ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែឆ្ងល់ខ្លួនឯងមែនអត់ថា រាល់ថ្ងៃមិនដែលបានចំណាយលើអ្វីធំដុំផង តែលុយប្រាក់ខែបែរជាមិនដែលសល់សោះ ចាយអស់ស្ទើរតែដាច់ខែមិនទាន់ ត្រូវសុំពីគ្រួសារបងចាយបន្តទៀត។ ខណៈដែលចំណូលរបស់យើងនៅមានស្ដួចស្ដើង សាកល្បងមកសន្សំសំចៃលុយ លើការចំណាយតូចៗជាប្រចាំថ្ងៃនេះម្ដងមើល៖

១.ឈប់ញ៉ាំអាហារពេលព្រឹកនៅខាងក្រៅ

ការញ៉ាំអាហារពេលព្រឹកនៅផ្ទះ ជួយកាត់បន្ថយការចំណាយមួយផ្នែក ដើម្បីសន្សំសំចៃលុយ កុំឲ្យចាយអស់មុនដាច់ខែ។​ ចំពោះការចេញចំណាយលុយដើម្បីទិញអាហារស្រាប់ៗពីខាងក្រៅ ធ្វើឲ្យលុយឆាប់អស់ បើមួយចាន ក៏៥០០០៛ មួយខែអស់យ៉ាងហោចណាស់ក៏ ១៥០,០០០៛ដែរ។ 

២.ទិញម្ហូបត្រូវចេះតថ្លៃ 

ត្បិតតែធ្វើបែបនេះគេមើលមកថារិះបន្ដិចមែន ប៉ុន្តែជាធម្មតាទៅហើយសម្រាប់ស្រ្តីមេផ្ទះមួយចំនួនតែងតែធ្វើ ដើម្បីសន្សំលុយ និងកុំឲ្យចំណាយទៅលើរបស់ដែលមិនសម ថ្លៃជ្រុលពេកតែប៉ុណ្ណោះ។ ត្រូវរៀនចេះរិះខាំខ្លះ ពីចំនុចមេផ្ទះនេះហើយ ដើម្បីជួយសន្សំលុយឲ្យខ្លួនឯង។

៣.ដាក់ទឹកទៅសាលា ឬកន្លែងការងារ

ចាំទេថា កាលនៅក្មេងឪពុកម្ដាយរបស់យើង តែងច្រកទឹកទុកឲ្យយើងមុនទៅសាលា ដើម្បីធានាបានថាទឹកនោះស្អាត មួយផ្នែកទៀតគឺដើម្បីសន្សំលុយលើការទិញទឹកនៅខាងក្រៅដូចគ្នា។​ 

ដំបូងឡើងគិតថា ថ្លែសាំងថ្លៃ តែបើគិតពីទឹកបរិសុទ្ធ ដែលយើងតែងទិញគឺ១ដប ត្រឹម ៣៣០មីលីលីត្រ ក៏១០០០រៀលដែរ ពេលខ្លះក៏ផឹកមិនបានអស់ទៀតផង។ ម្យ៉ាងទៀតការយកទឹកពីផ្ទះទៅ ក៏អាចជួយកាត់បន្ថយសំបកផ្លាស្ទិកជួយ ដល់បរិស្ថានបានទៀតផង។ មិនថាតែទឹកនោះទេ បើសិនជាចំណូលរបស់អ្នកត្រឹម ៥០០ដុល្លារក្នុង១ខែ នោះកាហ្វេប្រែន១កែវ ទោះជាត្រឹម ៤ដុល្លារ គឺស្ទើរតែស្មើនឹងប្រាក់ខែ របស់អ្នក ២ម៉ោងទៅ ៣ម៉ោង៕

៤. សន្សំសំចៃលើការប្រើប្រាស់អគ្គិសនី ទឹក 

អគ្កិសនីពិតជាចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសម៉ាស៊ីនត្រជាក់ ទូទឹកកក កំពូលភ្លើង ឬកង្វារជាដើម។ តែអ្នកក៏អាចសន្សំសំចៃលើការចំណាយបែបនេះ បានគ្រប់កន្លែងមិនថាតែបន្ទប់ទឹក បន្ទប់គេងនោះទេ ជាពិសេសកន្លែងណាដែលមិនចាំបាច់ ដូចជាការបើកភ្លើងទុកចោល និងពេលវេលាដែលអ្នកត្រូវចេញទៅក្រៅជាដើម។ ការសន្សំបាន១ថ្ងៃ ១KW នោះក្នុង១ខែ អ្នកក៏នឹងឃើញពីការថយចុះនៃចំណាយប្រើប្រាស់នេះផងដែរ។

