អ្នកប្រើប្រាស់អ៉ីនធឺណិតនៅកម្ពុជា កើនឡើងប្រមាណ៥លាននាក់ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ នៅដើមសតវត្សទី២១នេះ។ នេះបើយោងតាមស្ថិតិរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

នៅចុងឆ្នាំ ២០១៣ អ្នកប្រើប្រាស់អ៉ីនធឺណិតសកម្ម នៅកម្ពុជាមានប្រមាណ ៣,៨លាននាក់ ខណៈដែល៦ឆ្នាំក្រោយ ពោលគឺឆ្នាំ២០១៩កន្លងទៅ ចំនួននេះបានកើនឡើយដល់៨,៨លាននាក់។ យោងតាមសៀវភៅណែនាំស្តីពីក្រមសីលធម៌ សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) បញ្ជាក់ថា មានគោលការណ៍សំខាន់ៗ៥ ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតត្រូវឈ្វេងយល់៖

១. សុភនិច្ឆ័យក្នុងការប្រើប្រាស់អ៊ីនធឺណិត : មានន័យថា អ្នកប្រើប្រាស់អ៉ីនធឺណិត គួរតែសិក្សាឈ្វេងយល់ពីគុណសម្បត្តិនិងប្រើប្រាស់អ៉ីនធឺណិតឲ្យបានទូលំទូលាយ ជាពិសេសជៀសវាងការផ្ញើរឬចែករំលែកអ្វីមួយនៅលើបណ្តាញអ៉ីនធឺណិតដែលជារឿងមិនពិត និងមិនមានប្រយោជន៍។

២. ការទទួលខុសត្រូវ​ និងការគិតពីសុវត្តិភាពក្នុងការប្រើប្រាស់អ៉ីនធឺណិត : អ្នកប្រើប្រាស់អ៉ីនធឺណិត គួរយកចិត្តទុកដាក់ចំពោះសុវត្តិភាពរបស់ខ្លួននៅពេលប្រើប្រាស់អ៉ីនធឺណិត ព្រោះសុវត្តិភាពលើអ៉ីនធឺណិតសំខាន់ដូចសុវត្តិភាពនៅក្នុងសង្គមជាក់ស្តែងដែរ។ ឧទាហរណ៍ដូចជា ការដាក់លេខសម្ងាត់ជាដើម។

៣. ការប្រើប្រាស់ខ្លឹមសារត្រឹមត្រូវ : ត្រូវប្រើប្រាស់ភាសាឲ្យបានថ្លៃថ្នូរលើបណ្តាញអ៉ីនធឺណិតនិងចែករំលែកនូវព័ត៌មានប្រកបដោយការទទួលខុសត្រូវ។

៤.​​ ការគោរព និងការពារទ្រព្យសម្បត្តិ : ត្រូវមានវិធីសាស្ត្រ និងបច្ចេកទេសក្នុងការថែរក្សា រូបភាព វីដេអូនិងឯកសារផ្សេងៗរបស់ខ្លួននៅលើអ៉ីនធឺណិតឲ្យបានត្រឹមត្រូវ និងជៀសវាងការយកស្នាដៃរបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

៥.​ ការគោរពឯកជនភាព : ត្រវគោរពឯកជនភាពរបស់អ្នកដទៃ និងការពារព័ត៌មានសម្ងាត់របស់ខ្លួនឲ្យបានល្អបំផុតលើប្រព័ន្ធអ៉ីនធឺណិត ជាពិសេសត្រូវរាយការណ៍ទៅក្រុមហ៊ុនអ៉ីនធឺណិតបើសិនមានអ្នកប្រើប្រាស់អ៉ីនធឺណិត ឬក្រុមហ៊ុនណាមួយរំលោភឯកជនភាពរបស់អ្នក ឬអ្នកដទៃ៕