មនុស្សជាច្រើនមាននិន្នាការចាប់ផ្តើមធ្វើអាជីវកម្មដោយខ្លួនឯង ដោយក្នុងនោះ មានអ្នកខ្លះក៏ទទួលបានជោគជ័យក្នុងមុខរបរ និងអ្នកខ្លះទៀតត្រូវប្រឈមមុខនឹងការបិទទ្វាម្តងហើយម្តងទៀត។
លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន ម៉េងលី ជេគួច បានលើកឡើងថា យុវជនបច្ចុប្បន្ននេះ ចូលចិត្តហក់លោតរឿងប្រលូកក្នុងការរកស៊ី។ សម្រាប់អ្នកមាន គេដួលម្តងពីរដង អស់បួនដប់ម៉ឺន មិនមែនជាបញ្ហារបស់គេនោះទេ ព្រោះគេអាចចាត់ទុកវាជាបទពិសោធន៍ តែសម្រាប់អ្នកក្រវិញ បើហ៊ានហក់លោតដូចគេ ច្បាស់ជាទឹកភ្នែក។ បច្ចុប្បន្ននេះ មានយុវជនជាច្រើន បានសំឡឹងមើលតែសំបកក្រៅនៃភាពជោគជ័យរបស់អ្នកដទៃ ហើយក៏ប្រញ៉ាប់ចូលទៅក្នុងភាពជាសហគ្រិន ទាំងគ្មានទន់ឬមូលដ្ឋានច្បាស់លាស់ សម្រាប់ការធ្វើអាជីវកម្ម។
លោកឧកញ៉ាបញ្ជាក់ថា ទុនសម្រាប់ធ្វើអាជីវកម្ម មិនមែនសំដៅតែលើរឿងលុយតែមួយមុខនោះទេ តែវាអាចជាបទពិសោធន៍ ចំណេះដឹង ទំនាក់ទំនង កេរ្តិ៍ឈ្មោះ និងលុយកាក់។ ទម្រាំនឹងអាចធ្វើអាជីវកម្មបាន គេត្រូវការចំណេះជំនាញបទពិសោធន៍ច្រើនណាស់ ហើយភាគច្រើនគេចាប់ផ្តើមពីការធ្វើការងារឱ្យគេ ដើម្បីយកបទពិសោធន៍ឱ្យបានចាស់ទុំមានលំនឹងហិរញ្ញវត្ថុ និងមានទំនាក់ទំនង មានទីផ្សារល្អ ហើយទើបគេចាប់ផ្តើមចេញរកស៊ី មិនមែនចង់ធ្វើសហគ្រិនវ័យក្មេងបានតែមួយភ្លែត ក៏ធ្លាក់ទឹកនោះទេ។
សហគ្រិនខាងលើក៏បានបញ្ជាក់ផងដែរថា ការឈានជើងចូលក្នុងអាជីវកម្ម ចាំបាច់ត្រូវតែមានភាពចាស់ទុំ ព្រោះគ្រាន់តែជោគជ័យភ្លាមៗ មិនប្រាកដថាអាចមាននិរន្តភាពនោះទេ។ មានអ្នកខ្លះចាប់ផ្តើមមានគំនិតល្អរកស៊ីភ្លាមទទួលបានការគាំទ្រភ្លាម ក៏ចាប់ផ្តើមពង្រីកមុខរបរ ឈានជើងចេញភ្លាមរហូតដល់រលំទាំងអស់។ ហេតុនេះសូមកុំប្រញ៉ាប់ហក់លោត គួរពង្រឹងគ្រឹះឱ្យបានរឹងមាំជាមុនសិន ផ្នែកចំណេះដឹង បទពិសោធន៍ និងហិរញ្ញវត្ថុមុននឹងបោះជំហានអភិវឌ្ឍមួយចំហានថ្មីទៀតប្រកបដោយភាពស្វាហាប់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក៏បានលើកឡើងស្រដៀងគ្នាដែរថា បើមានទុនតិចសូមកុំប្រញ៉ាប់ធ្វើអាជីវកម្មច្រើន។ ជាក់ស្តែងយើងអាចឧទាហរណ៍បានថា បើយើងមានទឹកមួយដប យើងមិនអាចស្រោចដើមឈើ១០ដើមឲ្យដុះបាននោះទេ។ ផ្ទុយមកវិញ ប្រសិនបើយើងយកទឹកមួយដបនេះ មកផ្តោតលើការថែទាំ ហើយស្រោចទឹកលើដើមឈើមួយដើម យើងអាចនឹងធ្វើឱ្យដើមឈើនោះដុះបាន។
យុវជនបច្ចុប្បន្ន ដោយសារតែមានការផ្សព្វផ្សាយ ពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម និងមើលឃើញតែរូបភាពខាងក្រៅនៃជីវិតជោគជ័យរបស់សហគ្រិន បានធ្វើឱ្យយុវជនជាច្រើនចាប់ផ្តើមយល់ថា ការធ្វើអាជីវកម្មគឺជារឿងអស្ចារ្យ ហើយវាក៏ជារឿងងាយៗដែលអាចធ្វើបានដោយមិនបាច់ខំប្រឹង។ មានអ្នកខ្លះទៀតយល់ខុសថា ពួកគេហត់នឿយនឹងធ្វើការ ទើបខិតខំចេញរកស៊ី ដែលវាផ្ទុយស្រឡះពីស្ថានភាពជាក់ស្តែង ព្រោះអ្នករកស៊ី មានកតព្វកិច្ចនិងកាន់តែត្រូវគិតច្រើនជាងអ្នកធ្វើការងារឆ្ងាយណាស់។ ហេតុនេះយុវជនគួរបង្កើនភាពចាស់ទុំ ស្វែងរកបទពិសោធន៍ និងចំណេះដឹងឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងប្រលូកចូលទៅក្នុងវិស័យអាជីវកម្ម ប្រយ័ត្នលង់ខ្លួនពីមួយកន្លែងទៅមួយកន្លែង ដោយខាតបង់ទាំងពេលវេលា ធនធាន និងកិត្តយស៕