នៅពេលបច្ចុប្បន្នយើងតែងតែបានឮពីបុគ្គលមួយចំនួនធំបាននិយាយថា ប្រាក់ខែតិចតួចចាយស្ទើរមិនគ្រាន់ជារៀងរាល់ថ្ងៃ ប៉ុន្តែតើធ្វើយ៉ាងដូចម្ដេចទើបអាចសន្សំប្រាក់ឱ្យនៅសល់បាននោះ។ យ៉ាងណាមិញយើងក៏បានដឹងហើយថាប្រាក់សន្សំមានប្រយោជន៍ជាច្រើនដល់យើង នៅពេលដែលមានការចាំបាច់ត្រូវប្រើប្រាស់លុយជាបន្ទាន់។ នៅក្នុងអត្ថបទនេះនឹងបង្ហាញពីក្បួនសន្សំប្រាក់៥យ៉ាងដល់លោកអ្នកដែលបានមកពីការជនជាតិចិន។
១.លុយរាយ៖
ជាទូទៅនៅពេលដែលអ្នកទិញទំនិញអ្វីម្យ៉ាងតែងមានលុយអាប់ដែលហៅថាលុយរាយសល់ពីការទិញទំនិញរបស់អ្នក បើទោះបីជាវាតិចក្ដី ច្រើនក្ដីមិនថា៥០០៛ ១០០០៛ក៏ដោយ ដែលទាំងនេះគឺជាបញ្ហាដែលជនជាតិចិនបានយកចិត្តទុកដាក់បំផុត ប៉ុន្តែអ្នកត្រូវចាំថា បើខ្វះតែ១០០៛ ក៏មិនអាចគ្រប់១០០០០៛បានដែរ ដូចនេះអ្នកត្រូវយកលុយរាយនោះមកសន្សំទុកបន្ដិចម្ដងៗជារើយៗ ជារៀងរាល់ថ្ងៃ ជារៀងរាល់ខែរហូតដល់ពេលចាំបាច់សឹមយកមកប្រើប្រាស់ អ្នកក៏អាចបង្ហាញពីការចេះឱ្យតម្លៃលុយរបស់អ្នក។
២.កំណត់ការចាយវាយប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬក៏ប្រចាំខែ៖
សម្រាប់ក្បួនសន្សំលុយបែបនេះយុវជនខ្មែរយើងមិនសូវជាយកចិត្តទុកដាក់ធ្វើឡើយ តែផ្ទុយទៅវិញប្រជនចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហនេះ ហើយយុវជនក៏មិនសូវយកចិត្តទុកដាក់ពីលើការកត់ត្រាចំណាយរបស់ខ្លួនជាប្រចាំដែរ ដែលជាហេតុបណ្ដាលឱ្យពីមួយខែទៅមួយខែមិនឃើញសល់អ្វីសោះ ថែមទាំងចាយវាយមិនគ្រាន់ខ្វះមុខខ្វះក្រោយមិនចេះចប់។ ប៉ុន្តែវិធីសាស្រ្តនេះអាចធ្វើឱ្យលោកអ្នកបានដឹងថា មួយខែអ្នកចាយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះ ប្រសើរជាងមិនដឹងបាត់លុយទៅណា។
៣.កុំទិញរបស់ដោយប្រើអារម្មណ៍៖
ហើយយើងអាចហៅបានម្យ៉ាងទៀតថាទិញសម្រាម ដែលមានដូចជាខោអាវ កាបូប ស្បែកជើង ជាពិសេសគឺរបស់ថ្លៃៗនេះឯង។ នៅពេលដែលអ្នកឃើញរបស់មួយ អាចជាសម្លៀកបំពាក់តម្លៃត្រឹម២០០០០៛-៣០០០០៛ក្នុងមួយឈុតដោយមើលឃើញវាស្អាត អ្ននមានអារម្មណ៍ថាស្រឡាញ់ចង់បានវាភ្លាម ដោយមិនគិតពីលុយដែលអ្នកនឹងត្រូវបាត់បង់ដូរជាមួយខោអាវដែលពាក់បានតែម្ដង ពីរដងក៏បោះចោលទទេ។ ដូច្នេះហើយមុនសម្រេចចិត្តទិញរបស់យកមកប្រើប្រាស់អ្នកត្រូវគិតឱ្យបានច្បាស់លាស់ជាមុនសិន។
៤.ការកាត់បន្ថយការចេញទៅក្រៅ៖
នៅពេលដែលលោកអ្នកកាត់បន្ថយការចេញទៅក្រៅបានច្រើន នោះមានន័យថាលោកអ្នកកាត់បន្ថយការចំណាយបានច្រើនផងដែរ ប្រៀបដូចជា លោកអ្នកកាត់បន្ថយការមើលកុន កាត់បន្ថយការជួបជុំ កាត់បន្ថយផឹកស៊ី កាត់បន្ថយសាំង អាហារ ចំណាយលុយទៅលើរបស់របរប្រើប្រាស់ផ្សេងបានប្រសើរ នៅពេលដែលមកសាកបូកលុយរបស់លោកអ្នកក្រោយពេលដែលកាត់បន្ថយការចេញទៅក្រៅហើយនឹងសល់បានច្រើនជាក់ជាមិនខាន។
៥.កំណត់គោលដៅក្នុងការសន្សំ៖
នៅពេលដែលលោកអ្នកមានគោលដៅច្បាស់លាស់នៅក្នុងការសន្សំ នោះនឹងធ្វើឱ្យការសន្សំរបស់លោកអ្នកមានប្រសិទ្ធិភាពខ្ពស់ ឧទាហរណ៍លោកអ្នកសន្សំដើម្បីវិនិយោគឬក៏សម្រាប់បើកអជីវកម្ម នោះលោកអ្នកបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅថ្ងៃខែដែលលោកអ្នក ចង់វិនិយោគ ឬក៏ចង់បើកអជីវកម្មនោះជាការស្រេច ដែលជាការដាស់តឿនដល់ការចាយវាយរបស់លោកអ្នកឱ្យមានការប្រុងប្រយ័ត្នជាងមុន ហើយរឹតតែប្រឹងប្រែងធ្វើការងារបន្ថែមទៀត។
ប្រសិនបើអ្នកអនុវត្តទៅតាមក្បួនសន្សំប្រាក់ទាំង៥ចំណុចខាងលើនេះហើយ លោកអ្នកនឹងរើខ្លួនផុតពីការចាយលុយមិនគ្រប់គ្រាន់ ប៉ុន្តែជំនួសមកវិញដោយសល់នូវប្រាក់សន្សំបាន សម្រាប់ប្រើប្រាស់នៅពេលមានបញ្ហាជាបន្ទាន់ដែលលោកអ្នកត្រូវការលុយដើម្បីដោះស្រាយ។ ដូច្នេះហើយចូលលោកអ្នកព្យាយាមសន្សំប្រាក់លោកអ្នកឱ្យទទួលបានប្រសិទ្ធិភាព៕