សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុនភាគច្រើនតែងគិតថាការដែលបុគ្គលិកចេញ ហើយរើសចូលថ្មីគឺជារឿងធម្មតាសម្រាប់ក្រុមហ៊ុន។ ប៉ុន្តែប្រសិនបើមានករណីបុគ្គលិកល្អៗលាឈប់ច្រើនអាចលែងជារឿងធម្មតាដែលម្ចាស់ក្រុមហ៊ុនមិនគួរមិនអើពើ។ វាអាចមានបញ្ហាច្រើនពាក់ព័ន្ធនឹងកន្លែងដែលពួកគេធ្វើការហើយគោលនយោបាយ ឬបរិយាកាសក្រុមហ៊ុនគួរតែគិតគូរឡើងវិញ ដើម្បីរក្សាបុគ្គលិកដែលល្អសម្រាប់ជួយឱ្យក្រុមហ៊ុនរបស់ខ្លួនកាន់តែរីកចម្រើន។

១. ប្រើបុគ្គលិកធ្វើការច្រើនជ្រុលពេក

គ្មានអ្វីដែលឆាប់ធ្វើឱ្យបុគ្គលិកដាច់ចិត្តប្ដូរការងារបានលឿនដូចការបង្ខំឱ្យបុគ្គលិកធ្វើការច្រើនជ្រុលនិងគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។ ការប្រើខួរក្បាល និងកម្លាំងធ្វើការជាប់ៗគ្នាដោយមិនបានសម្រាកគឺជាការជំរុញឱ្យស្ត្រេសកាន់តែខ្លាំង និងបាត់បង់ភាពច្នៃប្រឌិត។ ដូច្នេះក្នុងករណីដែលអ្នកចង់បង្កើនទំហំការងារឱ្យបានបុគ្គលិកធ្វើច្រើនជាងមុនអ្នកក៏គួរតែគិតគូរដល់ការដំឡើងតួនាទី ឬផលប្រយោជន៍សម្រាប់ពួកគេផងដែរ។

២. ខំប្រឹងធ្វើការ តែមិនទទួលបានការសរសើរឬមានរង្វាន់លើកទឹកចិត្ត

ការដែលខំប្រឹងធ្វើការអស់ពីបេះដូង តែមិនដែលទទួលបានពាក្យសរសើរឬលើកទឹកចិត្តនេះហើយដែលធ្វើឱ្យបុគ្គលិកអស់ទឹកចិត្ត លែងស្រលាញ់ការងារដូចមុន។ អ្នកដឹកនាំមួយចំនួនមិនសូវបានចាត់ទុកចំណុចនេះថាជារឿងសំខាន់ឡើយតែសម្រាប់អ្នកធ្វើ វាគឺជារឿងសំខាន់ណាស់ក្នុងការជំរុញទឹកចិត្តបន្ថែមទៀត។ ដូច្នេះទោះបីចំណុចតូចតាចក៏ដោយ បុគ្គលិកគួរទទួលបានការសរសើរ ឬបង្ហាញពីចំណុចល្អរបស់ពួកគេដើម្បីឱ្យពួកគេមានអារម្មណ៍ថាមានតម្លៃ និងជាផ្នែកដ៏សំខាន់ក្នុងក្រុមការងាររបស់គេ។

៣. ប្រព័ន្ធគ្រប់គ្រងគ្មានភាពច្បាស់លាស់

ប្រសិនបើកន្លែងធ្វើការមួយដែលមានប្រព័ន្ធគ្រប់គ្រងច្របូកច្របល់ឬគ្មានការបែងចែកថ្នាក់គ្រប់គ្រងច្បាស់លាស់ សម្រាប់ឱ្យបុគ្គលិករាយការណ៍ផ្ទាល់នោះវានឹងប៉ះពាល់ដល់ផលិតភាពការងាររបស់បុគ្គលិក។ សាកស្រមៃទៅមើលថា ប្រសិនបើបុគ្គលិកម្នាក់ត្រូវរាយការណ៍ទៅបុគ្គល“ក” ផង និងបុគ្គល “ខ” ហើយបុគ្គលទាំងពីរនេះមានទស្សនៈផ្សេងគ្នា តើបុគ្គលិករូបនោះគួរធ្វើបែបណាដើម្បីតម្រូវចិត្តមេទាំងពីរនោះបាន?

៤. រើសមនុស្សខុសឱ្យមកគ្រប់គ្រងអ្នកចាស់

ចំណុចនេះក៏សំខាន់ណាស់ដែរ។ ការដែលរើសបុគ្គលិកថ្មីឱ្យមកកាន់តួនាទីធំ គឺជារឿងដែលថ្នាក់គ្រប់គ្រងត្រូវពិចារណា និងវិនិច្ឆ័យឱ្យបានលម្អិតព្រោះថាបើរើសបានមនុស្សត្រូវ មានសមត្ថភាពពិតប្រាកដ ក្រុមការងារដែលកំពុងមាននោះក៏នឹងរីកចម្រើនទៅមុខ។ ប៉ុន្តែប្រសិនបើរើសមនុស្សមិនត្រូវ គ្មានសមត្ថភាពពិតប្រាកដវិញនោះវានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បុគ្គលិកល្អដែលអ្នកកំពុងមាន ហើយប្រសិទ្ធភាពការងារក៏ធ្លាក់ចុះទៅតាមនោះដែរ។

៥.គ្មានកន្លែងដែលអាចអភិវឌ្ឍខ្លួនបាន

ការដាក់ពាក្យមកធ្វើការនៅកន្លែងមួយបុគ្គលិកមិនមែនចង់បានតែប្រាក់ខែដើម្បីចិញ្ចឹមខ្លួនតែមួយមុខនោះទេ។ ពួកគេត្រូវការការរៀនសូត្របន្ថែមពីជំនាញដែលពួកគេកំពុងធ្វើ ឬជំនាញដែលមានប្រយោជន៍ផ្សេងដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេជួយក្រុមហ៊ុនឱ្យដើរទៅមុខ បានប្រាក់ចំណេញច្រើន។ ផ្ទុយទៅវិញប្រសិនបើកន្លែងការងារនោះមិនបានយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពបុគ្គលិកនោះពួកគេក៏លែងមើលឃើញពីគុណតម្លៃក្នុងការបន្តធ្វើការនៅទីនោះទៀតដែរ។

៦. គោលនយោបាយក្រុមហ៊ុនបែបចាស់គំរិល និងមិនបើកចំហរ

កន្លែងធ្វើការមួយចំនួនមិនចូលចិត្តការបញ្ចេញមតិរបស់បុគ្គលិកឬចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់បុគ្គលិកឡើយ។ ដែលនេះជាហេតុនាំឱ្យបុគ្គលិកមានអារម្មណ៍ថាពួកគេមិនអាចបញ្ចេញសមត្ថភាពបានឱ្យអស់ ហើយត្រូវមកធ្វើតាមតែការបញ្ជាគ្មានសិទ្ធិក្នុងការជជែកវែកញែក ឬពិភាក្សារកចំណុចរួមមួយឡើយ។ ចំពោះកន្លែងការងារបែបនេះសម្រាប់បុគ្គលិកដែលមិនចង់រីកចម្រើនខ្លួនឯងអាចនឹងជាកន្លែងដ៏ល្អសម្រាប់ពួកគេ តែចំពោះអ្នកដែលត្រូវការអភិវឌ្ឍខ្លួនទៅមុខឥតឈប់ឈរនឹងគិតថាគួរប្ដូរកន្លែងចេញជាមិនខាន៕