​គឺរបប​អាហារដែល​អ្នក​មិន​គិត​ដល់​ទេ​ថាវា​អាច​បង្ក​ឱ្យ​ស្បែក​ប្រែ​ជា​ឆាប់​ចាស់មិន​ស្រស់​ថ្លានិង​ប៉ះពាល់​សុខភាព​ខ្លាំង​ផង​ដែរ។ ខាង​ក្រោម​នេះគឺ​ជា​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរ​ចៀស​ឱ្យ​បាន ​​ប្រសិន​បើ​ចង់​ឱ្យ​ស្បែក​នៅ​តែ​ក្មេងមិន​ប្ដូរ​ជា​ចាស់​មុន​អាយុ។

១. ស្ករ៖

ស្ករ​គឺ​ជា​អាហារ​ដែល​ធ្វើ​ឱ្យ​ស្បែក​ឆាប់​វិវត្ត​ទៅ​រក​ភាព​ចាស់​ខ្លាំង​ជាង​គេ។ វា​គឺ​ជា​សារធាតុ​ដែល​រំខាន​ដល់​ខូឡាជេននិង  elastin ដែល​ជា​ប្រូតេអ៊ីន​ដ៏​ចាំបាច់​បំផុត​សម្រាប់​ស្បែក។ នៅ​ពេល​ជាតិ​ស្ករ​បំបែក​នៅ​ក្នុង​ខ្លួន វា​នឹង​ទៅ​ចង​ខ្លួន​ភ្ជាប់​ជាមួយ​ខូឡាជេនដែល​បង្ក​ទៅ​ជា​ស្នាម​ជ្រីវជ្រួញនិង​ធ្វើ​ឱ្យ​ស្បែក​យារ​ធ្លាក់។ មិន​តែ​ប៉ុណ្ណោះ វា​នឹង​ធ្វើ​ឱ្យ​រាងកាយ​ឡើង​ទម្ងន់និង​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ចាស់​ជាង​អាយុ។

យក​ល្អ​គួរ​ចៀស​វាង​ការ​ញ៉ាំ​របស់​ផ្អែម​ខ្លាំងដូច​ជា​ស្ករ​គ្រាប់ ស្ករ​សសូកូឡា​ដែល​មាន​ជាតិ​ស្ករនិង​នំ​ដូណាត់​ជា​ដើម។ប៉ុន្តែ​អ្នក​អាច​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​គ្មាន​ជាតិ​ស្ករ​បាន។

២. ភេសជ្ជៈ​ប៉ូវកម្លាំង៖

ភេសជ្ជៈ​ប៉ូវ​កម្លាំង(Energy drink) មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​លើសលប់​អាស៊ីត និង​សារជាតិ​គីមី​ដែល​បំផ្លាញ​សុខភាព​ជា​ច្រើន​ទៀត។ វា​អាច​ធ្វើ​ឱ្យ​ខូច​ធ្មេញនិង​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​កាន់​តែ​ចាស់។ ក្រៅ​ពី​នេះ វា​ក៏​មាន​ផ្ទុក​ជាតិ​សូដ្យូមនិង​កាហ្វេអ៊ីន​ដែល​នាំ​ឱ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក​ពី​ខាង​ក្នុង។ កាល​ណា​រាងកាយ​បាត់​បង់​ជាតិ​ទឹក ស្បែក​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ចាស់ជ្រីវជ្រួញ ហើយ​ស្ងួត។

៣. អាហារបំពងខ្លាញ់ច្រើន៖

អាហារ​បំពង​ដោយ​ប្រើ​កម្ដៅ​ខ្លាំងនិង​ប្រើ​ខ្លាញ់​ច្រើន​អាច​​ធ្វើ​ឱ្យ​កើត​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ភាព​ចាស់។ វា​នឹង​ធ្វើ​ឱ្យ​ស្បែក​កាន់​តែ​អាក្រក់​ឡើងៗ ហើយ​ឡើង​ជ្រីវជ្រួញ​ហួស​ពី​ការ​ស្មាន។

៤. អាហារ​រហ័ស(Fast Food)៖

អ្នក​ដែល​ចូល​ចិត្ត​អាហារ​បែប​រហ័ស(Fast Food) ដូច​ជា​ភីហ្សា ប៊ឺហ្គឺ និង​ដំឡូង​បារាំង​បំពង​ជា​ដើម​នេះ​ប្រៀប​ត្រៀម​ខ្លួន​ទទួល​យក​ភាព​ចាស់​រួច​ទៅ​ហើយ។ ក្នុង​អាហារ​ទាំង​នេះ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ខ្លួន​ដែល​ធ្វើ​ឱ្យ​ស្ទះ​សរសៃ​ឈាម​ ហើយ​ខ្លាញ់​ទាំង​នោះ​នឹង​នៅ​ស្ទះ​កក​ក្នុង​រាងកាយ​របស់​អ្នក។ វា​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​នឹង​ឡើង​ចាស់​ជាង​អាយុ ​និង​យារ​ធ្លាក់។

៥. ប្រេង​ឆា៖

ប្រភេទ​ប្រេង​ឆា​ដែល​ច្នៃ​ចេញ​ពី​​បន្លែនិងរុក្ខជាតិ​ដូច​ជា ផ្កា​ Canola និង​សណ្ដែក​សៀង​ជា​ដើម ​​ក៏​សម្បូរ​ខ្លាញ់​ឆ្អែត​ខ្លួន​ដែល​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ខូច។ ដោយ​សារ​តែ​ស្បែក​លែង​មាន​រនាំង​ការពារ វា​នឹង​​នាំ​ឱ្យ​ស្បែក​ឡើង​ខ្មៅ​ដុំៗ និង​ខ្មៅ​រោល។ ដូច្នេះ​គួរ​តែ​ចៀសវាង​ការ​ប្រើ​ប្រេង​ឆា​ប្រភេទ​នេះ ហើយ​ងាក​មក​ប្រើ​ប្រេង​ដូង ឬ​ប្រេង​អូលីវ​វិញ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។ 

៦. អាហារ​ហឹរ៖

អាហារ​ប្រភេទ​នេះ​ក៏​ធ្វើ​ឱ្យ​ស្បែក​ខូច​មិន​អន់​ដែរ។ ជាតិ​ហឹរ​នេះ​ធ្វើ​ឱ្យ​សរសៃ​ឈាម​របស់​អ្នក​ឡើង​រីក​ធំ និង​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​ចាស់​ជាង​អាយុ​ ដោយ​ការ​ចូល​បំផ្លាញ​សរសៃ​វែន ឬ​ធ្វើ​ឱ្យ​ស្បែក​ឡើង​កន្ទួល​ក្រហម៕