ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ព្រោះទោះបីជាយើងមាន​គម្រោងឬផែនការល្អប៉ុណ្ណាក៏ដោយ ក៏យើងទំនងមិនអាចក្លាយជាមនុស្សមានបានបានដែរប្រសិនបើយើងគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ដើម្បីធ្វើឱ្យ​ជីវិតរបស់យើងទទួលបានជោគជ័យ​ក្នុងឆ្នាំនីមួយៗយើងត្រូវការធាតុផ្សំជាច្រើន​ដូចជាកិច្ចការដែលត្រូវធ្វើ ការគ្រប់គ្រងហិរញ្ញវត្ថុសុខភាព និងទំនាក់ទំនងជាដើម។ លោកថា ឆ្នាំថ្មីមិនមានទេវតា ឬព្រះឯណាឱ្យពរជ័យធ្វើឱ្យមនុស្សទទួលបានភាពជោគជ័យសុខភាពល្អ សំបូរទ្រព្យ និងសប្បាយរីករាយនោះទេ។ ពរជ័យដែលមនុស្សនឹងទទួលបានគឺចេញពីគំនិត និងទង្វើផ្ទាល់ខ្លួន៖

១)កិច្ចការដែលអ្នកធ្វើ៖

តើអ្នកបំពេញកិច្ចការតាមតួនាទីបានល្អឬនៅ? តើអ្វីខ្លះដែលអ្នកគួរធ្វើដើម្បីពង្រីកការទទួលខុសត្រូវនិងរួមចំណែកធ្វើឱ្យខ្លួនអ្នកក្លាយជាទ្រព្យដ៏មានតម្លៃរបស់ស្ថាប័នឬក្រុមហ៊ុន?

២)ការគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានផ្ទាល់ខ្លួន៖

ពិនិត្យឡើងវិញពីការគ្រប់គ្រងចំណូល-ចំណាយការប្រើបំណុល និងការចាត់ចែងទ្រព្យធនឱ្យមានប្រសិទ្ធិភាព។ យ៉ាងតិច៥០%នៃចំណូល គួរចាត់ចែងជាគ្រាប់ពូជយកទៅវិនិយោគបន្ត។ យ៉ាងតិចតិច៥០%នៃទ្រព្យសរុបគឺជាទ្រព្យដែលចំរើនអាចរកចំណូល (income) ឬកើនតម្លៃ (capital gain) យ៉ាងតិចចន្លោះពី១៥%ទៅ២០%ក្នុង១ឆ្នាំ។ ត្រូវប្រាកដថា បំណុលទាំងអស'គឺជាបំណុលនាំមកនូវផលចំណេញ ពោលគឺបំណុលដែលខ្ចីយកមកធ្វើទុនវិនិយោគដោយក្រោយពីទូទាត់ការប្រាក់ សល់ផលចំណេញគួរជាទីគាប់ចិត្ត(យ៉ាងតិចក៏ចំណេញ១០%ក្នុង១ឆ្នាំដែរ)។

កិច្ចការទាំងនេះទាមទារឱ្យអ្នកមានចំណេះជំនាញ វិន័យ ផ្នត់គំនិតវិជ្ជមាន និងចក្ខុវិស័យវែងឆ្ងាយ។ គួរបំពេញនូវចំណេះជំនាញដែលខ្វះខាត ពង្រឹង និងពង្រីកចំណេះ ជំនាញដែលមានជាប់ជាប្រចាំ។ល។

៣)សុខភាពផ្លូវកាយ៖

មានរបបអាហារសមរម្យនិងលេងកីឡាជាប់ជាប្រចាំ ពោលគឺគួរយកកីឡាធ្វើជាមិត្តដើម្បីសុខភាពនិងចៀសវាងនូវអារម្មណ៍ឯកកោ ឬអផ្សុកដោយទុកពេលទំនេរឥតប្រយោជន៍។

៤)សុខភាពផ្លូវចិត្ត និងទំនាក់ទំនងសង្គម៖

អានសៀវភៅអត្ថបទ ឬស្តាប់ធម៌អប់រំចិត្ត ដើម្បីបង្កើនភាពស្ងប់ក្នុងចិត្ត។ ជ្រើសរើសការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលគិតវិជ្ជមាន មានការទទួលខុសត្រូវមានគោលការណ៍ មានសុចរិតភាព និងក្រមសីលធម៌ល្អ។ល។ បើកឱកាសឱ្យខ្លួនឯងបានស្គាល់បនុស្សថ្មីៗរក្សាទំនាក់ទំនងជាមួយបុគ្គលដែលមានគុណតម្លៃ និងចំរុះបុគ្គលខ្វះគុណតម្លៃតាមរយៈការកាត់បន្ថយការទំនាក់ទំនងជាដើម៕