ការសន្សំលុយ គឺជាវិធីសាស្រ្តមួយក្នុងការរក្សានូវប្រាក់កាស ហើយការសន្សំនោះទៀតសោតមានច្រើនជំរើស ច្រើនកត្តាដែលមនុស្សអាចជ្រើសរើសបាន តែដើម្បីធានាថាការសន្សំនោះនឹងមានចំនួនកើនឡើងចំនួនជារៀងរាល់ខែជាបន្តបន្ទាប់អ្នកសន្សំទាំងអស់ត្រូវមានគោលការណ៍ច្បាស់លាស់ជៀសវាងការថយនៃប្រាក់សន្សំពីមួយខែទៅមួយខែ។
ការសន្សំលុយដាក់ក្នុងកូនជ្រូក ក៏ជាវិធីសាស្រ្តមួយដែលល្អផងដែរ ដោយយើងពុំចាំបាច់ព្រួយបារម្មណ៍រឿងចាញ់បោកគេ ឬត្រូវការលុយបន្ទាន់ជាដើម ជាពិសេសនោះទៅទៀតវាក៏បានជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរទៅដាក់លុយឬដកលុយផងដែរ។
វិធីសាស្រ្តសន្សំលុយធ្វើជាអ្នកមាន ដោយប្រើកូនជ្រូកមានគោលការណ៍ធំៗ៤ ហើយដើម្បីធានាថាការសន្សំលុយនោះនឹងទទួលបានជោគជ័យអ្នកសន្សំត្រូវអនុវត្តលើគោលការណ៍ទាំងនោះដូចជា៖
គោលការណ៍ទី១ កូនជ្រូកនឹងចាប់ផ្តើមមានជីវិតនៅពេលដែលវាបានស៊ីចំណី៖ មានន័យថាកូនជ្រូកនឹងចាប់ផ្តើមមានជីវិត ចាប់ពីពេលដែលយើងបានដាក់លុយចូលជាលើកដំបូង ហើយយើងមានតួនាទីចិញ្ចឹមកូនជ្រូកនោះជារៀងរាល់ខែ។
គោលការណ៍ទី២ កូនជ្រូករបស់យើង វានឹងស៊ីចំណីច្រើនជាងមុន ១ទ្វេជា២ ជានិច្ច៖ មានន័យថា យើងត្រូវដាក់លុយ១ ទ្វេជា២លើសខែមុនៗ ជារៀងរាល់ខែ។ ឧទាហរណ៍ថា ខែមុនអ្នកដាក់លុយ ៥០០រៀលដូច្នេះខែនេះអ្នកត្រូវដាក់លុយ១០០០រៀល ស្មើរនឹង២ ដងនៃខែមុនជានិច្ច។
គោលការទី៣ ក្នុងករណីយើងមិនអាចអោយចំណីវា១ទ្វេជា២ទេ យើងត្រូវអោយចំណីវាអោយស្មើនឹងខែមុន៖មានន័យថា ប្រសិនបើយើងមិនអាចដាក់លុយ១ ទ្វេជា២ ធៀបនឹងខែមុនទេ យ៉ាងហោចណាស់យើងគួរតែដាក់លុយយ៉ាងតិចស្មើនឹងខែមុន។
គោលការណ៍ទី៤ប្រសិនបើយើងគ្មានលទ្ធភាពផ្តល់ចំណីអោយវាស្មើនឹងខែមុនទេ ដូចនេះយើងត្រូវបោកកូនជ្រូកនោះចោល៖ មានន័យថា ក្នុងករណីយើងមិនមានលទ្ធភាពក្នុងការដាក់ប្រាក់ឲ្យស្មើនឹងខែមុនទេ យើងត្រូវតែបោកកូនជ្រូកនោះចោល ហើយទិញកូនជ្រូកថ្មីមួយទៀតដើម្បីសន្សំសាជាថ្មី។
ការសន្សំលុយបែបនេះនឹងធ្វើឲ្យយើងទទួលបានលុយច្រើនជាអតិប្បរមាពីមួយខែទៅមួយខែនិងធ្វើឲ្យយើងខិតខំប្រឹងប្រែងក្នុងការរកលុយដើមប្រាក់សន្សំរបស់យើងផងដែរ៕
ប្រភព៖ ផល ចាន់សេរីរិទ្ធ