សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

គិតធំ ជាចំនុចដែលមនុស្សជាច្រើនត្រូវបានគេបង្រៀនឱ្យអនុវត្តក្នុងជីវិត។ តាមពិតទៅ ការគិតធំមិនមែន​ជារឿងខុសឆ្គងនោះទេ តែដើម្បីធានាថាការគិតរបស់យើង​អាចគ្រប់ជ្រុងជ្រោយ រហូតសម្រេចកិច្ចការងារធំៗបាន យើងមិនគួរភ្លេចគិតពីចំណុចល្អិតៗក្នុងការរស់នៅនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Christopher Lee អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សបានបញ្ចាក់ថា មនុស្សម្នាក់ៗគួរចេះគិតឱ្យបានល្អិតល្អន់ ឬគិតពីចំនុចតូចៗ​ដែលជាចំណុចសំខាន់ ទ្រទ្រង់ដល់​រូបភាពធំៗ​។ លោកបានលើកឧទាហរណ៍ថា គំនូរដែលល្អ និងមានតម្លៃគឺជាគំនូរដែលផ្តោតសំខាន់ៗលើភាពល្អិតបំផុត ដោយក្នុងនោះរូបភាពណាមួយក៏ត្រូវតែលម្អិត និង​យកចិត្តទុកដាក់ដែរ។ 

បន្ថែមពីលើនេះ លោកក៏បានលើកឧទាហរណ៍ផងដែរថា បើគេប្រៀបធៀប​លើរថយន្តដែលមានតម្លៃបីបួនម៉ឺនដុល្លារនិង​រថយន្តដែលមានតម្លៃរាប់លានដុល្លារ មើលទៅមិនសូវខុសគ្នានោះទេលើផ្នែកធំៗ ដូចជាកង់ម៉ាស៊ីន ឬ​គ្រឿងខាងក្រៅជាដើម តែអ្វីដែលខុសគ្នាគឺធាតុល្អិតៗតូចៗក្នុងរថយន្តទាំងមូល។

លោកបានពន្យល់ថា រថយន្តដែលមានតម្លៃថ្លៃគឺជារថយន្តដែលលម្អិតបំផុត និងស្ទើរតែគ្រប់ទីកន្លែងត្រូវបានយកចិត្តទុកដាក់ធ្វើដោយដៃ និងច្បាស់លាស់បំផុត។ ហេតុនេះ ងាកមក​ជីវិតរបស់យើងក៏ដូចគ្នាដែរ កាលណាយើងចេះគិតដល់ចំណុចតូចៗនិងស៊ីជម្រៅ យើងនឹងមើលឃើញកាន់តែច្បាស់នូវអ្វីដែលជាធាតុផ្សំសំខាន់ៗ សម្រាប់អភិវឌ្ឍឬ​ធ្វើសកម្មភាពណាមួយ ប្រកបដោយភាពល្អឯកដែលគេធ្វើមិនបាន។

បន្ថែមពីលើនេះ លោក ម៉ៅ វិបុល ស្ថាបនិកហាងកាហ្វេ Brew house បានលើកឡើងថា ក្នុងការរកស៊ីចំណុចខ្លាំងដែលត្រូវយកចិត្តទុកដាក់ មិនប្រាកដថាជាចំណុចក្នុងរូបភាពធំៗនោះទេ តែវាអាចជាធាតុផ្សំល្អិតៗទៅវិញ។ឧទាហរណ៍ សម្រាប់វិស័យ​ម្ហូបអាហារ និងភេសជ្ជៈ យើងមើលឃើញថាកត្តាទីផ្សារសេវាកម្មអតិថិជន និងកត្តាបុគ្គលិកជាកត្តាសំខាន់ តែអ្វីដែលធ្វើឱ្យ​មានការខាតបង់ និងត្រូវបានគេមើលរំលង គឺភាពល្អិតល្អន់ក្នុងការគ្រប់គ្រងវត្ថុធាតុដើម។

សហគ្រិនខាងលើបានបញ្ជាក់ថា ទោះបីជាអាជីវកម្មទទួលបានការគាំទ្រប៉ុណ្ណាក៏ដោយ តែប្រសិនបើយើងជាម្ចាស់អាជីវកម្មផ្នែកនេះមិនចេះ​គ្រប់គ្រងវត្ថុធាតុដើម និងប្រើប្រាស់វិធីឆ្លាតវៃដើម្បីសន្សំសំចៃលើធាតុល្អិតៗ ដូចជាអគ្គិសនីនិងផ្នែកសំខាន់ៗជាច្រើនទៀត យើងអាចនឹងខាតបង់៕