៥. ឈប់ប្រើប្រាស់សេវាកម្មប្រចាំខែណា ដែលមិនចាំបាច់

សាកគិតឡើងវិញពីសេវាប្រចាំខែ មួយចំនួនដែលអ្នកត្រូវបង់ មិនថាតែលើ ខ្សែកាប អ៊ិនធើណិត ឬប្រព័ន្ធភ្ជាប់ក្នុងទូរស័ព្ទ តើមួយខែអ្នកត្រូវចំណាយប៉ុន្មាន? អ្នកអាចសន្សំសំចៃលើចំនុចនេះ ដោយសួរសំណួរថា៖ មានសេវាអ្វីខ្លះដែលអ្នកមិនសូវប្រើ? និងអ្វីខ្លះដែលមិនចាំបាច់? តើគួរកាត់បន្ថយតម្លៃសេវា ប្រចាំខែ ឬត្រូវផ្ដាច់ចេញតែម្ដង?

៦.ដាំបន្លែចាំបាច់តិចតួចនៅផ្ទះ 

មានដូចជា ជី ម្ទេស ត្រគួន ស្ពៃ ឆៃថាវជាដើម។ បន្លែទាំងនេះជួយសន្សំលុយបានមួយផ្នែកធំ ពីការចំណាយលើការទិញម្ហូបប្រចាំថ្ងៃ ម្យ៉ាងទៀតក៏ងាយស្រួលក្នុងការថែទាំដូចគ្នា។ ដូច្នេះហើយកុំមើលងាយ ការដាំដំណាំនៅផ្ទះឲ្យសោះ ជាពិសេសកុំគិតថាទិញគេងាយហើយរហ័សជាង ព្រោះថាបន្លែទិញគេអាចមិនធម្មជាតិដូចដំណាំនៅផ្ទះរបស់ខ្លួនឯង។

៧.ចិញ្ចឹមមាន់ ទា

ចំនុចនេះ មិនសាកសមសម្រាប់អ្នកក្នុងទីក្រុងនោះទេ។ តែអ្នកដែលនៅជនបទ មានទីធ្លាទូលាយ ការចិញ្ចិមសត្វមាន់ សត្វទានៅផ្ទះ ជួយសន្សំលុយរបស់អ្នកបានច្រើនខ្លាំង ជាពិសេសអ្នកដែលមានទីធ្លាធំទូលាយ ល្មមអាចដាក់ដាច់ដោយឡែក ដើម្បីងាយស្រួលមើលថែ។ ហើយលាមកមាន់ ទា ក៏អាចឆ្នៃយកមកធ្វើជីដាក់ដំណាំឲ្យបានល្អទៀតផង។ ការចិញ្ចឹមមាន់ទា ក៏អាចដោះទាល់នៅពេលអ្នកដាច់លុយម្ដងៗបានដែរ។

សាកល្បងអនុវត្តលើចំនុចទាំងនេះ មួយខែ ពីរខែសិនក៏បាន ហើយចាំមើលថា តើការចំណាយប្រចាំខែរបស់អ្នកថយចុះឬទេ? អ្នកនៅតែចាយលុយអស់មុនដាច់ខែទៀតឬអត់។ យ៉ាងណាមិញការចាយរបស់អ្នកទាំងអស់គ្នា បើពុំចាប់បាច់កុំចំណាយអី ដូចជាចំណាយលើសម្ភារៈនិយម ការចាយតាមចំណង់ ដោយមិនគិតពីចំណូលជាដើម។

បន្ថែមលើចំនុចទាំងនេះ លោកអ្នកអាចធ្វើកំណត់ត្រាលើចំណាយប្រចាំខែ មិនថាតែលើរបស់តូចតាច ក៏ត្រូវកត់ចូលដែរ។ ដើម្បីអាចពិនិត្យមើលថា អ្វីខ្លះដែលមិនចាំបាច់ និងអាចកាត់បន្ថយការប្រើប្រាស់បាន?