ប្រទេសកម្ពុជាមាន ឧបរណ៍ភ្លេងបុរាណជាច្រើនប្រភេទ ដែលមួយចំនួនបងប្អូនប្រជាពលរដ្ឋក៏បានស្គាល់ និងមួយចំនួនទៀត បងប្អូនក៏មិនទាន់ដឹងពីបែបផែននៃការប្រើវា។ បើនិយាយពីឧបករណ៍ភ្លេងខ្យងស័ង្ខ បងប្រជាពលរដ្ឋខ្មែរច្បាស់ជាធ្លាប់បានឃើញ ព្រោះថាពេលមានកម្មវិធី ក្នុងព្រះបរមរាជវាំង ដោយមិនដែលឃើញឧបករណ៍ភ្លេងនេះទៅលេងជាមួយឧបករណ៍ភ្លេងណាមួយឡើយ។
យោងតាមសៀវភៅ « ឧបករណ៍តន្ត្រីបុរាណកម្ពុជា » បោះពុម្ពឆ្នាំ ១៩៩៤ បានបង្ហាញ ពីអត្ថន័យ និងរបៀបប្រើប្រាស់ឧបករណ៍ខ្យងស័ង្ខថា៖ ខ្យងស័ង្ខគឺជាឧបករណ៍ភ្លេងខ្មែរមួយប្រភេទ ដែលត្រូវចាត់ចូលទៅក្នុងពពួកគ្រឿងផ្លុំ។ឧបករណ៍នេះមានតែពួក “បាគូ” ដែលជា វណ្ណៈព្រាហ្មណ៍ នៅក្នុងព្រះរាជវាំងទេទើបចេះផ្លុំ។ ប្រជារាស្រ្តសាមញ្ញមិនដែលប្រើទេ ហើយក៏គ្មានអ្នកចេះផ្លុំឧបករណ៍នេះដែរ។
ឧបករណ៍ខ្យងស័ង្ខនេះ គឺគេយកសំបកសត្វខ្យងម្យ៉ាងដែលមានពូជជាខ្យងស័ង្ខមកធ្វើ។ គេរើសយកសំបកខ្យងណាដែលមានរាងធំល្អយកមកធ្វើ។ គេយកខ្យងមកកាត់គូតចោលបន្តិច ដើម្បីអោយមានរន្ធសំរាប់តែល្មមដាក់មាត់ផ្លុំបាន។ឧបករណ៍ខ្យងស័ង្ខមិនមែនដូចឧបករណ៍តន្ត្រីទៀតៗនោះទេ គឺលឺសូរតែសំនៀង “ ទូត, ទូត ” តែប៉ុណ្ណោះ។ឧបករណ៍នេះ គេប្រើសំរាប់នៅក្នុងព្រះរាជពីធីរបស់ព្រះមហាក្សត្រ ដូចជាព្រះរាជពិធីចំរើនព្រះជន្ម ឬព្រះរាជពិធីផ្សេងៗទៀតសំរាប់ព្រះមហាក្សត្រក្នុងព្រះរាជវាំង ដោយមានពួកព្រហ្ម “បាគូ”ពីរឬបីនាក់ជាអ្នកផ្លុំ៕