រាល់​អ្នក​សិក្សាស្រាវ​ជ្រាវពីអក្សរសាស្រ្ត ​ប្រវត្តិ​សាស្រ្តកម្ពុជា ជាពិសេស ប្រពៃណី​វប្បធម៌គឺ​មិន​ដែល​រំលង​ឯកសារដ៏​សំខាន់​មួយ ​របស់​អ្នក​ស្រាវជ្រាវ​ដ៏​ល្បី​ឈ្មោះ  លោក លី ធាមតេង ​នោះ​ទេដែល​សៀវ​ភៅ​នោះមាន​ឈ្មោះថា « កំណត់ហេតុរបស់​ជីវតាក្វាន់» ។ ប៉ុន្តែ​មុននឹងសម្រេច​បាន​ការបកប្រែពីភាសាចិនបុរាណ មកជា​ឯកសារភាសាខ្មែរ សម្រាប់ទុក​ឲ្យ​អ្នក​ស្រាវជ្រាវជំនាន់ក្រោយ ​បាន​សិក្សាទាញ​យក​ជាគតិនិងជាមូលដ្ឋានប្រវត្តិសាស្រ្ដលោក លី ធាន​តេង ​ពិតជាធ្លាប់បានបាត់ឯកសារនេះម្ដង និងបានលះ​បង់និងខិតខំខ្លាំង​ណាស់ទម្រាំបានចេញជាលទ្ធផល។

តាមសៀវ​ភៅ« កំណត់ហេតុរបស់​ជីវតាក្វាន់» បោះពុម្ព ឆ្នាំ​១៩៧៣ បាន​បង្ហាញថា​៖

ដំណើរស្វែងរកឯកសារ

ក្នុង​ឆ្នាំ១៩៦២ លោកលី ធាមតេង បានទទួលបេសកម្មមួយខាងវប្បធម៌ ឲ្យដោយ​ដឹកនាំគណៈប្រតិភូអ្នកនិពន្ធខ្មែរទៅកាន់ប្រទេសចិន។ក្នុង​ភារៈកិច្ចនេះ លោក​បាន​កំណត់ជាប់នៅក្នុងចិត្តថា ដំណើរមួយនេះលោក នឹងសាកសួរគេរកឯកសាររបស់ជីវតាក្វាន់ឲ្យបានឃើញផ្ទាល់ភ្នែកបានម្ដងព្រោះបាន​ជាទៅដល់​ទឹក​ដីកំណើតកំណើតរបស់លោក ជីវ តាក្វាន់​ ទៅហើយ។ ដូចការតាំងចិត្ត នៅពេលទៅដល់ទី​នោះ​លោក​បានជួបសន្ទនាជាមួយនឹងរដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសចិននិងប្រធានសមាគមអ្នកនិពន្ធចិនផង ហើយ​បាន​ប្រាប់​ពី​បំណងដែល​ចង់​ឃើញ​ឯកសារនិងចង់ចម្លងឯកសារដ៏​សំខាន់​​មួយ​នេះ ពេល​នោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានទទួលរ៉ាប់រងបំពេញបំណងលោកលី ធាមតេង ។

ក្រោយ​ពី​ខាង​ភាគីចិនបានទទួល​សំណើរហើយពេញមួយយប់នោះលោក លី ធាមតេង ត្រេចអរក្រៃលែងលោកបណ់ឲ្យតែភ្លឺ ឆាប់ឲ្យបានទៅដល់បណ្ណាល័យជាតិរបស់គេ។​​ថ្ងៃ​បន្ទាប់​ក៏​បាន​មក​ដល់ ​ប៉ុន្តែ លោក លី ធាមតេង មិន​ទាន់​បានទៅ​មើល​ឯកសារ​ដែល​លោកទន្ទឹង​ចង់​ជួប​នោះ​ទេព្រោះលោក​មាន​កិច្ចការ​ទស្សនៈកិច្ច​ជាច្រើន​ទៀត ដោយ​រំលង៥ថ្ងៃ​ក្រោយ​ទើប​លោក​បាន​ទៅ​ដល់បណ្ណាល័យជាតិទីក្រុងប៉េកាំង។

