យើងពិតជាធ្លាប់បានដឹងហើយ រាប់ទាំងការលើកឡើងពីអ្នកស្រាវជ្រាវចិត្តសាស្រ្តផងដែរ ដែលរកឃើញថាការចូលរួមចំណែកជួយ មិនថាតិចឬច្រើនទៅក្នុងសហគមន៍ គឺមានឥទ្ធិពលវិជ្ជមានទៅដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍ ដល់អ្នកចូលរួម។ ការចូលរួមខាងលើ នៅក្នុងជីវភាពសង្គមទូទៅ គឺសម្តៅលើការចូលរួមបរិច្ចាគសប្បុរសធម៌ ការស្ម័គ្រចិត្តជួយគ្នាទៅវិញទៅមក ដោយមិនគិតកម្រៃ ឬការជួយទៅដល់មនុស្សខ្សត់ខ្សោយជាងយើង។
តាមរយៈការលើកឡើងពីក្រុមអ្នកស្រាវជ្រាវពីប្រទេសមួយចំនួនពីរ បានបង្ហាញពីផលល្អនៃការចូលរួមជួយសង្គមដូចខាងក្រោមនេះ៖
ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ
***ការសិក្សានៅប្រទេសអូស្រ្តាលីបានបង្ហាញថា សហគមន៍មួយដែលកើតឡើង ដោយមានអ្នកចូលរួមចែករំលែករួមទាំងការកម្សាន្ត ចំណង់ចំណូលចិត្តរួមគ្នា ការចែករំលែកបទពិសោធន៍មិនថាដោយផ្ទាល់ ឬតាមបណ្តាញសង្គមគឺបានជួយឱ្យសុខភាពផ្លូវចិត្តមនុស្សជាច្រើនបានប្រសើរឡើង ហើយប្រកបដោយបរិយាកាសរីករាយទៀតផង។ ដូចនេះទើបរដ្ឋាភិបាលប្រទេសអូស្រ្តាលី បានជម្រុញឱ្យមានការចូលរួមជួយ នូវចែករំលែកក្នុងសហគមន៍ឱ្យបានច្រើន តាមតែអាចធ្វើបាន។ ការចូលរួមទាំងនោះ គឺរាប់តាំងពីសកម្មភាពតូចៗ ដូចជាការជួយបង្រៀនជាក្រុម ការបង្កើតក្រុមរាំ ក្រុមស្ម័គ្រជួយជាដើម ហើយការស្រាវជ្រាវបានបង្ហាញថា ការចូលរួមទាំងនោះបានជួយទៅដល់អ្នកដែលចូលរួមជួយនិងមានឥទ្ធិពលល្អទៅដល់អ្នកចូលរួមផ្សេងៗទៀតផង។
***នៅប្រទេសប៊ូតាន ដែលជាទីកន្លែងមួយដែលមនុស្សជាច្រើន បានដឹងអំពីសុខមាលភាពផ្លូវចិត្តរបស់ប្រជាជនប្រទេសនេះថាមានភាពប្រសើរបើប្រៀបធៀបនឹងប្រទេសផ្សេងៗ ដូចនេះនៅក្នុងការស្ទង់មតិមួយពីប្រជាពលរដ្ឋបានរកឃើញ ពីកត្តាដែលពួកគេទទួលបានផលវិជ្ជមានបែបនោះ គឺការចូលរួមក្នុងការរក្សាតម្លៃរបស់សហគមន៍នោះ ដែលមានដូចជាការចូលរួមជួយគ្នាថែរក្សាបរិស្ថាន ព្រៃឈើ ការគ្រប់គ្រងរដ្ឋបាលការបង្កើតបរិយាកាសរីករាយក្នុងសហគមន៍ការចូលរួមជួយគ្នាសកម្មទាំងផ្នែកកម្លាំងសាមគ្គី និងស្មារតី។
ក្រៅតែពីការសិក្សានៅក្នុងប្រទេសពីរខាងលើ លទ្ធផលស្រាវជ្រាវជាច្រើនពីបណ្តាប្រទេសផ្សេងៗ ក៏បានលើកនូវចំណុចដូចគ្នាមួយចំនួន ដែលសុទ្ធសឹងជាអត្ថប្រយោជន៍ពីការ ចូលរួមស្ម័គ្រចិត្ត ជួយក្នុងសង្គមដែលមានដូចជា ការចូលរួមជួយផ្សារភ្ជាប់នឹងទំនាក់ទំនងមិត្តភាពថ្មីៗ បង្កើនទំនុកចិត្ត និងបទពិសោធសម្រាប់ការងារ ជួយសុខភាពផ្លូវចិត្តនិងរាងកាយ ព្រមទាំងផ្តល់អនុស្សាវរីយ៍ល្អៗក្នុងជីវិតទៀតផង៕