រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្លាយជា ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត សម្រាប់ឆ្នាំ២០២២ បន្តវេនពី លោក ហាគី ជូ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២១ ដែលបានបញ្ចប់អណត្តិ។

ពិធីផ្ទេរតំណែងប្រធាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ពីកូរ៉េមកកម្ពុជា និងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៣ ត្រូវបានធ្វើនាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨. ៣០នាទីព្រឹក ដោយមានការចូលរួមតាមប្រព័ន្ធអនឡាញ និងនៅសភាពាណិជ្ជកម្មកម្ពុជាផ្ទាល់ពី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារួម និង សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំង១៣ប្រទេស តំណាងអង្គការដៃគូររបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ភ្ញៀវជាតិ និងអន្តជាតិជាច្រើនរូប។ 

សម្រាប់អណត្តិថ្មីឆ្នាំ២០២២ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានកំណត់យកមូលបទ “ការតភ្ជាប់អាស៊ីខាងកើត សម្រាប់ការស្តារក្នុងតំបន់ប្រកបដោយ ថាមពល បរិយាបន្ន និងចីរភាព”និងបានដាក់ចេញនូវកម្មវិធីគាំទ្រចម្បងៗចំនួនបី គឺ 

  • ១) ការកែសម្រួលវិសាលភាពពាណិជ្ជកម្មក្នុងតំបន់ តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្សព្វផ្សាយអំពីការអនុវត្ត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងដើរតួជា យន្តការក្នុងការស្តារសេដ្ឋកិច្ច និងធុរកិច្ច ក្នុងតំបន់អាស៊ីខាងកើត 
  • ២) ការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ -១៩ តាមរយៈផលចំណេញ ពីប្រសិទ្ធភាព និងផលិតភាពនៃនវានុវត្តន៍ឌីជីថលសម្រាប់វិស័យធុរកិច្ចក្នុងតំបន់ និង 
  • ៣) ការកសាងឡើងវិញនូវខ្សែរច្រវាក់ផលិតកម្មតំបន់ដែលធន់នឹងវិបត្តិ និង ស្តារឡើងវិញនូវការធ្វើដំណើរឆ្លងដែនដោយសម្រាប់ធុរកិច្ចដោយរលូន និងប្រកបដោយសុវត្ថិភាព ស្របពេលជាមួយគ្នានោះ ក៏ជួយជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងសកម្មភាពធុរកិច្ច៕