ទោះជាបាន​ជួប​​មន្រ្តី​ចិន​​ហើយ​ក៏​ដោយ​ក៏​គេមិន​ទាន់​ឲ្យ​លោក បាន​ជួប​នូវ​ឯក​សារ​ដែល​លោក​ចង់​មើល​នោះ​ទេ​ដោយ​គេ​បាន​យក​ឯកសារមួយ​ចំនួន​ធំមក​ឲ្យ​លោក​មើល ហាក់​ដូចជា​មាន​បំណង​ចង់​តេស្តលោកថា លោកពិតជាចង់​មើល​ឯកសារ​នោះ​ពិត​ឬគ្រាន់​តែ​ចង់​ដឹង​លេងៗទេ។ ​ក្រោយ​ពី​សន្ទនាជាមួយ​មន្ដ្រីចិននិងប្រធាន​បណ្ណាល័យ ចំនួន​៣នាក់​នោះចប់ ចុងក្រោយ​លោក​ក៏​បាន​ទទួល​ឯកសារ​ដែល​លោក​ទន្ទឹងចង់ជួប​មែន។

ដោយលោកបានទៅជួបបណ្ឌិតសភាផ្នែកប្រវត្តិសាស្ត្រទៀតនៅក្នុងបណ្ដាលសៀវភៅក្រាស់ៗជាច្រើន មាននិយាយពីស្រុកខ្មែរតែ ១ ទៅ ២ទំព័រតែប៉ុណ្ណោះ។ ហើយមានតែមួយប៉ុណ្ណោះដែលគេ

សរសេរវែងក្បោះក្បាយ គឺប្រវត្តិសាស្ត្រក្នុងរាជវាំងរាជសន្តតិវង្សម៉ុងហ្គោល ដែលមានមួយភាគធំនិយាយអំពីការចាប់អ្នកកំណត់ត្រាមកស្រុកចេនឡាគឺលោកជីវតាក្វាន់នេះឯង។ លោកក៏បានចម្លងអត្ថបទនោះទាំងស្រុងដែលមានចំនួន ៦៣ទំព័រគេក៏ព្រមថតចម្លងឲ្យថត។ លោកបានជាហ្វីលមួយខ្សែវែងលុះមកដល់ស្រុកខ្មែរវិញ លោកក៏បានផ្ដិតវាតែអនិច្ចារ លោកអង្គុយមើលវាមិនយល់ន័យសេចក្ដី​​សោះ ព្រោះវាជាអក្សរបុរាណចិន ហើយលោកក៏យកអក្សរថតផ្តិតនោះទៅធ្វើជាសៀវភៅទុក។

ដោយយកទៅតម្កល់ទុកនៅក្នុងសមាគមអ្នកនិពន្ធខ្មែរលោកសង្ឃឹមថាក្រែងមានថ្ងៃក្រោយ មានអ្នកណាម្នាក់ ក្នុងបណ្ដាអ្នកនិពន្ធស្រាវជ្រាវ គេនឹងអាចបកប្រែអត្ថបទមួយនេះបាន។ស្រាប់តែពីរឆ្នាំក្រោយមកបាត់សៀវភៅនោះជាអសារបង់ទៅសួររកដើមចុងក៏មិនឃើញឡើយ។តែជាសំណាង​ល្អ ហ្វីល​នៅមាន​លោក​ក៏​សម្រេច ផ្ដិត​វាឡើយ​ម្ដង​ទៀត​និងប្រឹង​ស្វែង​រក​អ្នក​តែ​មាន​សមត្ថ​ភាព​មក​បក​ប្រែក​សៀវ​ភៅ​នេះព្រោះលោកខ្លាច​បាត់​បងទៅទៀត។

