នៅឆមាសទី១ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួន ១៤.២០៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៦៨,៥៦២,៧៩៣ដុល្លារ និងមានទិសដៅនាំចេញទៅកាន់អឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀតគឺប្រទេសចិន ដែលចំនួននេះ ធៀបនឹងក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកចំនួន ១៥.៥៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩,៣៣៦,៨៥៤ ដុល្លារ ទៅកាន់ទីផ្សារ អាស៊ី និងអូសេអានី។ នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្ម ។
បើយោងតាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសចិនបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៩ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញផ្លែចេកទៅកាន់ប្រទេសចិនបាន។ ហើយក្នុងនោះ ក្រុមហ៊ុន Longmate Agriculture Co., Ltd គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងកម្ពុជា-ចិនបានធ្វើការវិនិយោគដាំចេកអំបូងលឿង លើផ្ទៃដី ៤ ០០០ ហិកតា ក្នុងស្រុកឈូក ខេត្តកំពត និងបានចាប់ដំណើរការផលិតកម្មចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយនៅខែមករា ឆ្នាំ២០១៩ក្រុមហ៊ុនបានធ្វើការនាំចេញជាលើកដំបូងទៅទីផ្សារ៕