មនុស្សម្នាក់ៗ មានគំរូនៃការប្រើប្រាស់ជីវិតផ្សេងគ្នា តែជាទូទៅ មនុស្សគ្រប់គ្នាដែលចេះប្រើប្រាស់ជីវិតអស់លទ្ធភាព អាចប្រើប្រាស់រឿងរ៉ាវគ្រប់យ៉ាងជាប្រយោជន៍ ដោយក្នុងនោះរួមទាំងភាពស្ងប់ស្ងាត់ផង។
សម្រាប់មនុស្សដែលចូលចិត្តភាពអ៊ូអរ ចូលចិត្តការសប្បាយជាមួយមនុស្សច្រើន ហើយមិនចូលចិត្តភាពស្ងប់ស្ងាត់ គេតែងតែបញ្ចប់ភាពស្ងប់ស្ងាត់ជាមួយនឹងការបបួលអ្នករាល់គ្នាជួបជុំ តែសម្រាប់មនុស្សដែលចូលចិត្តពិចារណា ឬចូលចិត្តស្វែងរកខ្លួនឯងភាពស្ងប់ស្ងាត់ អាចជាពេលវេលាមួយដែលមានតម្លៃបំផុតសម្រាប់ស្វែងរកភាពរីកចម្រើន។
ភាពស្ងប់ស្ងាត់ ជាពេលដែលគ្មានវត្តមានរបស់អ្នកដទៃ គ្មានសំឡេងរបស់មនុស្សទាំងឡាយ គ្មានយោបល់ប្រទាញប្រទង់ច្រើន គ្មានភាពស្មុគ្រស្មាញ និងជាពេលដែលមានតែសំឡេងបេះដូងរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ជាធម្មតាពេលដែលស្ងាត់បែបនេះអាចធ្វើឱ្យមនុស្សធុញថប់ ឬធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ឯកោ ហើយមិនយូរមិនឆាប់វានឹងធ្វើឱ្យយើងធុញ តែប្រសិនបើយើងចេះប្រើភាពស្ងប់ស្ងាត់នេះឱ្យជាប្រយោជន៍ ឬស្វែងរកពេលស្ងប់ស្ងាត់ក្នុងរយៈពេលសមរម្យមួយវិញ នោះយើងនឹងអាចឮសំឡេងបេះដូងរបស់យើងកាន់តែច្បាស់។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា «អ្នកដែលឈ្នះខ្លួនឯងបាន ជាអ្នកដែលអាចយកឈ្នះរឿងគ្រប់យ៉ាង»។ ពាក្យមួយឃ្លានេះត្រូវបានមនុស្សទន្ទេញដដែលៗច្រើនដង ហើយនិយាយជារឿយៗ តែមិនសូវមានអ្នកណាអនុវត្តបានជោគជ័យនោះទេ ព្រោះពួកគេភ្លេចធាតុសំខាន់ៗមួយចំនួនដែលអាចធ្វើឱ្យយើងឈ្នះខ្លួនឯង។
ការយកឈ្នះខ្លួនឯង មិនមែនជារឿងងាយនោះទេ តែប្រសិនបើយើងអាចអនុវត្តបាននូវចំណុចល្អិតៗមួយចំនួន ដែលជាបច្ច័យនៃការគ្រប់គ្រងខ្លួនឯង នោះយើងនឹងអាចទប់ស្កាត់ភាពអសកម្មរបស់ខ្លួនទៅតាមនោះដែរ។ ក្នុងចំណោមវិធីសាស្រ្តយកឈ្នះខ្លួនឯង ការប្រើប្រាស់ភាពស្ងប់ស្ងាត់ក៏ជាវិធីសាស្ត្រល្អមួយផងដែរ ព្រោះមានពំនោលមួយបានលើកឡើងថា «មុននឹងឈ្នះខ្លួនឯង ត្រូវស្គាល់ខ្លួនឯងជាមុនសិន»។ ពេលវេលាស្ងប់ស្ងាត់ជាពេលដែល យើងអាចអង្គុយស្តាប់បេះដូងខ្លួនឯង ប្រើប្រាស់ពេលវេលាពិចារណា ពីចំណុចខ្សោយរបស់ខ្លួន និងចំណុចមួយចំនួនដែលអាចជាឧបសគ្គសម្រាប់ជីវិត ដើម្បីយើងអាចកត់សម្គាល់វាទុកដើម្បីកម្ចាត់ចំណុចខ្សោយស្របពេលដែលអភិវឌ្ឍចំណុចខ្លាំង។
ការប្រើពេលវេលាស្ងប់ស្ងាត់ដើម្បីពិចារណាពីខ្លួនឯងផ្ទាល់ ក៏ជាវិធីយ៉ាងប្រសើរមួយផងដែរដើម្បីកម្ចាត់មារដែលនៅក្នុងចិត្ត ហើយដាស់សក្តានុពលដែលពោរពេញទៅដោយតម្លៃ និងភាពរស់រវើកសម្រាប់ជីវិតឱ្យងើបឡើងបាល្អផងដែរ។
ប្រសិនបើយើងចេះប្រើប្រាស់ភាពស្ងប់ស្ងាត់បានល្អ នោះយើងនឹងអាចក្លាយជាបណ្ឌិតសម្រាប់ជីវិតខ្លួនឯង ហើយវាសនា និងសុភមង្គលក៏ត្រូវបានយើងក្តោបក្តាប់នៅក្នុងកណ្តាប់ដៃរបស់យើងផ្ទាល់ តែប្រសិនបើយើងមិនបានប្រើវាឱ្យបានល្អទេនោះ យើងនឹងក្លាយជាកញ្ជះនៃកាលៈទេសៈ ហើយជីវិតក៏នឹងអាចរសាត់អណ្តែតជាយថាកម្ម ទៅតាមស្ថានការណ៍ និងបញ្ហាក្នុងជីវិត៕