ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក អ៊ិន សុខា មានឋានៈជាគ្រូបង្វឹកអ្នកចាំទីនៃក្លឹបព្រះខ័ណ្ឌរាជស្វាយរៀង ធ្លាប់បានដឹកនាំកីឡាករ ជម្រើសជាតិឈុតអាយុក្រោម ២៣ ឆ្នាំនៅក្នុងការប្រកួតស៊ីហ្គេមចំនួនបីដង ពោលគឺ ឆ្នាំ ២០១១ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៣នៅប្រទេសមីយ៉ាន់ម៉ា និង​ចុងក្រោយ ឆ្នាំ ២០១៥ នៅប្រទេសសឹង្ហបុរី។

មានស្រុកកំណើត នៅរាជធានីភ្នំពេញ លោក អ៊ិន សុខា មិនមានខ្សែស្រឡាយ ជាកីឡាករទាត់បាល់នោះទេ ប៉ុន្តែ ​​ដោយសារតែនៅក្នុងឆ្នាំ ១៩៩៤ ជីតារបស់ បាននាំលោក ទៅទស្សនាការប្រកួតបាល់ទាត់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកទើបធ្វើឲ្យលោក ចាប់ចិត្តតាំងពីពេលនោះមក។

សុខា បាន​ចំណាយពេលជាង ២០ ឆ្នាំ ក្នុងប្រវត្តិកីឡាបាល់ទាត់ចាប់តាំងពីឆ្នាំ ១៩៩៦ ដែលមានតួនាទី ជាអ្នកចាំទី ហើយក៏ធ្លាប់ក្លាយជាកីឡាករ ជម្រើសជាតិផងដែរក្នុងឆ្នាំ ២០០៦។

ប៉ុន្តែនៅក្នុងឆ្នាំ ២០០៦ ដោយមើលឃើញថាអាជីពជាកីឡាករបាល់ទាត់ នឹងមិនអាចធ្វើឲ្យលោក មានជីវភាពធូរធារ ស្របពេលដែល ការគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាពេលនោះ មិនផុលផុសនៅឡើយ លោក អ៊ិន​ សុខា​ ក៏បានសម្រេចចិត្ត ចាកចេញពីវិស័យនេះដើម្បីស្វែងរកមាគ៌ាថ្មី។​

ដោយសារតែការស្រលាញ់ ពេញចិត្តនិងចង់ចូលរួមចំណែកនៅក្នុងវិស័យកីឡាបាល់ទាត់ លោក ក៏បានសម្រេចចិត្ត ចូលប្រឡូកក្នុងវិស័យនេះសារជាថ្មីក្នុងឋានៈជាគ្រូបង្វឹក អ្នកចាំទីនៅមជ្ឈមណ្ឌលខេមរភូមិន្ទ ក្នុងឆ្នាំដដែល។

លោក សុខា បាននិយាយថា នៅក្នុងឆ្នាំដដែលនេះខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ប្រឹក្សាជាយោបល់ ហើយ​ស្នើសុំឲ្យលោកចូលប្រឡូកនៅក្នុង វិស័យកីឡាបាល់ទាត់នេះសារជាថ្មី ដោយប្រែក្លាយ ពីកីឡាករ ទៅជាជំនួយការគ្រូចាំទីវិញនៅក្លឹបបាល់ទាត់ មជ្ឈមណ្ឌលហ្វឹកហ្វឺនខេមរភូមិន្ទ។

លើសពីនេះទៅទៀត​ លោកក៏ធ្លាប់បានទទួលការបណ្តុះបណ្តាល នៅប្រទេសថៃនៅក្នុងឆ្នាំ ២០០៧ ហើយក្រោយពេលត្រឡប់មកវិញលោក ក៏បានក្លាយជាជំនួយការគ្រូចាំទី នៅក្លឹបភ្នំពេញអេមផាយអឺ ក្រុមB (ក្រុមដូហ្វីន)។ ក្រោយមកទៀត ដោយសារតែលោក មានបទពិសោធន៍ច្រើន ខាងចាំទី ហើយ ក៏បានក្លាយជាគ្រូចាំទីនៅក្លឹបស្វាយរៀង រហូតមកដល់បច្ចុប្បន្ន ។

