ឪឡឹកគឺជាផ្លែឈើដ៏ពេញនិយមឈ្ងុយឆ្ងាញ់ពិសារ និងមានវីតាមីនច្រើនប្រភេទល្អចំពោះសុខភាព។ ប៉ុន្តែមានមនុស្សប៉ុន្មានប្រភេទដែលមិនគួរទទួលទានផ្លែឈើដែលសម្បូរជាតិទឹកមួយនេះ ព្រោះវាបែរជាបង្កផលប៉ះពាល់ចំពោះសុខភាពទៅវិញ។

១. អ្នកដែលមានបញ្ហាខ្សោយពោះវៀន

ចំពោះអ្នកដែលមានបញ្ហារំលាយអាហារ ​បើសិនពួកគេបរិភោគផ្លែឪឡឹកអាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាហើមពោះឬខ្យល់ក្នុងពោះជាដើម។ មូលហេតុគឺមកពីសមាសធាតុផ្សំរបស់ផ្លែឪឡឹកមានផ្ទុកសារធាតុលូកូប៉ែនប្រឆាំងអុកស៊ីតកម្ម (antioxidant lycopene) ដែលអ្នកដែលមានពោះវៀនខ្សោយនឹងបណ្តាលឱ្យហើមពោះនិងពិបាករំលាយអាហារឬអាច​មានអាការក្អួតចង្អោរ  រាករូសក៏មាន។

២. អ្នកដែលមានជំងឺដំបៅក្រពះ

ផ្លែឪឡឹកមានសមត្ថភាពបំបាត់កម្ដៅ និងបន្សាបជាតិពុលក្នុងរាងកាយបានល្អ។ ទោះជាយ៉ាងណា ការញ៉ាំឪឡឹកនឹងធ្វើឱ្យរាងកាយបញ្ចេញជាតិទឹកបានលឿនព្រោះវាជាប្រភេទផ្លែឈើដែលមានជាតិទឹកច្រើន។ ដូច្នេះប្រព័ន្ធរំលាយអាហារក្នុងរាងកាយនឹងត្រូវធ្វើការច្រើនជាពិសេសសម្រាប់អ្នកដែលមានជំងឺរលាក ឬដំបៅក្រពះ កាលណាទទួលទានផ្លែឪឡឹកច្រើនវានឹងនាំឱ្យអ្នកបញ្ចេញជាតិទឹកច្រើនលើសលប់ថែមទាំងធ្វើឱ្យបាត់បង់ជាតិទឹកសំខាន់ក្នុងរាងកាយទៀតផង។ ដោយសារតែបែបនេះវានឹងធ្វើឱ្យការរលាក ឬដំបៅរបស់អ្នកមិនងាយជាសះស្បើយ។

៣. អ្នកដែលមានជំងឺខ្សោយតម្រងនោម

ដោយសារតែផ្លែឪឡឹកមានផ្ទុកជាតិទឹកច្រើន ការញ៉ាំផ្លែឪឡឹកនឹងបណ្ដាលឱ្យតម្រងនោមឬក្រលៀនរបស់អ្នកត្រូវធ្វើការកាន់តែធ្ងន់ ព្រោះជាតិទឹកច្រើននៅក្នុងរាងកាយ។ សម្រាប់អ្នកដែលមានបញ្ហា ឬជំងឺខ្សោយតម្រងនោមការទទួលទានផ្លែឈើនេះនឹងអាចបង្កទៅជាខូចតម្រងនោម ហើយបើកាលណាបរិភោគក្នុងបរិមាណច្រើនវានឹងបណ្ដាលឱ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ នាំឱ្យមានបញ្ហាក្នុងការផលិតអាំងស៊ុយលីនឈានទៅដល់ការខូចតម្រងនោម។

៤. អ្នកដែលមានជំងឺឡើងសម្ពាធឈាម

សមាសធាតុផ្សំនៃផ្លែឪឡឹក មានឥទ្ធិពលបណ្ដាលឱ្យសម្ពាធឈាមធ្លាក់ចុះយ៉ាងឆាប់រហស័ ​ដូច្នេះវាគឺជាផ្លែឈើដ៏ល្អចំពោះសុខភាពអ្នកដែលមានជំងឺលើសឈាម ឬឡើងសម្ពាធឈាម។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំវាក្នុងកម្រិតច្រើនជ្រុលវានឹងបណ្ដាលឱ្យសម្ពាធឈាមធ្លាក់កាន់តែខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ។

៥. អ្នកដែលកំពុងសម្រកទម្ងន់

ផ្លែឪឡឹកមានផ្ទុកជាតិស្ករច្រើន ដែលវាងាយស្រួលក្នុងការបម្លែងទៅជាតិខ្លាញ់។ ដូច្នេះហើយសម្រាប់អ្នកដែលកំពុងមានផែនការសម្រកទម្ងន់ មិនគួរទទួលទានផ្លែឈើប្រភេទនេះឡើយព្រោះវាអាចបណ្ដាលឱ្យឡើងទម្ងន់។ ក្នុងពេលជាមួយគ្នានេះ នៅពេលដែលអ្នកលើសទម្ងន់នោះវាក៏នឹងអាចបង្កទៅជាជំងឺរ៉ាំរ៉ៃដ៏កាចសាហាវជាច្រើន ដូចជា ទឹកនោមផ្អែម លើសឈាមនិងជំងឺបេះដូងជាដើមដែលពិតជាអាចមានគ្រោះថ្នាក់បានគ្រប់ពេល៕