ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ សម្រាប់ទីផ្សារនៃការទិញលក់លើផ្នែកដីធ្លី នៅតែបន្តមានសកម្មភាពជាងផ្នែកដទៃទៀតនៃវិស័យអចលនទ្រព្យ ខណៈដែល​ទីផ្សារខ្លះកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងជាប់គាំងនៅឡើយនោះ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍នៅកម្ពុជាលោកឧកញ៉ា ម៉ន សុខា បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា បើទោះស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងវិ​បត្តិ​នៃជំងឺកូវីដនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារនៃការទិញលក់ដីធ្លីនៅតែមានសកម្មភាពជាងគេ បើធៀបទៅនឹងការទិញលក់និងវឌ្ឍនភាពនៃផ្នែកដទៃ​ក្នុងវិស័យអចលនទ្រព្យ។

លោកឧកញ៉ាបញ្ជាក់ថា៖“វិបត្តិកូវីដបានជះឥទ្ធិពលទៅដល់វិស័យផ្សេងៗដែលក្នុងនោះទីផ្សារអចលនទ្រព្យក៏ទទួលរងនូវសម្ពាធខ្លាំងផងដែរ រាប់ទាំងការ​សាង​សង់​សំណង់គម្រោងធំៗ ការទិញលក់ ជួលអចលនទ្រព្យទូទៅការអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋាន ក៏ដូចជាទីផ្សារដីឡូត៍ផងដែរ បើទោះជាសកម្មភាព​នៅ​មាន​ជាបន្តបន្ទាប់ក៏ដោយ”។

លោកឧកញ៉ា ម៉ន សុខា បានមានប្រសាសន៍ឲ្យដឹងថែមទៀតថា ការទិញដីសម្រាប់វិនិយោគនៅពេលបច្ចុប្បន្ននេះគឺមានសកម្មភាពជាងគេនៅក្នុងវិស័យ​អចលន​ទ្រព្យ​រួម ព្រោះអ្នកវិនិយោគភាគច្រើនបានមើលឃើញពីឱកាសនៃការទទួលបានចំណេញខ្ពស់នៅក្រោយពេលលក់ចេញវិញនៅពេលខាងមុខនេះ។

លោកឧកញ៉ាបញ្ជាក់ថា៖ “ពួកគេទិញនៅពេលនេះអាចមានតម្លៃទាប ឬធូរថ្លៃជាងទីផ្សារ មិនថាដីនៅក្នុងក្រុងជាយក្រុង ឬនៅតាមបណ្តាខេត្តដែល​មាន​សក្ដា​នុពលដទៃទៀតនោះទេ ហើយក្ដីរំពឹងទុកចំណេញច្រើនរបស់ពួកគេពីការលក់មិនមែនក្នុងពេលខ្លីនោះទេ ប៉ុន្តែជាការរំពឹងទុកក្នុងរយៈពេលវែងក្នុង​ចន្លោះពី ៣-៥ឆ្នាំខាងមុខនេះ ក្រោយពេលដែលបានស្រាកស្រានពីវិបត្តិជាស្ថាពរខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានជំរុញ​ការយកចិត្តទុកដាក់​ក្នុងការ​ចាក់​វ៉ាក់​សាំងឲ្យបានគ្រប់តាមផែនការក្នុងពេលដ៏ខ្លី”។ 

ជាមួយគ្នានេះលោកឧកញ៉ា ម៉ន សុខា បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ទាំងអ្នកទិញដីសម្រាប់ទុកវិនិយោគនិងអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍នានា សុទ្ធតែមានឱកាសចំណេញខ្ពស់ព្រោះក្រោយពេលវិបត្តិត្រូវបានកាត់បន្ថយច្បាស់ណាស់ថាតម្លៃដីធ្លីនៅស្ទើរគ្រប់ទីកន្លែងដែលមានសក្ដានុពលនឹងមានកា​រ​ឡើងថ្លៃជាក់ជាមិនខាននោះទេ៕