ចិត្ត កញ្ចនា តារាចម្រៀង Original​ Song

តារាចម្រៀង ចិត្ត កញ្ចនា​ ដែលមហាជនទទួលស្គាល់ថាជាតារាចម្រៀង Original​ Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨​បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា​ បានធ្វើការសំភាសន៍ផ្ទាល់ តែងចេញជាបទចំរៀង។

កញ្ញា កញ្ចនា បានលើកឡើងថា Album ថ្មីដែលកញ្ញាបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត​នេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រ និង​មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រស់ជាតិ និង អារម្មណ៍ពិត ទាំងអារម្មណ៍ស្រលាញ់ សប្បាយ កើតទុក្ខនិងអារម្មណ៍អណ្តែតអណ្តូង ដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង​៣បទ ដើម្បីត្រៀមជ្រើសរើស​នូវសាច់រឿង បន្ទាប់ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេក​ផ្លូវការរបស់កញ្ញា (Facebook Page:Kanhchna Chet-ចិត្ត កញ្ចនា)។​

កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិត Albumនីមួយៗ ដោយសារតែកញ្ញា ជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត។ ប៉ុន្តែក្តីស្រមៃរបស់កញ្ញា គឺកញ្ញាមានមហិច្ឆតា ចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងនិងទូទាំងសកលលោកបានផងដែរ។​

កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះ អាចមានការវិឌ្ឍន៍លឿនទៅមុខបានលុះត្រាតែមានការចូលរួម និងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។​ កញ្ចនា រៀបរាប់ប្រាប់ថា៖ “ពួកខ្ញុំជាសិល្បៈករទាំងអស់ បានបំពេញភារកិច្ចខិតខំប្រឹងប្រែង បង្កើតនិងអភិវឌ្ឍស្នាដៃសិល្បៈ ហើយការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជន ដែលជាអ្នកគាំទ្រទាំងអស់អោយចូលរួមលើកស្ទួយ និងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា”​។

ជាចុងក្រោយកញ្ញាក៏ឆ្លៀតថ្លែងអំណរគុណដល់​ ក្រុមការងារផលិត របស់កញ្ញាអ្នកគាំទ្ររបស់កញ្ញាទាំងអស់ និងហាងកាហ្វេ Luna & Bakery ដែលបានចូលរួមសហការណ៍​ក្នុងការសម្ពោធ Album“អារម្មណ៍” នេះ៕

កញ្ញា ចិត្ត កញ្ចនា អាល់ប៊ុមចម្រៀងថ្មី "អារម្មណ៍"