មន្តស្នេហ៍របស់មនុស្សស្រីមិនមែនសម្រស់តែមួយមុខនោះទេប៉ុន្តែកិរិយាមារយាទ និងបុគ្គលិកលក្ខណៈគឺជាមន្តទាក់ចិត្តជារៀងរហូតដែលបានន័យថា​ ទោះបីនាងអាយុច្រើនយ៉ាងណា ក៏នៅតែត្រូវបានក្ដីស្រលាញ់ពីគ្រួសារ ជាពិសេសស្វាមីរបស់នាង ទៅណាមិនរួចដែរ។

១. នារីដែលចេះរៀបចំទុកដាក់ផ្ទះសម្បែងនិងលុយកាក់បានល្អ

មន្តស្នេហ៍ដំបូងរបស់នារីគឺការចេះរៀបចំផ្ទះសម្បែងឱ្យមានរបៀបមានក្លិនក្រអូប និងចេះទុកដាក់លុយកាក់ដែលប្ដីរកបានមកយ៉ាងមានប្រសិទ្ធភាព។ ដូចពាក្យចាស់ពោលថា “ប្រពន្ធល្អ ក្រមិនយូរ” គឺសំដៅដល់ការចេះចាត់ចែងរបស់ភរិយាដែលជួយឱ្យគ្រួសារថ្កុំថ្កើងសល់លុយសល់កាក់មានបាន និងចងចិត្តប្ដីឱ្យស្រលាញ់ជាប់។ មិនថាអ្នកជានារីដែលមានសមត្ថភាពខ្ពស់យ៉ាងណាមានលុយច្រើនយ៉ាងណា ប៉ុន្តែការផ្គាប់បម្រើស្វាមី និងចេះអប់រំកូនចៅឱ្យបានល្អគឺជាអ្វីដែលបុរសក្នុងលោកត្រូវការដោយខ្វះមិនបាន

២. យល់ពីប្ដី និងចេះផ្ដល់ភាពកក់ក្ដៅ

ក្ដីស្រលាញ់អាចមានជម្រៅជ្រាលជ្រៅ និងងប់ងល់ ប៉ុន្តែវាមិនអាចស្ថិតស្ថេរបានយូរឡើយប្រសិនបើអ្នកមិនចេះថែរក្សាដាក់ជីឱ្យបានល្អ។ នារីដែលឆ្លាតវៃតែងតែដឹងពីការរក្សាតុល្យភាពរវាងការងារនិងគ្រួសារ។ ការឈប់ធ្វើការមានន័យថា ភរិយារូបនោះនឹងលះបង់ខ្លួននាងមកថែរក្សាផ្ទះសម្បែងក៏ដូចជាគិតពីជីវិតខ្លួនឯងពាក់កណ្ដាលទៀត។

នាងយល់ពីអ្វីដែលស្វាមីត្រូវការ ឬចង់បានពីភរិយានិងដឹងពីរបៀបផ្គាប់ផ្គុនចិត្តស្វាមីយ៉ាងល្អ។ ការនៅក្បែរនារីដែលមានថាមពលនៃក្ដីស្រលាញ់ពេញលេញនោះពិតណាស់គ្មានបុរសណាអាចដើរចោលផ្ទះមួយជំហានឡើយ។

៣. នារីដែលឱ្យកម្លាំងចិត្តនិងនៅពីក្រោយគ្រប់រឿងរបស់ស្វាមី

ដូចពាក្យចាស់និយាយ “បុរសជោគជ័យតែងមាននារីខ្លាំងនៅពីក្រោយ” “ទោះមនុស្សប្រុសរឹងមាំកម្រិតណាក៏ត្រូវការភរិយាជាកម្លាំងចិត្ត”។ ពិតណាស់ភរិយាគឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់ស្វាមីក្នុងការធ្វើអ្វីៗគ្រប់យ៉ាង។ ការដែលមានប្រពន្ធចេះផ្ដល់យោបល់ល្អ លើកទឹកចិត្ត និងចាំសាទរស្វាមីគ្រប់កាលៈទេសៈគឺនឹងធ្វើឱ្យគ្រួសារមានក្ដីសុខហើយធ្វើជាគំរូយ៉ាងល្អសម្រាប់កូនៗនៅពេលពួកគេពេញវ័យ មានគ្រួសារ។ ក្ដីស្រលាញ់ដ៏ស្មោះត្រង់ដែលភរិយាផ្ដល់ឱ្យស្វាមីតាមរយៈការជំរុញទឹកចិត្តនេះគឺជាមន្តស្នេហ៍ដ៏ស័ក្ដិសិទ្ធដែលចងចិត្តស្វាមីមិនឱ្យក្បត់ចិត្តភរិយា និងស្រលាញ់នាងដល់ចាស់កោងខ្នង៕