ការ​ប្រកួតប្រជែងបំបាក់គូប្រកួតក្នុងអាជីវកម្ម ជារឿងពេញនិយមសម្រាប់ម្ចាស់អាជីវកម្មមួយចំនួន ព្រោះពួកគេជឿថាការធ្វើបែបនេះ អាចធ្វើឱ្យអាជីវកម្មរបស់ខ្លួននៅតែរក្សាភាពនាំមុខក្នុងទីផ្សារ និងរកចំណូលបានកាន់តែច្រើនពីអតិថិជនដោយសារតែគ្មានគូប្រជែងខ្លាំង។

ការធ្វើបែបនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជាកំហុសឆ្គងយ៉ាងធំដែលបង្អាក់ដល់ការអភិវឌ្ឍខ្លួនឯង និងសង្គមព្រោះបច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យានិងបើកទូលាយសម្រាប់ការធ្វើអាជីវកម្មឆ្លងប្រទេស។ ក្នុងចរន្តនេះប្រសិនបើម្ចាស់អាជីវកម្ម រវល់តែបំបាក់គ្នាក្នុងស្រុក នោះអ្នករកស៊ីក្រៅស្រុក អាចនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីវាយលុកក្នុងទីផ្សារបានយ៉ាងងាយ ដែលធ្វើឱ្យក្រុមហ៊ុន​ដែលកំពុងធ្វើសង្គ្រាមបំបាក់គ្នានោះស្លាប់ទាំង២ក៏មាន។

លោក ទេព វុទ្ធី អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា BOKOR Technology បានបញ្ជាក់ថា សម័យនេះហើយម្ចាស់អាជីវកម្ម​ទាំងអស់ គួរព្យាយាម​ខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីដើរឱ្យទាន់របត់នៃការអភិវឌ្ឍរបស់ពិភពលោកទើបជាការប្រសើរ ព្រោះបើយើងរវល់តែកាច់កុងគ្នាដណ្តើមទីផ្សារ ថ្ងៃណាមួយយើងនឹងជួបបញ្ហាទាំងអស់គ្នា។ ការប្រកួតប្រជែងក្នុងភាពដដែលៗនៃអាជីវកម្ម មិនអាចធ្វើឱ្យយើងរីកចម្រើនបាននោះទេ ព្រោះមនុស្សទាំងអស់កំពុងស្ថិតក្នុងពិភពលោកដែលរីកចម្រើនយ៉ាងលឿនជារៀងរាល់ថ្ងៃ។ ជាមួយវត្តមានបច្ចេកវិទ្យា និងការបើកទូលាយ ក្រុមហ៊ុន​ធំៗជាច្រើនលើពិភពលោកបានចូលទៅក្នុងប្រទេសនានាលើពិភពលោក ដែលវាអាចជាចរន្តថ្មីដែលគ្រប់គ្នាគួរគិតគូរ។ ប្រសិនបើយើងមិនព្រមអភិវឌ្ឍខ្លួន ហើយរវល់តែប្រកួតប្រជែងគ្នាខ្លាំងពេក នោះនៅពេលក្រុមហ៊ុនខាងក្រៅចូលមកគេអាចប្រើបច្ចេកថ្មីប្លែកមួយ ដែលធ្វើឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នរបស់អតិថិជនយើងអាចរលំទាំងអស់គ្នាជាក់ជាមិនខាន។

លោក ទេព វុទ្ធី បាននិយាយថា៖ «​ភាពដដែលៗអាចនឹងធ្វើឱ្យក្រុមហ៊ុន​ស្លាប់បាន ព្រោះទោះបីជាយើងមិនដើរទៅមុខក៏ដោយ តែប្រសិនបើគេទៅមុខអស់ហើយ យើងនៅតែស្ថិតនៅក្រោយគេដដែល»។

សហគ្រិនខាងលើបានបញ្ជាក់ផងដែរថា ជាក់ស្តែងយើងអាចមើលពីគំរូនៃក្រុមហ៊ុនមួយចំនួន ដែលបត់មិនទាន់របត់ពិភពលោក ហើយផ្លាស់ប្តូរយ៉ាងរហ័សពីក្រុមហ៊ុននាំមុខគេលើពិភពលោក មកក្លាយជាក្រុមហ៊ុនដែល​ទាមទារពេលវេលាយូរដើម្បីស្តារស្ថានភាព។ ជាឧទាហរណ៍ដូចជាក្រុមហ៊ុន NOKIA ក្រុមហ៊ុនផលិត​ហ្វីលរូបថត KODAK និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។ ហតុនេះ អ្វីដែលយើងអាចធ្វើបានគឺត្រូវមើលពីចរន្តថ្មីៗនៃរបត់ពិភពលោក ហើយព្យាយាម​អភិវឌ្ឍយុទ្ធសាស្រ្តដើម្បីធ្វើយ៉ាងណា ឱ្យគុណភាពនៃសេវាកម្មឬផលិតផល ត្រូវឆ្លើយតបជាមួយនឹង​របត់ថ្មីរបស់ពិភពលោកទើបជាការប្រសើរ។ កុំរវល់ខ្លាំងពេកជាមួយនឹងការប្រកួតប្រជែងបំបាក់គ្នា តែគួរព្យាយាមធ្វើយ៉ាងណាដើម្បីបង្កើត​ភាពថ្មីប្លែកឱ្យលើសពីគេ ដើម្បីជំរុញឱ្យអាជីវកម្មកាន់តែមាន​សក្តានុពលលើទីផ្សារ៕