សមិទ្ធផលធំៗ ដែលលោកទទួលបាន ចាប់តាំងពីចុងឆ្នាំ២០០៨ ទៅ ២០១៥ គឺ លោក ធ្លាប់ដឹកនាំក្រុមឲ្យទទួលបានពាន សម្តេចតេជោហ៊ុនសែនចំនួនបីដង និង ជើងឯកទូទាំងប្រទេសឆ្នាំ ២០១៣ ផងដែរ។

លោក ថា៖ «បើទោះជាបច្ចុប្បន្នលោក គឺជាគ្រូចាំទីហើយក៏ដោយ​ ប៉ុន្តែ ការស្រាវជ្រាវដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក៏លោកនៅតែបន្តដដែល»។​

រាល់ថ្ងៃ នៅពេលដែលលោកបង្ហាត់កីឡាករចាំទី លោក បានស្វែងរកវិធីសាស្រ្តផ្សេងៗពីគ្នាទៅវិញទៅមក ម្យ៉ាង លោក​ក៏តែងតែស្រាវជ្រាវតាមយូធូប ស្វែងរកវិធីថ្មីៗ ដើម្បីបង្ហាត់ទៅដល់កីឡាករ​ និង​ការធ្វើការទាក់ទងជាមួយ បណ្តាគ្រូដទៃទៀត ដើម្បីរិះរកវិធីសាស្រ្តថ្មីៗ។

គ្រូបង្វឹកចាំទី រូបនេះ បានបញ្ជាក់ថាបើទោះជាក្នុងមួយថ្ងៃ លោក ត្រូវធ្វើការបង្វឹកទៅដល់កីឡាករ ពេលព្រឹកត្រឹម ២ ម៉ោង និងពេលថ្ងៃ ២ ម៉ោង យ៉ាងណាក៏ដោយ ប៉ុន្តែ វាមានការលំបាកដោយសារតែត្រូវការហាត់ក្រោមកម្តៅថ្ងៃព្រមទាំងត្រូវរបួស ដៃជើង ត្រគៀក​ និង​ ឈឺសាច់ដុំជាញឹកញាប់។

យ៉ាងណាមិញ លោក បានបង្ហាញពីសុទិដ្ឋិនិយម ថា៖« អ្នកលេងកីឡាគឹអ្នកស្រលាញ់ហើយ បើគ្មានចិត្តស្រលាញ់ ក៏មិនអាចបន្តដល់ថ្ងៃនេះបានដែរ ខ្ញុំយកបេះដូងខ្ញុំមកស្រលាញ់វាមិនមែនតែប្រាក់មួយប៉ុណ្ណោះនោះទេ»។

នៅពេលសួរថា តើលោក មានអារម្មណ៍យ៉ាងណា នៅពេលដែលមានអ្នកគាំទ្រជាច្រើន បានចូលរួមទស្សនា​នៅក្នុងប្រកួត បាល់ទាត់ជម្រុះ WorldCup ២០១៥ នៅក្នុងតំដបន់អាស៊ី ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះ?

លោក បានឆ្លើយថា៖« ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកនៅពេលខ្ញុំមើលការផ្សាយផ្ទាល់ នៅប្រទេសសឹង្ហបុរី ខ្ញុំមិននឹកស្មានថាប្រជាពលរដ្ឋខ្មែរ មកច្រើនដូច្នេះទេ បើជំនាន់ខ្ញុំវិញ លេងកីឡា គ្មានអ្នកណាមកមើលទេយ៉ាងច្រើនម្ភៃនាក់ប៉ុណ្ណោះ»។

ទន្ទឹមនឹងនេះ លោក សង្ឃឹមថា នៅថ្ងៃខាងមុខ វិស័យកីឡាបាល់ទាត់កម្ពុជានឹងមានការរីកចម្រើនជឿនលឿនជាងនេះទៀត ហើយ លោកក៏បានធ្វើការសំណូមពរ ទៅដល់ប្រជាពលរដ្ឋទូទៅឲ្យងាកមកគាំទ្រឲ្យកាន់តែច្រើន កាលណា មានអ្នកគាំទ្រច្រើន កីឡាករនឹងរឹតតែមាន កម្លាំងចិត្តដើម្បីតស៊ូឈានទៅមុខ៕

អត្ថបទដោយ សរ ពិសី