ដំណើរការបក​ប្រែ​

តាម​ការ​បញ្ជាក់​ក្នុង​សៀវភៅ​ខាង​លើ​បាន​បញ្ជាក់​ថាការ​បក​ប្រែ​នេះ​បាន​ធ្វើ​ទុក្ខលោក​យ៉ាង​ខ្លាំង ព្រោះ​ថា​ទោះ​ជាលោក​អាចអាន​និង​ស្គាល់អក្សរ​ចិន​មួយ​ចំនួន​ដែល​លោក​ធ្លាប់​សិក្សា​ក៏​ដោយ​ក៏​លោក​​ត្រូវ​ស្វែក​រកអ្នក​ដែល​ចេះ​ភាសាចិន​ស្ទាត់​ជំនាញ  និងចេះ​អក្សរចិន​បុរាណដើម្បី​មក​ប្រែសេចក្ដី ។តស៊ូ​គង់​បាន​សម្រេច ចុង​ក្រោយ​លោក​ក៏​បាន​ជួប​មិត្ត​សម្លាញ់​លោក ដែល​មាន​ឈ្មោះ​ថាអ៊ឹង ឡាយ ជាអ្នកនិពន្ធ និង​ជាអ្នក​បក​ប្រែរឿងភាគ​ចិនដែលមាន​ចំណេះភាសាបុរាណចិនយ៉ាងល្អ បាន​ធានាជួយពេញទំហឹង​សម្រាប់​ដំណើរ​ការ​បក​ប្រែនេះ​។ហើយ​ក៏​មាន​មិត្ត​លោក ​លី ធាមតេង ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា​ ម៉ា អៀង​ដែល​ជាគ្រូបង្រៀន​ភាសាខ្មែរ​នៅ​សាលាចិនក៏​បាន​ចូល​រួម​ចំណែក​ក្នុង​ការបក​ប្រែដែរ។

​ដើម្បី​ឲ្យ​ឯកសារ​នេះ​កាន់​តែ​សុក្រិតលោក​បាន​យក​ស្នាដៃនេះ ទៅ​ផ្ទៀង​ផ្ទាត់​ជាមួយ ប៉េល្លីយ៉ូជាភាសាបារាំបន្ថែម​ទៀត​។ទោះជាយ៉ាង​ណាមុន​នឹង​សម្រេចចិត្ត​ក្នុង​ការ​បោះពុម្ព​ចេញ​ផ្សាយ​លោក លី ធាមតេង ​បានយក​ឯកសារដែល​ប្រែសម្រួល​រួចរាល់​នេះ​ទៅជួប​លោក​សាស្រ្តាចារ្យ​ អក្សរសាស្រ្តខ្មែរម្នាក់ ដែល​ជាលោកគ្រូលោក មាន​ឈ្មោះថា «តាំង ស៊ុយគង់» ដោយ​លោកតា​មានអាយុ៧១ឆ្នាំទៅហើយ​ ឲ្យជួយពិនិត្យនិង​ផ្ទៀង​ផ្ទាត់​ជាមួយ​លោក។ ៣ខែក្រោយ​មកសៀវ​ភៅ​មួយ​នេះ​ក៏​បាន​បោះពុម្ពចេញជារូបរៀង​ឡើង ដោយ​ សៀវភៅ​នេះ​បក​ប្រែ តាមសំនៀង​ភាសាចិនទាជាវ ជាគោល ព្រោះក្នុង​ប្រទេសខ្មែរកាលណោះ​មានជនជាតិចិន ដែលភាគច្រើនជនជាតិទាជីវ​មករស់នៅ​ក្នុង​ប្រទេសកម្ពុជា។

ឃើញ​ថា​ឯកសារ​ដ៏​មានសារៈមួយនេះពិតជាកើត​ចេញ​ពីសេចក្ដីលះបង់​ និងប្រឹង​ប្រែង​ឥតរាហ៍របស់ អ្នកស្រាវជ្រាវខ្មែរលោក លីធាមតេង ជាពិសេសវាក៏ជាគំរូវីរភាពមួយ​សម្រាប់​អ្នក​ស្រាវជ្រាវ​ទូទៅ​ផងដែរ៕